Social Network

ប្រើបំពង់ពន្លត់អគ្គិភ័យបាញ់​ឱ្យ​​ហុយ​ផ្សែង ក្រោយយុវជនម្នាក់​ស្រែកគំរាម

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីយុវជនម្នាក់បានអះអាងថា ខ្លួនបានប្រើប្រាស់គ្រឿងញៀន ហើយខូចចិត្តរឿងស្រីស្នេហ៍បែកចិត្ត ទើបធ្វើឱ្យយុវជនម្នាក់នេះកាន់ពូថៅមួយកាប់ខ្លួនឯងបណ្តាលឱ្យរងរបួសតែម្តង ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៥៥នាទីព្រឹកថ្ងៃទី១ សីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលផ្ទះឡ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។តាមសេចក្តីរាយការណ៍បានឱ្យដឹងថា នៅពេលសមត្ថកិច្ចសួរនាំយុវជនខាងលើបានប្រាប់ថាខ្លួនឈ្មោះម៉ៅ អាយុ២២ឆ្នាំ មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ តែគេមិនដឹងថា បច្ចុប្បន្នយុវជនម្នាក់នេះស្នាក់នៅឯណានោះទេ ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងបន្តថា ដំបូងឡើយគឺគេបានដេញតាមយុវជនម្នាក់ខាងលើនេះតាំងពីម្តុំអាងទឹក តាមបណ្តោយផ្លូវវ៉េងស្រេង រហូតដល់ចំណុចផ្ទះជួលផ្ទះឡ ជិតសួនឧស្សាហកម្មកាណាឌីយ៉ា ។

បន្ទាប់មក គេឃើញយុវជនម្នាក់នេះបានកាន់ពូថៅមួយគំរាមដេញកាប់ប្រជាពលរដ្ឋ ពេលនោះក៏បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងនគរបាល និងកម្លាំងប្រជាការពារចុះមកជួយអន្តរាគមន៍ដល់កន្លែងកើតហេតុផងដែរ ។

តាមសេចក្តីរាយការណ៍បានបន្តទៀតថា ខណៈនោះយុវជនខាងលើបានស្រែកគំរាមមិនឱ្យនរណាម្នាក់ចូលទៅជិតខ្លួននោះទេ បើហ៊ានចូលមកជិត រូបគេនឹងកាប់សម្លាប់ខ្លួនឯងភ្លាម លុះនៅពេលកម្លាំងសមត្ថកិច្ចចូលទៅជិតស្រាប់តែយុវជនខាងលើបានយកពូថៅកាប់ក្បាលខ្លួនឯង បណ្តាលឱ្យរងរបួសតែម្តង ។

បន្ទាប់មកសមត្ថកិច្ចក៏បានប្រើបំពង់ពន្លត់អគ្គិភ័យបាញ់ដើម្បីឱ្យហុយផ្សែង ទើបធ្វើការចាប់ខ្លួនយុវជនម្នាក់នេះបានភ្លាមៗតែម្តង ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

ដកស្រង់់ពី៖កោះសន្តិភាព