Social Network

ពិតជា​ទំពាំង​ស្អុយ​មែន នាំ​គ្នា​សម្ងំ​ក្នុង​បន្ទប់​ជួល​ស្ងៀមឈឹង​ទាល់តែ​ប៉ូលិស​ទៅ​អូស​.​ក

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចបានដាក់គោលដៅត្រួតពិនិត្យចរាចរណ៍ផ្លូវគោក អាវុធជាតិផ្ទុះ គ្រឿងញៀន និងបទល្មើសព្រហ្មទណ្ឌ នៅចំណុចភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ដោយធ្វើការត្រួតពិនិត្យមធ្យោបាយធ្វើដំណើរក្នុងនោះឃាត់ជនសង្ស័យចំនួន២នាក់ធ្វើការសាកសួរ និងធ្វើតេស្តស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+)សមត្ថកិច្ចក៏បានចាប់ខ្លួន នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១ព្រឹក នៅតាមដងផ្លូវជាតិលេខ១ ។

យោងតាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទាំង២នាក់ទី១-ឈ្មោះ ផន សុអាន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃអង្គុញ សង្កាត់ច្រកម្ទេស ក្រុងបាវិត និងទី២-ឈ្មោះ ឃៅ រដ្ឋា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត សមត្ថកិច្ចធ្វើការដកហូតសម្ភារវត្ថុតាងរួមមានម៉ូតូ០១គ្រឿង និងទូរស័ព្ទដៃ០២គ្រឿង ។

ប្រភពបានបន្តទៀតថា នៅវេលាម៉ោង៣និង១០នាទីរសៀលក្រោយពីបានចម្លើយសារភាពរបស់ឈ្មោះ ផន សុអាន ឆ្លើយប្រាប់សមត្ថកិច្ចនោះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ និងកម្លាំងប៉ុស្តិ៍ឃុំស្វាយតាយាន បន្តស្រាវជ្រាវឃាត់ខ្លួនបក្ខពួកជនសង្ស័យចំនួន១០នាក់បន្ថែមទៀតដែលស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ។

ដកហូតសម្ភារវត្ថុតាងបន្ថែមរួមមានម៉ូតូចំនួន០៤គ្រឿង, ទូរស័ព្ទដៃ០៤គ្រឿង, ដាវសាំម៉ូរ៉ៃចំនួន០៣ដើម, ដែកអក្សរ T ចំនួន០១, សម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនចំនួនមួយឈុតទៀត បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនធ្វើការសាកសួរ និងកសាងសំណុំរឿងទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕

ដកស្រង់ពិ៖កោះសន្តិភាព