Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គួរឱ្យខ្លាច…​ប្រទះ​មនុស្សកាប់ឆៅៗ ខណៈ ទើបអារ.កប្រពន្ធ​ហើយ

  • Print

ខេត្តត្បូងឃ្មុំ ៖ ពិតជាសាហាវឃោរឃៅ និងព្រៃផ្សៃពេកណាស់ ដែលបុរសម្នាក់ឈ្មោះឆយ ឈឿន អាយុ៥២ឆ្នាំ បានយកកណ្តៀវអារកប្រពន្ធនិងយកកាំបិតកាប់ក្បាលបន្ថែមទៀតនៅលើផ្ទះឈើរបស់ខ្លួន បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអាធ័ម កាលពីវេលាម៉ោងប្រមាណ៤និង៣០នាទីទៀបភ្លឺថ្ងៃទី៦ តុលា នៅភូមិមុខភ្នំ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ។

ក្រោយកើតហេតុ បុរសជាប្តីរូបនេះក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន ដោយដកហូតបានកាំបិត២និងកណ្តៀវ១ជាវត្ថុតាង ។លោកវរសេនីយ៍ទោ វ៉ា សម្បត្តិ អធិការរងនគរបាលស្រុកក្រូចឆ្មារឲ្យដឹងថា ពេលទទួលបានព័ត៌មានពីហេតុការណ៍មនុស្សឃាតយ៉ាងសាហាវឃោរឃៅនេះ រូបលោកបានដឹកនាំកម្លាំងនគរបាលស្រុកនិងប៉ុស្តិ៍ឃុំទួលស្នួលទៅកាន់ផ្ទះកើតហេតុជាបន្ទាន់ និងឃើញបុរសជាឃាតករនៅលើផ្ទះរបស់ខ្លួន ។

បុរសនេះបានដើរតម្រង់មករករថយន្តរបស់សមត្ថកិច្ច និងកាប់ត្រូវមន្ត្រីនគរបាលម្នាក់ឈ្មោះ ឆេ ឡាង អាយុ៤៩ឆ្នាំ ជានាយរងប៉ុស្តិ៍ទួលស្នួលចំក្បាលរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅព្យាបាលនៅរាជធានីភ្នំពេញ ។

លោកអធិការរងបន្តថា ភ្លាមៗនោះ សមត្ថកិច្ចបានស្ទុះទៅចាប់ជនកំណាចនេះពេលបម្រុងកាប់បន្ថែម១កាំបិតទៀតទៅលើមន្ត្រីនគរបាលប៉ុស្តិ៍ ។ ស្ត្រីជាប្រពន្ធឈ្មោះ ខាន់ តូច អាយុ៥៤ឆ្នាំ ឃើញមានស្នាមអារកដោយកណ្តៀវនិងស្នាមកាប់ត្រូវក្បាល ហើយក្រោយពីពិនិត្យរួចក៏ប្រគល់សពឱ្យទៅសាច់ញាតិដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ។

អ្វីដែលគួរឱ្យខ្លោចផ្សាក្នុងចិត្តនោះ គឺប្តីប្រពន្ធនេះបានបន្សល់ទុកកូនប្រុសម្នាក់អាយុ១០ឆ្នាំ ដែលពេលនេះក្លាយជាក្មេងកំព្រាដោយសារម្តាយស្លាប់ចោល ឯឪពុកត្រូវដេកគុក ។ តាមប្រភពព័ត៌មានថា មុនកើតហេតុ១ថ្ងៃ ប្រពន្ធបាននាំបុរសជាប្តីដែលមានអារម្មណ៍រវើរវាយទៅស្រោចទឹករំដោះគ្រោះ ។ គ្រាន់តែជិះម៉ូតូទៅជិតដល់វត្ត បុរសជាប្តីបានឈប់ម៉ូតូមិនព្រមចូលទៅក្នុងវត្តឲ្យព្រះសង្ឃស្រោចទឹកឲ្យនោះទេ រួចក៏ត្រឡប់មកផ្ទះវិញ ។

លុះនៅវេលាទៀបភ្លឺថ្ងៃទី៦ ខែតុលា ក៏កើតមានហេតុការណ៍បែបនេះតែម្តង ។ នាព្រឹកថ្ងែទី៧ ខែតុលា បុរសជាប្តីដែលក្លាយទៅជាឃាតករ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ។

រីឯនាយរងប៉ុស្តិ៍នគរបាលទួលស្នួលដែលរងរបួសធ្ងន់ ត្រូវបានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត ហើយក្នុងពេលស្នាក់នៅព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ត្រូវបានលោកឧបនាយរដ្ឋមន្ត្រី ជា សុផារ៉ា ជួយចេញថ្លៃព្យាបាលរួមនឹងការស្នាក់នៅសព្វបែបយ៉ាងផងដែរ ។

បុរសជាប្តីឈ្មោះ ឆយ ឈឿន បានឆ្លើយថា នៅវេលាម៉ោងប្រហែល៣ទៀបភ្លឺ ខ្លួនចេះតែស្រមៃរវើរវាយឃើញគេមករករឿង ពេលនោះខ្លួនក៏បានយកកាំបិតផ្គាក់ចុះមកដី តែប្រពន្ធឃាត់មិនឲ្យចុះហើយទាញទ្វារបិទ ។

បន្ទាប់មក ប្រពន្ធបានយកកាំបិតផ្គាក់ពីខ្លួនបោះមកដី រហូតដល់ម៉ោងប្រហែល៤ទៀបភ្លឺ ខ្លួនខឹងពេកក៏ចាប់ប្រពន្ធក្រៀកករួចយកកណ្តៀវមកអារក និងផ្តួលទៅលើរនាបផ្ទះ ហើយឃើញមិនទាន់ស្លាប់ក៏យកកាំបិតផ្គាក់មកកាប់បន្ថែមត្រូវក្បាល១កាបិតទៀតបណ្តាលឲ្យស្លាប់ ។

ក្រោយពីកាប់រួច ខ្លួនបានកាន់កាំបិតចុះមកដី រួចដើរទៅដើរមកតាមផ្លូវនិងដើរចូលមកក្នុងផ្ទះវិញ ឡើងលើផ្ទះឃើញក្មួយខាងប្រពន្ធឈ្មោះ ខាន់ រស្មី កំពុងតែលើកម្តាយមីងគ្រាហ៍ឡើង ក៏កាប់ត្រូវ១កាំបិតហើយលោតចុះរត់គេចខ្លួន ។ បន្ទាប់មកទៀត ឃើញរថយន្តរបស់សមត្ថកិច្ចមកដល់ ខ្លួនក៏យកកាំបិតស្ទុះទៅកាប់និងមានការប្រវាយប្រតប់គ្នា និងចុងក្រោយត្រូវសមត្ថកិច្ចចាប់ជាប់ ។ សូមបញ្ជាក់ថា បុរសជាប្តីនេះក៏ធ្លាប់ជាអតីតទាហានខ្មែរក្រហមផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព