Social Network

គិត​ត្រឹម​រសៀល​នេះ​មិន​ទាន់​មាន​តម្រុយ​ពី​មុខសញ្ញា​លួច​ទូដែក​របស់​​ភរិយា​អតីត​មេបញ្ជាការ

ខេត្តមណ្ឌលគិរី ៖ គិតត្រឹមរសៀលថ្ងៃទី១១ ខែសីហា សមត្ថកិច្ចនៅមិនទាន់មានតម្រុយពីមុខសញ្ញាក្រុមជនសង្ស័យលួចទូដែកនៅស្រុកកែវសីមាឡើយទេ ខណៈសមត្ថកិច្ចជំនាញកំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើករណីក្រុមជនសង្ស័យលួចទូដែកដាក់ទ្រព្យសម្បត្តិរបស់ភរិយាអតីតមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ។

សូមរំលឹកថា ទូដែកដែលមានលុយ ព្រមទាំងមាសជាង១០តម្លឹងនៅក្នុងផ្ទះអតីតមេបញ្ជាការយោធាខេត្តមណ្ឌលគិរី ត្រួវបានក្រុមជនសង្ស័យលួចទៅបាត់ដោយសុវត្ថិភាព ដែលហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាអាធ្រាត្រថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយម្ចាស់ផ្ទះអះអាងថារវល់ចេញទៅក្រៅតាំងពីល្ងាចរហូតដល់យប់ជ្រៅទើបត្រឡប់ទៅផ្ទះវិញ ក៏ដឹងថា បាត់ទូដែកពីផ្ទះទៅហើយ។

តាមសេចក្តីរាយការណ៍បានបន្តថា នៅយប់កើតហេតុ ម្ចាស់ផ្ទះខាងលើដែលគេស្គាល់ឈ្មោះ លោក ឃិន ម៉េងស្រេង ពុំបាននៅផ្ទះនោះទេ ដោយទុកឲ្យមនុស្សម្នាក់នៅចាំផ្ទះ។

ចំណែកទ្រព្យសម្បត្តិក្នុងទូដែករួមមាន ៖ មាសចំនួន១១តម្លឹង, ប្រាក់ចំនួន១៥០០០ដុល្លារ, ប្រាក់រៀលចំនួន១០លានរៀល, ខ្សែកពេជ្រ និងចិញ្ជៀនពេជ្រ តំលៃ១៥៥០០ដុល្លា, ខ្សែកនិងខ្សែដៃប្លាទីនតំលៃ១២០០ពាន់ដុល្លារ។

ដកស្រង់ពី៖កោះសន្តិភាព