Social Network

ប្រតិប​ត្តិ​ការរបស់ស្ថានទូតចិនក្របួច​​ពួក​ឧក្រិដ្ឋ​ចិន​ចាប់​ជម្រិត​​​នៅ​ភ្នំពេញ​​ និងកំពត

រាជធានីភ្នំពេញ ៖ ជនជាតិចិន៥នាក់បានត្រូវស្ថានទូតចិនឃាត់ខ្លួនប្រគល់ឲ្យនគរបាលខណ្ឌទួលគោកចាត់ការតាមច្បាប់ បន្ទាប់ពីក្រុមជននេះធ្វើសកម្មភាពចាប់ជំរិតជនជាតិចិនដូចគ្នាយកប្រាក់អស់ប្រមាណ ៣ពាន់ដុល្លារកាលពី១២ថ្ងៃមុន នៅសណ្ឋាគារឡាក់គីស្តារ៍២ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។

ការឃាត់ខ្លួនជនសង្ស័យចាប់ជំរិតនេះ ធ្វើឡើងកាលពីវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី៨ ខែតុលា នៅស្ថានទូតចិន ស្ថិតនៅតាមមហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ខណៈជនរងគ្រោះធ្វើដំណើរទៅស្ថានទូតជួបជនសង្ស័យ ក៏ប្តឹងស្ថានទូតនិងរាយការណ៍ប្រាប់សមត្ថកិច្ច ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មាន ១-ឈ្មោះ Yan Hangkai ភេទប្រុស អាយុ១៩ឆ្នាំ ២-ឈ្មោះ Zhang Yang ភេទប្រុស អាយ២០ឆ្នាំ ៣-ឈ្មោះ Li Xinmao ភេទប្រុស អាយុ១៨ឆ្នាំ ៤-ឈ្មោះ Wang Yanjim ភេទប្រុស អាយុ១៩ឆ្នាំ និង៥-ឈ្មោះWang Yang ភេទស្រី អាយុ១៨ឆ្នាំ ។ពួកគេជាអ្នកទេសចរ តែពុំមានលិខិតឆ្លងដែនទេ ស្នាក់នៅផ្ទះសំណាក់«ផ្ទះមាស» ផ្លូវលេខ៣៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ។ ចំណែកជនរងគ្រោះឈ្មោះ Washi Long ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅសណ្ឋាគារឡាក់គីស្តារ៍២ កន្លែងកើតហេតុ ។

តាមព័ត៌មានថា ការឃាត់ខ្លួនជនសង្ស័យដោយជាប់ពាក់ព័ន្ធនឹងករណីចាប់ជំរិតជនជាតិចិនដូចគ្នា ដោយចាប់វាយជនរងគ្រោះហើយថតបង្ហោះផ្ញើទៅបងប្អូននៅប្រទេសចិន ដើម្បីឲ្យក្រុមគ្រួសារផ្ញើប្រាក់ជាថ្នូរនឹងការដោះលែង ។

នៅក្នុងការជំរិតជនរងគ្រោះនេះ គឺបានទារប្រាក់ប្រមាណ៣ពាន់ដុល្លារ តែក្រោយមកជនរងគ្រោះបានរត់រួច ។ តាមព័ត៌មានឱ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានបាត់លិខិតឆ្លងដែនហើយក៏ទាក់ទងក្រុមជនសង្ស័យដើម្បីឱ្យជួយធ្វើលិខិតស្នាមនៅស្ថានទូតចិន ឯជនសង្ស័យក៏មកជួបជនរងគ្រោះនៅសណ្ឋាគារខាងលើ ។

នៅពេលទៅជួបនោះ ក្រុមជនសង្ស័យក៏ចាប់ជនរងគ្រោះវាយដំបណ្តាលឱ្យរបួស រួចថតបង្ហោះផ្ញើទៅក្រុមគ្រួសារនៅប្រទេសចិនដើម្បីជំរិតយកប្រាក់ ។

លុះនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះរត់រួច និងបានធ្វើដំណើរទៅស្ថានទូតនៅព្រឹកថ្ងៃទី៨ ខែតុលា ស្រាប់តែប្រទះឃើញជនសង្ស័យ ក៏ប្តឹងស្ថានទូតនិងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង ។បន្ទាប់ពីឃាត់ខ្លួន ដោយសារតែទីកន្លែងដែលធ្វើសកម្មភាពចាប់ជំរិតនៅក្នុងខណ្ឌទួលគោក ទើបស្ថានទូតនិងនគរបាលខណ្ឌចំការមន ក៏បានប្រគល់ឱ្យសមត្ថកិច្ចខណ្ឌទួលគោកនៅវេលារសៀលថ្ងៃដដែល ដើម្បីកសាងសំណុំរឿងចាត់ការតាមចច្បាប់ ។

ឃាត់ខ្លួនចិន១៧នាក់ សង្ស័យចាប់ជំរិតតាមអនឡាញ ខេត្តកំពត ៖ កម្លាំងនគរបាលខេត្តសហការជាមួយនគរបាលក្រុងកំពត ក្រោមកិច្ចសម្របសម្រួលនីតិវិធីដោយតំណាងអយ្យការអមសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី៧ ខែតុលា បានចុះឆែកឆេរផ្ទះល្វែង១កន្លែង និងឃាត់ខ្លួនជនជាតិចិនចំនួន១៧នាក់ នៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត មានប្រសាសន៍ថា ដោយទទួលបានសេចក្តីរាយការណ៍ពីមន្ត្រីមូលដ្ឋានពីការប្រទះឃើញជនជាតិចិនពពាក់ពពូនក្នុងផ្ទះល្វែងមួយនៅភូមិ សង្កាត់ខាងលើ ទើបនៅរសៀលថ្ងៃទី៧ ខែតុលា សមត្ថកិច្ចនគរបាលខេត្តសហការជាមួយនគរបាលក្រុងកំពត ក្រោមកិច្ចដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ខា ដែនណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះទៅកាន់គោលដៅនោះភ្លាមៗ ។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានរកឃើញជនជាតិចិនចំនួន១៧នាក់ក្នុងនោះស្រី២នាក់ និងបាននាំទៅកាន់អធិការដ្ឋាននគរបាលក្រុងកំពតដើម្បីដំណើរការបន្ត ។ លោកស្នងការបញ្ជាក់ថា តាមការសង្ស័យក្រុមនេះអាចជាមុខសញ្ញាជំរិតទារប្រាក់តាមអនឡាញ ។ ប៉ុន្តែយ៉ាងណា ក៏ដោយ សមត្ថកិច្ចកំពុងបន្តសាកសួរបន្ថែមទៀតដើម្បីឈានទៅសន្និដ្ឋានជាផ្លូវការ ។

នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ នគរបាលការិយាល័យអន្តោប្រវេសន៍បានចុះស្រាវជ្រាវករណីខាងលើបន្តទៀត ដើម្បីប្រមូលព័ត៌មានជុំវិញការមកស្នាក់នៅរបស់ជនជាតិចិនមួយក្រុមនេះ រួចទើបសម្រេចធ្វើការសន្និដ្ឋានពីសកម្មភាពរបស់ពួកគេជាផ្លូវការ។មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ផ្ទះល្វែងដែលសមត្ថកិច្ចចុះឆែកឆេរនោះគឺជនជាតិចិនម្នាក់បានជួលស្នាក់នៅប្រហែលជាង១ខែមកហើយ ។ លុះនៅព្រឹកថ្ងៃទី៧ ខែតុលា ឃើញវត្តមានជនជាតិចិនប្រុសស្រីពពាក់ពពូនគួរឱ្យមន្ទិល ទើបអ្នកជិតខាងកើតការសង្ស័យពីមុខសញ្ញាមិនល្អរហូតលេចឮដល់សមត្ថកិច្ចក៏ចុះប្រតិបត្តិការតែម្តង ។

នៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី៨ តុលាកងនគរបាលខេត្ត និងនគរបាលក្រុងកំពតបានចាត់បញ្ជូនជនជាតិចិនចំនួន១៧នាក់ តាមរថយន្តចំនួន៤គ្រឿងចេញពីខេត្តកំពតទៅកាន់ខេត្តព្រះសីហនុ បន្ទាប់ពីការឆ្មក់ចូលផ្ទះល្វែងមួយចាប់ខ្លួនពួកគេកាលពីថ្ងៃទី៧ តុលា ពីបទសង្ស័យចាប់ជំរិតតាមអុីនធើរណេតឬល្បែងអនឡាញ ។ ផ្ទះល្វែងនោះត្រូវបានជនជាតិចិនជួលពីម្ចាស់ផ្ទះឈ្មោះ ឡេង ប៊ុនថន នៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ។

លោកវរសេនីយ៍ឯក ហោ វណ្ណា អធិការនគរបាលក្រុងកំពតបានប្រាប់ឱ្យដឹងថា ជនជាតិចិនដែលបានឃាត់ខ្លួនកាលពីម្សិលមិញមាន១៧នាក់ ស្រី២នាក់ និងដកហួតបានទូរស័ព្វចំនួន១៤៤គ្រឿង និងកុំព្យួទ័រមួយគ្រឿង ។

តាមការស្រាវជ្រាវរបស់នគរបាលគឺក្រុមនេះជាមុខសញ្ញាជំរិតទារប្រាក់តាមអនឡាញ ។ ទោះជាបែបណាលោកវរសេនីយ៍ឯក ហោវណ្ណា មិនបានប្រាប់ពីមូលហេតុបញ្ជូនជនជាតិបញ្ជូនទៅកាន់ខេត្តព្រះសីហនុទេ ។

ប៉ុន្តែបើតាមប្រភពព័ត៌មានមួយបានទម្លាយឱ្យដឹងថា ជនជាតិចិនដែលឃាត់ខ្លួនបាននៅខេត្តកំពតនោះយកទៅដាក់ជាមួយជនជាតិផ្សេងទៀត ដែលបានឃាត់ខ្លួននៅខេត្តព្រះសីហនុ ដើម្បីបញ្ជូនរួមគ្នាទៅនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ៕

ដកស្រង់ពី៖កោះសន្តិភាព