Social Network

នារី២នាក់ និង​បុរសម្នាក់ ត្រូវគេដេញតាមទាន់​ដល់ផ្ទះ​សំណាក់​

ខេត្តកំពង់ស្ពឺ ៖ នារី២នាក់ និងបុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ បន្ទាប់ពីអ្នកទាំង៣ជិះម៉ូតូមួយគ្រឿងចេញហាងខារ៉ាអូខេមួយកន្លែង រួចយកផ្លែដូងដែលផឹកអស់ទឹកគប់កញ្ចក់រថយន្តមួយគ្រឿងកំពុងបើកបរតាមផ្លូវ បណ្តាលអោយបែកកញ្ចក់ ហើយជនបង្កទាំង៣នាក់ព្យាយាមនាំគ្នាជិះម៉ូតូគេចខ្លួនរហូតផ្ទះសំណាក់មួយកន្លែង តែក៏ត្រូវម្ចាស់រថយន្តដែលបើកដេញតាមពីក្រោយរាយការណ៍ជូនសមត្ថកិច្ចអោយចុះឃាត់ខ្លួនបានតែម្តង ។

ពាក់ព័ន្ធនឹងករណីនេះ គេមិនដឹងថាមូលហេតុអ្វីបានជាជនបង្កទាំង៣នាក់នោះធ្វើបែបនេះទេ ។ ករណីខាងលើនេះកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺថៃ្ងទី៣០ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនបង្កទាំង៣នាក់ខាងលើ ក្នុងនោះ១-ឈ្មោះ ជួន វិន ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកបើកម៉ូតូ រស់នៅភូមិឯកភាព ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ២-ឈ្មោះ ឡេង ស្រីកា ភេទស្រី អាយុ១៩ឆ្នាំ បំរើការងារនៅហាងខារ៉ាអូខេ ជាអ្នករួមដំណើរ រស់នៅភូមិព្រៃស្តី ឃុំម្លប់ស ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ និង ៣-ឈ្មោះ ចាន់ លក្ខិណា ភេទស្រី អាយុ២៣ឆ្នាំ បំរើការងារនៅហាងខារ៉ាអូខេ ជាអ្នករួមដំណើរ រស់នៅភូមិព្រៃត្រាង ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត ។

ជនបង្កទាំង៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កំពង់ស្ពឺ ១K-០៤០៤ ។ចំណែករថយន្តមួយគ្រឿងខាងលើ ពាក់ស្លាកលេខ ព្រះសីហនុ ៤A-៨៨៩៩ បើកបរដោយឈ្មោះ វ៉ែន វី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិសេកយៀ ឃុំអង្គត្នោត ស្រុកត្រាំកក់ ខេត្តតាកែវ ។

តាមការឆ្លើយសារភាពរបស់ជនបង្កខាងលើបានឱ្យដឹងថា មុនពេលកើតហេតុ ពួកខ្លួនទាំង៣នាក់ជិះម៉ូតូមួយគ្រឿងធ្វើដំណើរចេញពីហាងខារ៉ាអូខេមួយកន្លែង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានធ្វើសកម្មភាពយកផ្លែដូងដែលផឹកទឹកអស់គប់ទៅលើរថយន្តមួយគ្រឿងខាងលើ ដែលកំពុងធ្វើដំណើរតាមផ្លូវ បណ្តាលឱ្យបែកកញ្ចក់។

តាមការឆ្លើយសារភាពរបស់ជនបង្កខាងលើបានឱ្យដឹងថា បន្ទាប់ពីបង្កហេតុរួច ពួកខ្លួនបានជិះម៉ូតូគេចខ្លួនចូលមកភូមិសាស្ដ្រស្រុកបសេដ្ឋ ពេលនោះអ្នកបើកបររថយន្តបានដេញតាមទាន់រហូតដល់នៅចំណុចផ្ទះសំណាក់យីហោហេងលី ស្ថិតនៅភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន ជនបង្កទាំង៣នាក់ត្រូវបានសមត្ថកិច្ចស្រុកបសេដ្ឋធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព