Social Network

តាម​យូរ​មក​ហើយ​ចុង​ក្រោយ​ប៉ូលិស​ប្រើ​ល្បិចបញ្ឆោត​ខ្លា​ចេញពី​រូង​ទើប​ចាប់​បាន

ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅចុះបង្ក្រាបករណីជួញដូរនូវសារធាតុញៀនមួយកន្លែង ដែលមានទីតាំងស្ថិតនៅចំណុចភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់រួមនឹងវត្ថុតាងមួយចំនួន ។

បើតាមនគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា ការបង្ក្រាបករណីខាងលើគឺធ្វើឡើងដោយមានការសហការគ្នាជាមួយនគរបាលស្រុកកំរៀងខេត្តបាត់ដំបង តាមរយៈការស៊ើបអង្គេតលើជនសង្ស័យជាយូរមកហើយ និងតាមរយៈខ្សែបណ្តាញសំងាត់ទើបនគរបាលកំណត់មុខសញ្ញាបានតែម្តង ។

ប្រភពបានបន្តថា ជនសង្ស័យដែលឃាត់ខ្លូនមានឈ្មោះ ឃុត ប្រាក់ ហៅប្រាក់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានរួមមាន ម្សៅក្រាមពណ៌ស ដែលសង្ស័យថាជាសារធាតុញៀនចំនួន១៥កញ្ចប់ (០៣កញ្ចប់ធំ និង១២កញ្ចប់តូច) ប្រាក់រៀល ៩,៩៥០,០០០ (ប្រាំបួនលាន ប្រាំបួនសែន ប្រាំម៉ឺនរៀល) ប្រាក់ថៃចំនួន៤៧,០០០ បាត(បួនម៉ឺនប្រាំពីរពាន់បាត) ប្រាក់ដុល្លារ៣០៥ដុល្លារ (បីរយប្រាំដុល្លារ) លោហៈធាតុពណ៌លឿងមានខ្សែក.ចំនួន០១ខ្សែ និងខ្សែដៃចំនួន០១ខ្សែ ។

បច្ចុប្បន្នជនសង្ស័យខាងលើរួមនឹងវត្ថុតាងត្រូវបានប្រគល់ឱ្យកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំរៀងដើម្បីចាត់ការបន្តផងដែរព្រោះជាជនសង្ស័យដែលសមត្ថកិច្ចនគរបាលស្រុកកំរៀងកំណត់មុខសញ្ញាដើម្បីចាប់ខ្លូន ៕

ដកស្រង់ពី៖កោះសន្តិភាព