Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្តកំពង់ធំ…​បង្ក្រាប​គ្រឿងញៀនដ៏ធំ

  • Print

ខេត្តកំពង់ធំ ៖ ជាប្រវត្តិសាស្ត្រសម្រាប់ខេត្តកំពង់ធំ ដែលបានបើកយុទ្ធនាការទ្រង់ទ្រាយធំ ក្នុងការបង្ក្រាបគ្រឿងញៀនរហូតដល់៤០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានខ្មែរ៣នាក់និងជនជាតិថៃម្នាក់ កាលពីរសៀលថ្ងៃទី២១ តុលា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ២និង៣០នាទីរសៀល នៅភោជនីយដ្ឋានយីហោ«រស់ សុខុម» តាមផ្លូវជាតិលេខ៦ ភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ។

កិច្ចសហការបង្ក្រាបការជួញដូរគ្រឿងញៀនឆ្លងដែនទ្រង់ទ្រាយនេះ ដឹកនាំដោយ លោក អុិតសុធា ព្រះ រាជ អាជ្ញាអមសាលាដំបូងខេត្ត លោកសាយ វាសនា ព្រះរាជអាជ្ញារង និងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ រួមទាំងកម្លាំងនគរបាលស្នងការដ្ឋានខេត្ត ។ជនសង្ស័យទាំង៤នាក់សុទ្ធសឹងជាបុរសដែលមាន ១-ឈ្មោះ គន់ វណ្ណៈ ២-ឈ្មោះ សុខ ប៊ុនសិរិឆៃ ៣-ឈ្មោះ លី តឹក ទាំង៣នាក់ជាជនជាតិខ្មែរ និង៤-ឈ្មោះ សាក់ សេងសង ជាជនជាតិថៃ រស់នៅខេត្តត្រាតប្រទេសថៃ ។

ពួកគេជិះរថយន្ត២គ្រឿងគឺ ម៉ាកហ្វដ១គ្រឿង ពណ៌ប្រផេះ អត់ផ្លាកលេខ និងម៉ាកហាយឡែនឌ័រ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ បាត់ដំបង ២B-៦០២៥ ។លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត មានប្រសាសន៍ថា មុនឈានដល់ការបង្ក្រាបគ្រឿងញៀនឆ្លងដែនទ្រង់ទ្រាយធំនេះ គឺកម្លាំងសមត្ថកិច្ចបានសហការជាមួយមន្ត្រីជំនាញ ។

ក្រុមជន សង្ស័យនាំគ្រឿងញៀនចូលពីតំបន់ច្រកជាំសាងាំ ក្នុងខេត្តឧត្តមានជ័យ ។ នៅថ្ងៃទី១៩ ខែតុលា ជនសង្ស័យបានធ្វើដំណើរមកជួបគ្នានៅខេត្តកំពង់ធំ ដោយប្រើប្រាស់រថយន្ត២គ្រឿង ហើយមកស្នាក់នៅក្នុងផ្ទះសំណាក់មួយក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីមើលភូមិសាស្ត្រ ។លុះនៅថ្ងៃទី២១ ខែតុលា ក្រុមជនសង្ស័យបានផ្ទេរគ្រឿងញៀនពីរថយន្តហ្វដទៅដាក់រថយន្តហាយឡែនឌ័រ និងនាំគ្នាទៅភោជនីយដ្ឋាន «រស់ សុខុម» ទើបសមត្ថកិច្ចសម្រុកចាប់បានទាំង៤នាក់ ហើយឆែកឆេររថយន្តប្រទះឃើញមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន៤០គីឡូក្រាម ។

លោកស្នងការ អ៊ុក កុសល មានប្រសាសន៍ទៀតថា ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូអគ្គស្នងការរង ទទួលការងារគ្រឿងញៀន និងលោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងការដឹកនាំសហការពីកម្លាំងជំនាញ និងបានការសម្របសម្រួលនីតិវិធីដោយលោក អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ការបង្ក្រាបការជួញដូរគ្រឿងញៀនឆ្លងដែនបានជោគជ័យ ដោយរឹបអូសគ្រឿងញៀនបាន៤០ដុំ ស្មើនឹង៤០គីឡូក្រាម និងរថយន្ត២គ្រឿង ។

ជនសង្ស័យទាំង៤នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំនៅរសៀលថ្ងៃទី២២ ខែតុលា ។លោកស្នងការ អ៊ុក កុសល បានអំពាវនាវដល់កម្លាំងសមត្ថកិច្ច ប្រជាពលរដ្ឋ កុំគិតថា គ្រឿងញៀនជាតួនាទីរបស់សមត្ថកិច្ច គឺត្រូវចូលរួមទប់ស្កាត់ការជួញដូរនិងចែកចាយ ការសេពគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីអនុវត្តនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ព្រោះគ្រឿងញៀនជាបិសាចបំផ្លាញអនាគតរបស់លោកអ្នក និងសង្គម ៕

ដកស្រង់ពី៖កោះសន្តិភាព