Social Network

នាង​ខឹង​រឿង​…​ទើប​កូនស្រី​ប្តឹង​ថា​ឪពុក​លាក់​ទុក​គ្រាប់បែក

ខេត្តកំពត ៖ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកំរឹតធ្ងន់ស្នងការខេត្តបានឲ្យដឹងថា មានករណីអំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើងដោយសារយុវជនម្នាក់ជាប្អូនបានវាយបងស្រី ហើយបងស្រីខឹងឪពុកកាន់ជើងយុវជនជាប្អូនទៀតនោះ ទើបកូនស្រីបានរាយការណ៍ប្រាប់សមត្ថកិច្ចថា ឪពុកលាក់ទុកគ្រាប់បែក បន្ទាប់មកសមត្ថកិច្ចឃាត់ខ្លួនទាំងឪពុក និងកូនប្រុសកាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិដំណាក់កន្ទួត ឃុំឃ្ជាយខាងជើង ស្រុកដងទង់ ខេត្តកំពត។ជនសង្ស័យជាឪពុកឈ្មោះទេស ខ្មៅ អាយុ៥៥ឆ្នាំ ចំណែកជនសង្ស័យជាកូនប្រុសឈ្មោះប៊ិន យ៉ា អាយុ១៨ឆ្នាំ និងកូនស្រីឈ្មោះប៊ិន សឿ អាយុ២៣ឆ្នាំ ។

អ្នកទាំង៣រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មានករណីប្រើអំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើង តែគេមិនដឹងថាផ្តើមចេញពីរឿងអ្វីនោះទេ ដោយយុវជនម្នាក់ជាប្អូនបានវាយទៅលើបងស្រី លុះពេលឪពុកឃើញហើយមិនព្រមអប់រំ ឬណែនាំកូនប្រុសដែលជាជនបង្កនោះទេ បែរជាកាន់ជើងទៅវិញ ធ្វើឱ្យកូនស្រីខឹងឪពុកមានភាពលំអៀងទៅលើប្អូនប្រុសដែលវាយមកលើខ្លួននោះ ទើបកូនស្រីដែលរងអំពើហិង្សាខាងលើនោះបានមកប្តឹងសមត្ថកិច្ចថា ឪពុកមានគ្រាប់បែកដៃមួយគ្រាប់លាក់ទុកក្នុងផ្ទះ ហើយពេលស្រវឹងស្រាម្តងៗតែងតែយកគ្រាប់បែកនោះមកគំរាមកូនចៅនៅក្នុងផ្ទះ ។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើភ្លាម កំលាំងអធិការនគរបាលស្រុកដងទង់ បានចុះទៅឃាត់ខ្លួនពីរនាក់ឪពុកនិងកូននាំមកកាន់អធិការនគរបាលស្រុកដងទង់ និងដកហូតវត្ថុតាងគ្រាប់បែកដៃមួយគ្រាប់ផងដែរ ។

បន្ទាប់ពីពីធ្វើការសាកសួររួច សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ឪពុកនិងកូនមកកាន់ស្នងការនគរបាលខេត្តកាលពីល្ងាចថ្ងៃទី១៣ សីហា ឆ្នាំ២០១៩ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព