Social Network

ក្រោយហៅ​​បុរសម្នាក់​ឱ្យជូនដល់​គោល​​ដៅ ក៏​យកកូនកាំបិតចាក់យ៉ាង​សាហាវ​

ខេត្តបន្ទាយមានជ័យ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ត្រូវជនសង្ស័យចាក់មួយកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ រួចប្លន់យកម៉ូតូទៅបាត់ បង្កភ្ញាក់ផ្អើលកើតឡើងកាលពីម៉ោងជាង១០យប់ថ្ងៃទី២៩ តុលា ឆ្នាំ២០១៩ លើដងផ្លូវលំមួយ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ជនរងគ្រោះដែលរងរបួសធ្ងន់ខាងលើឈ្មោះឈាន ស៊ីណា ហៅម៉ៅ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងមានទីលំនៅឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ចំណែកម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះដែលត្រូវជនសង្ស័យយកទៅបាត់នោះម៉ាកហុងដា ធុនសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ ១K-៧៨៥៤ ។តាមប្រភពពីសាច់ញាតិបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានហៅជនរងគ្រោះឲ្យដឹកពីចំណុចផ្សារត្រី(ផ្សារអគ្គ)ទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ពេលទៅដល់គោលដៅហើយ បែរជាជនសង្ស័យប្រាប់ជនរងគ្រោះឲ្យដឹកបន្តទៅមុខទៀត លុះពេលទៅដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យប្រាប់ជនរងគ្រោះឲ្យឈប់ រួចទាញកូនកាំបិតចាក់ជនរងគ្រោះត្រូវចំម្តុំឆ្អឹងជំនីរខាងស្តាំ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។

បន្ទាប់មកជនសង្ស័យបានយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ ។ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានអ្នកស្រុកជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត បន្ទាប់មកក៏ត្រូវក្រុមគ្រូពេទ្យនៅទីនោះបញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ដោយសារជនរងគ្រោះរងរបួសធ្ងន់ដាច់ថ្លើមមួយចំណិត ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ មេប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ផ្សារកណ្តាលបានប្រាប់តាមទូរស័ព្ទឱ្យដឹងថា ករណីខាងលើនេះពិតជាកើតមានមែន ហើយពេលនេះខាងលោកកំពុងចុះស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព