Social Network

ថ្លើមធំម៉្លេះ! ហ៊ាន​យកទូរស័ព្ទអស់ជាង​៣០គ្រឿង​នៅមុខប៉ុស្តិ៍នគរបាល

ខេត្តកណ្ដាល ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានករណីជនសង្ស័យកាត់ជញ្ជាំងតូបលួចយកទូរស័ព្ទដៃអស់ចំនួន៣៥គ្រឿង ស្មើនឹងទឹកប្រាក់ចំនួន២០០០ដុល្លារ បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចតូបលក់ទូរស័ព្ទយីហោ «ឈុនលាង១៦៨» មានទីតាំងមុខប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យធំ ស្ថិតក្នុងភូមិជ័យតូច ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជនរងគ្រោះជាម្ចាស់តូបខាងលើឈ្មោះ អាត ឈុនលាង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ លក់ និងជួសជុលទូរស័ព្ទ មានទីលំនៅភូមិឈូក ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។ ចំណែកសំភារ:ដែលបាត់បង់រួមមាន ទូរស័ព្ទម៉ាក Oppo ចំនួន២០គ្រឿង, ទូរស័ព្ទម៉ាក Vivo ចំនួន៣គ្រឿង និងទូរស័ព្ទម៉ាកណូគាអិនចុចពិលចំនួន១២គ្រឿង សរុបជាទឹកប្រាក់ប្រមាណ២.០០០ដុល្លារ ។តាមសេចក្តីរាយការណ៍បានបន្តថា ជនរងគ្រោះបានទៅជួលតូបលក់ទូរស័ព្ទនៅមុខប៉ុស្តិ៍នគរបាលជ័យធំអស់រយៈពេលជាង១ឆ្នាំហើយ ។

ជារៀងរាល់ថ្ងៃក្រោយពីលក់ទូរស័ព្ទហើយ ជនរងគ្រោះបានទុកទូរស័ព្ទក្នុងតូបចាក់សោពីក្រៅ រួចទៅដេកផ្ទះនៅឯឃុំសន្លុង ។តាមសេចក្តីរាយការណ៍បានបន្តថា លុះដល់វេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ជនរងគ្រោះបានទៅបើកតូបដើម្បីលក់ទូរស័ព្ទដូចសព្វដង ស្រាប់តែបាត់ទូរស័ព្ទអស់៣៥គ្រឿងពីក្នុងទូតាំងលក់តែម្តង ដោយជនសង្ស័យបានកាត់ជញ្ជាំងតូបលួចយកទូរស័ព្ទ បន្ទាប់មកជនរងគ្រោះបានដើរចូលទៅប៉ុស្តិ៍នគរ ដើម្បីរាយការណ៍ឱ្យសមត្ថកិច្ចមកពិនិត្យកន្លែងកើតហេតុ។

ក្រោយពេលទទួលបានសេចក្តីរាយការណ៍ខាងលើភ្លាម សមត្ថកិច្ចបានចុះមកពិនិត្យកន្លែងកើតហេតុ ដោយឃើញជញ្ជាំងដែលធ្វើពីស័ង្កសីចំហៀងខាងកើតមានស្នាមកាត់មួយប្រឡោះទំហំ៣គុណ៥តឹក ដែលជនសង្ស័យកាត់ចូលលួចទូរស័ព្ទទាំងនោះ ។ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យធំ ដើម្បីឲ្យសមត្ថកិច្ចតាមវែកមុខជនសង្ស័យដើម្បីយកមកចាត់ការតាមច្បាប់ ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះរួចមក សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវលើករណីនេះហើយ៕

ដកស្រង់ពី៖កោះសន្តិភាព