Social Network

ដេកក្នុងអង្រឹងសុខៗ​ គ្រាន់តែ​ឮសំឡេងប្អូនស្រី​ ស្ទុះទៅយក​ដំបង​ឈើ​​

ខេត្តសៀមរាប ៖ បុរសម្នាក់សង្ស័យមានសតិមិនគ្រប់ ខណៈកំពុងដេកក្នុងអង្រឹងសុខៗ ស្រាប់តែស្ទុះទៅយកដំបងឈើជ្រុងវាយប្អូនស្រីបង្កើត បណ្តាលឱ្យស្លាប់ ដោយជនសង្ស័យអះអាងថា បានឮស្ត្រីរងគ្រោះជាប្អូនជេរខ្លួនថា «អាគេបាញ់» ។ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិដំដែកលើ ឃុំដំដែក ស្រុកសូនិគម ខេត្តសៀមរាប ។

ជនសង្ស័យជាបងឈ្មោះ រុន រ៉ូម ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅជាមួយស្ត្រីរងគ្រោះដែលត្រូវជាប្អូនបង្កើត ចំណែកជនរងគ្រោះដែលស្លាប់ឈ្មោះ លឹម រ៉ានី ភេទស្រី អាយុ៣៣ឆ្នាំ ត្រូវជាប្អូនបង្កើត ។ អ្នកទាំង២រស់នៅភូមិឃុំកើតហេតុខាងលើ ។តាមប្រភពពីសាក្សីដែលអ្នកជិតខាងបានប្រាប់សមត្ថកិច្ចឱ្យដឹងថា មុនកើតហេតុ គេឃើញស្ត្រីរងគ្រោះកំពុងធ្វើការងារផ្ទះជាមួយកូនម្នាក់ ចំណែកជនសង្ស័យកំពុងដេកនៅក្នុងអង្រឹង ។

ពេលនោះគេមិនដឹងថាមានរឿងអ្វីទេ ស្រាប់តែជនសង្ស័យបានស្ទុះចេញពីក្នុងអង្រឹងទាញដំបងឈើជ្រុងរត់ទៅ វាយសំពងស្ត្រីរងគ្រោះរហូតដល់ស្លាប់តែម្តង ។ នៅចំពោះសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខណៈខ្លួនកំពុងដេកបានឮស្ត្រីរងគ្រោះជាប្អូនជេរខ្លួនថា «អាគេបាញ់» ទើបខ្លួនខឹងក៏ចុះពីលើអង្រឹងទៅទាញដំបងឈើជ្រុងវាយ បណ្ដាលឲ្យបែកក្បាលដួលសន្លប់នៅលើគ្រែ បន្ទាប់មកខ្លួនក៏បានដើរទៅដេកក្នុងអង្រឹងវិញ ស្រាប់តែមានអ្នកស្រុកដែលកំពុងដកសំណាបក្បែរនោះបាននាំគ្នាមកមើល ឃើញប្អូនស្រីរបស់ខ្លួនរងរបួសធ្ងន់ហូរឈាមជោកបែបនេះ ក៏នាំគ្នាដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យដែរ ប៉ុន្តែហួសពេលទៅហើយ ព្រោះរបួសធ្ងន់ធ្ងរពេក ស្ត្រីរងគ្រោះក៏បានស្លាប់បាត់បង់ជីវិតតែម្តង ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានបានចាប់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព