Social Network

របួសព្រោះទៅហៅប្រពន្ធ​ កំពុង​នៅ​ផ្ទះ​ប្រុស

ខេត្តកំពង់ឆ្នាំង៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរសជនជាតិវៀតណាមម្នាក់រងរបួសបែកក្បាល ដោយសារត្រូវបុរសម្នាក់ដែលសង្ស័យជាប្រុសសហាយប្រពន្ធ រួមនិងបក្សពួកម្នាក់ទៀត បានយកបំពង់ដែកព្រួតវាយមកលើខណៈមានជម្លោះនឹងគ្នា ក្នុងគ្រាដែលបុរសជាប្តីរូបនេះ ទៅតាមប្រពន្ធដែលកំពុងនៅផ្ទះរបស់ជនដៃដល់ឱ្យត្រឡប់ទៅផ្ទះវិញ ។

ករណីហិង្សានេះ កើតឡើងកាលពីវេលាម៉ោងជាង៣រសៀលថ្ងៃទី១២ សីហា រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ក្រោយពេលកើតហេតុ ជនរងគ្រោះជាប្តី ត្រូវបានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកជនដៃជាសហាយ និងបក្សពួកម្នាក់ទៀត ត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ។

ប្រភពបន្តថា បុរសរងគ្រោះជាប្តីឈ្មោះ ឡេ យ៉ាំងជី អាយុ៣១ឆ្នាំ មានប្រពន្ធ ឈ្មោះង្វៀង ធីកុក អាយុ២៦ឆ្នាំ មានមុខរបរនេសាទត្រី និងស្នាក់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំ ។ ចំណែកដៃដល់ទាំងពីរនាក់ ម្នាក់ ឈ្មោះង្វៀង យ៉ាំងលីន អាយុ២៤ឆ្នាំ ជាប្រុសសាហាយ របស់ប្រពន្ឋជនរងគ្រោះ ចំណែកបក្សពួកម្នាក់ទៀតឈ្មោះង្វៀង យ៉ាំងយឿង អាយុ២៤ឆ្នាំ ពួកគេទាំងពីរនាក់ ជាជនជាតិវៀតណាម រស់នៅភូមិសង្កាត់ជាមួយគ្នា ។

ប្រភពបន្តថា នៅមុនពេលកើតហេតុ បុរសជាប្តីបានមកពីរាយសន្ទូចវិញ រកប្រពន្ធនៅផ្ទះមិនឃើញ ក៏សួរ អ្នកជិតខាង ហើយគេប្រាប់ថា នាងទៅផ្ទះរបស់ឈ្មោះ ង្វៀង យ៉ាំងលីន ។ គ្រាន់តែឮថា ប្រពន្ធខ្លួនទៅនៅផ្ទះប្រុសផ្សេង បុរសជាប្តីមានការខឹងជាខ្លាំង ហើយបានដើរទៅតាមប្រពន្ធ ។

ពេលទៅដល់បុរសជាប្តីបានស្រែកហៅ ប្រពន្ឋអោយត្រឡប់ទៅផ្ទះ តែប្រពន្ធមិនទាន់ចេញមកស្រួលបួលផង ក៏កើតរឿងឈ្លោះ ប្រកែកគ្នា រវាងប្តីនិងប្រុសសាហាយ រហូតឈានដល់ ការប្រើហិង្សា ដោយបុរសជាសហាយនិងបក្សពួកម្នាក់ទៀតយកដំបងដែក ព្រួតវាយទៅលើជនរងគ្រោះជាប្តី ចំក្បាល ផ្នែកខាងឆ្វេង និងចំកណ្តាលក្បាល បណ្តាលអោយបែក ហូរឈាមស្រោចខ្លួន ចំណែកកជើង ខាងឆ្វេងក៏រងរបួសបែកចេញឈាមដែរ ។

ដកស្រង់ពី៖កោះសន្តិភាព