Social Network

នាង​ត្រូវ​លោក​ប្តី​សំពង​នឹង​អង្រែ​ទាំង​ព្រឹក ព្រោះ​ហ៊ាន​សួរ​រឿង​ដើរ​ដាច់​យប់

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍ចោមចៅ៣ សុំឲ្យនគរបាលជួយអន្តរាគមន៍ ក្រោយ ពីត្រូវប្ដីវាយរហូតដល់រងរបួសគ្រេចស្មា ដោយនាងចោទប្រកាន់ថា ប្ដីរបស់នាងចេញពីផ្ទះទៅចូលរួមក្នុងកម្មវិធីខួបកំណើតមិត្តភក្តិ ហើយមិនបានត្រឡប់ចូលផ្ទះវិញឡើយគឺបាត់ពេញ១យប់មិនដឹងថា ទៅមាន ស្រីញីនៅខាងក្រៅឬបែបណាទេ ។

លុះព្រឹកឡើងទើបត្រឡប់ចូលផ្ទះវិញ ក៏បានសួរនាំរឿងដើរដាច់យប់នេះ ព្រមទាំងស្ដីបន្ទោសបន្តិចបន្តួច ស្រាប់តែលោកប្ដីយកអង្រែបុកគ្រឿងវាយ ព្រមទាំងទាត់ធាក់និងយកកាំបិតរុញផ្ទប់កគំរាមសម្លាប់ទៀត បណ្ដាលឲ្យនាងរងរបួសគ្រេចស្មាតែម្ដង ។

ហេតុការណ៍នេះ កើតឡើងកាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅបន្ទប់ផ្ទះជួលក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ បន្ទាប់មកនាងជាប្រពន្ធ បានធ្វើដំណើរទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ នាវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែលនោះ ហើយក្រោយមក នាងក៏ត្រូវបានក្រុមសង្គ្រោះអង្គភាព៧១១ ទៅជួយពិនិត្យមើលអាការរបួសដល់ប៉ុស្តិ៍ចោមចៅ៣ផងដែរ ។

ស្ត្រីរូបនេះឈ្មោះ យាប់ ចិន្តា អាយុ៣២ឆ្នាំ ជាកម្មការិនីរោងចក្រ មានស្រុកកំណើតនៅភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ចំណែកបុរសជាប្ដីឈ្មោះ ម៉េង ពន្លក អាយុ៣០ឆ្នាំ ជាជាងជួសជុលរថយន្ត និងមានស្រុកកំណើតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ស្ត្រីខាងលើបានឲ្យដឹងថា រូបនាងនិងប្តីបានស្រឡាញ់គ្នានិងរស់នៅជាមួយគ្នាជាប្ដីប្រពន្ធនេះរយៈពេលជាង៣ឆ្នាំមកហើយ ដោយមិនបានរៀបការឡើយ ប៉ុន្តែមានការទទួលស្គាល់ពីឪពុកម្ដាយនិងសាច់ញាតិទាំងសងខាង ព្រមទាំងបង្កើតបានកូនប្រុសម្នាក់ ដែលបច្ចុប្បន្នមានអាយុទើបតែ៨ខែប៉ុណ្ណោះ ។

ការរស់នៅជាមួយគ្នាកន្លងទៅនេះ នាងនិងប្ដីស្រឡាញ់គ្នាណាស់ ហើយនាងតែងតែគិតថាបើបែបនេះតទៅនឹងមានសុភមង្គល និងទទួលបានភាពកក់ក្ដៅពីលោកប្ដីជារៀងរហូតមិនខានឡើយ ។

ស្ត្រីរូបនេះនិយាយទៀតថា ផ្ទុយទៅវិញបញ្ហាបានកើតឡើងចៀសមិនផុត ដោយនៅយប់ថ្ងៃទី១១ ខែសីហា ប្តីរបស់នាងបានចាកចេញពីបន្ទប់ផ្ទះជួលទៅចូលរួមកម្មវិធីខួបកំណើតមិត្តភក្តិ ហើយនាងក៏មិនបានឃាត់ឃាំងអ្វីដែរ ទៅក៏ទៅចុះ សូមឲ្យតែលោកប្ដីវិលត្រឡប់មកផ្ទះវិញ។

ប៉ុន្តែមិនដូច្នោះទេ ក្រោយពីចាកចេញទៅស្រាប់តែបាត់ពេញមួយយប់តែម្តង ដោយមិនដឹងថា ប្ដីមានសុខទុក្ខបែបណា ជាហេតុធ្វើឲ្យនាងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពប្ដី និងទទឹងចាំមើលផ្លូវប្ដីយ៉ាងអន្ទះសា ព្រមទាំងបន់ព្រះសំពះទេវតាសុំឲ្យប្ដីបានសុខ ។

ប្រភពដដែលបន្តថា លុះរហូតដល់ព្រឹកថ្ងៃទី១២ ខែសីហា ទើបលោកប្តីវិលត្រឡប់ចូលដល់បន្ទប់ជួលវិញ ហើយនាងត្រេកអរពេលដែលប្ដីមានសុវត្ថិភាព តែក៏ខឹងរឿងប្ដីដើរដាច់យប់ផងដែរ ទើបសួរនាំពីមូលហេតុនៃការដើរដាច់យប់នេះ ព្រមទាំងស្តីបន្ទោសបន្តិចបន្តួចផងដែរ ។

ប៉ុន្តែបែរជាប្ដីខឹងច្រឡោតតូងហើយក៏មានការ ទាស់ទែងគ្នាកើតឡើង ស្រាប់តែប្ដីយកអង្រែបុកគ្រឿងមកវាយ ព្រមទាំងទាត់ធាក់រូបនាងឥតមេត្តា ។ មិនតែប៉ុណ្ណោះ បានយកកាំបិតរុញផ្ទប់កបណ្តាលឲ្យមុតរងបួស និងគ្រេចស្មាឆ្វេង ទើបនាងទ្រាំលែងបានក៏ធ្វើដំណើរទៅប្តឹងនគរបាលឲ្យជួយរកយុត្តិធម៌ ។

ចំណែកនគរបាលប៉ុស្តិ៍ចោមចៅ៣ ក៏បានទទួលពាក្យបណ្ដឹង និងកំពុងស្វែងរកបុរសជាប្ដីដើម្បីឃាត់ខ្លួននាំមកសាកសួរចាត់ការតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព