Social Network

ទាល់តែភ្លើងឆេះសណ្ឋាគារ…ទើប​ធ្លាយ​ដឹង​ជាទីតាំង​គ្រឿងញៀន​ដ៏​សន្ធឹក

ខេត្តព្រះសីហនុ ៖ យោងតាមប្រភពពីសមត្ថកិច្ច ព្រឹកថ្ងៃទី៤ វិច្ឆិកា បានបង្ហើបឱ្យដឹងថា ក្រោយពីមានអគ្គិភ័យឆេះបន្ទប់ក្នុងសណ្ឋាគារព្រីនសេស ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវឯករាជ្យ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ សមត្ថកិច្ចបានធ្វើអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ បានប្រទះឃើញគ្រឿងញៀននៅក្នុងបន្ទប់ដែលឆេះនោះ ប្រមាណ២៧គីឡូក្រាម ប្រភេទមេតំហ្វេតាមីនគ្រាប់(WY) ។

ជាមួយនឹងការប្រទះឃើញថ្នាំញៀនគ្រាប់នេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្សចំនួន៧នាក់ ក្នុងនោះស្រី២នាក់ យកទៅសាកសួរដែលសុទ្ធសឹងជាជនជាតិចិន ។ យោងតាមប្រភពពីមន្ត្រីប៉ូលិសមួយរូបបានបង្ហើបឱ្យដឹងទៀតថា ករណីគ្រឿងញៀននេះសមត្ថកិច្ចកំពុងបន្តនីតិវិធីស្រាវជ្រាវតាមចាប់មេខ្លោងបន្តទៀតនៅឡើយ ។

ក្នុងករណីលាក់គ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់ គិតមកដល់វេលាម៉ោង១និង៣០នាទីថ្ងៃទី៤ វិច្ឆិកា ជនសង្ស័យចំនួន៧នាក់កំពុងត្រូវបានសមត្ថ កិច្ចធ្វើការសាកសួរ ដើម្បីបន្តស្រាវជ្រាវស៊ើបអង្កេតរកមេខ្លោងដែលនៅពីក្រោយ ។គួរកត់សម្គាល់ថា ក្រុងព្រះសីហនុបានកើតមានអគ្គិភ័យបន្តបន្ទាប់គ្នា៣ករណីមកហើយគឺ១-ឆេះនៅក្រោយផ្សារលើអស់តូបអាជីវករ៣៣តូប នៅថ្ងៃទី៣១ តុលា ។ លុះមកដល់វេលាម៉ោងប្រមាណ៩យប់ថ្ងៃទី១ វិច្ឆិកា នៅចំណុចតាមបណ្ដោយផ្លូវឯករាជ្យក្នុងភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានអគ្គិភ័យមួយបានកើតឡើង បណ្ដាលឱ្យហាងលក់គ្រឿងសំណង់មួយកន្លែងខូចខាតអស់ទាំងស្រុង ។

យោងតាមព័ត៌មានពីបុគ្គលិកបម្រើការក្នុងហាងលក់គ្រឿងសំណង់នេះបានឲ្យដឹងថា នៅមុនកើតហេតុ ពួកគាត់មានគ្នាពីរបីនាក់បានសម្រាកនៅជាន់ទីមួយ កំពុងលេងទូរស័ព្ទ ស្រាប់តែដាច់ wifi ទើបចុះមកក្រោមមើលក៏ឃើញអណ្ដាតភ្លើងឆាបឆេះ នៅផ្នែកខាងមុខហើយក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ ប៉ុន្តែអណ្ដាតភ្លើងពុំបានថមថយនោះទេ ។

ទើបដឹងដល់សមត្ថកិច្ចមកជួយអន្តរាគមន៍ ភ្លាមនោះរថយន្តពន្លត់អគ្គិភ័យចំនួនពីរគ្រឿងក៏បានមកដល់នៅតែជួយពន្លត់មិនបាន រហូតហាងទាំងមូលត្រូវឆេះអស់ទាំងស្រុង ប៉ុន្តែសំណាងល្អពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះជិតខាងដោយសាររថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៀតមកជួយបាញ់ទឹកទាន់ពេលវេលា ។

យោងតាមប្រភពពីលោកឧត្តមសេនីយ៍ត្រី ប៊ូ សុធី ស្នងការរងទទួលផែនបង្ការនិងពន្លត់អគ្គីភ័យបានបញ្ជាក់ថា ក្នុងយុទ្ធនាការនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តចំនួន៨គ្រឿង ប្រើទឹកអស់ចំនួន១៧រថយន្ត ។

ចំពោះមូលហេតុនៃការឆេះនេះ តាមការសន្និដ្ឋានជំហានដំបូង គឺបណ្ដាលមកពីទុស្សេចរន្តភ្លើង ។ មហន្តរាយដោយអគ្គិភ័យខាងលើនេះ ជាករណីទី២ ។ចំពោះករណីទី៣ ឆេះដូចគ្នាដែរ គឺឆេះក្នុងបន្ទប់សណ្ឋាគារព្រីនសេស រហូតបែកធ្លាយកន្លែងលាក់គ្រឿងញៀនដ៏ធំមួយ ដែលពិនិត្យទៅឃើញគ្រឿងញៀនទាំងកញ្ចប់ៗត្រូវភ្លើងឆេះរោលរាលសម្បកវេចខ្ចប់អស់ខ្លះៗទៅហើយដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព