Social Network

សង្សារ​២​គូ​នាំ​គ្នា​សម្ងំ​ក្នុង​ខ្ទម​តែ​មួយ អ្នក​ភូមិ​ដឹង​រាយការណ៍​ផ្អើល​សមត្ថកិច្ច​

រាជធានីភ្នំពេញ ៖ បុរស២នាក់ និងនារី២នាក់ដែលជាគូសង្សារនឹងគ្នា ហើយគ្មានទីលំនៅពិតប្រាកដឡើយបាននាំគ្នាសង់ខ្ទមតូចមួយនៅជាប់របងដីឡូត៍មួយកន្លែងស្នាក់នៅជុំគ្នា និងបានសេពគ្រឿងញៀនទាំងយប់ទាំងថ្ងៃនៅក្នុងខ្ទមនោះ លុះអ្នកភូមិដឹងក៏បានរាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅ៣ឲ្យចុះទៅធ្វើការឃាត់ខ្លួនបានទាំង៤នាក់ ហើយនាំទៅធ្វើការសាកសួរនិងចាត់ការតាមច្បាប់តែម្ដង។

ប្រតិបត្តិការចុះចាប់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ខាងលើនោះបានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនសង្ស័យដែលត្រូវនគរបាលឃាត់ខ្លួនទាំង៤នាក់ខាងលើនោះ រួមមាន ១-ឈ្មោះ សុង សីហា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ២-ឈ្មោះ ហ៊ឹម យ៉ាងកឺ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ៣-ឈ្មោះ ព្រឿន ស្រីណុច ភេទស្រី អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ និង៤-ឈ្មោះ អួត ស្រីនិច ភេទស្រី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ។

ជនសង្ស័យទាំង៤នាក់ស្នាក់នៅក្នុងខ្ទមកន្លែងកើតហេតុខាងលើ ។តាមប្រភពពីអ្នកភូមិបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ មិនដឹងថាមកពីទីណានោះទេបាននាំគ្នាសង់ខ្ទមនៅជាប់របងដីឡូត៌ទំនេរត្រង់ចំណុចកើតហេតុខាងលើស្នាក់នៅជុំគ្នា ព្រមទាំងសេពគ្រឿងញៀនជារៀងរាល់ថ្ងៃ ទាំងយប់ ទាំងថ្ងៃ និងមិនឃើញចេញពីខ្ទមទៅរកស៊ីនោះទេ។តាមប្រភពដដែលបានបន្តថា ដោយសារតែមើលឃើញពីទង្វើមិនគប្បីខុសច្បាប់បែបនេះ ទើបពួកគាត់រាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅ៣ឱ្យជួយអន្តរាគមន៍ ដើម្បីត្រួតពិនិត្យតែម្ដង ក្នុងគោលបំណងទប់ស្កាត់រាល់ភាពអសន្តិសុខផ្សេងៗនៅក្នុងមូលដ្ឋាន។

តាមប្រភពពីនគរបាលបានឲ្យដឹងថា ក្រោយពេលទទួលបានសេចក្តីរាយការន៍ខាងលើនោះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣បានចុះទៅកាន់ទីនោះ ហើយបានធ្វើការបង្ក្រាបនិងចាប់ខ្លួនជនសង្ស័យប្រុសស្រីទាំង៤នាក់នោះ ព្រមទាំងដកហូតឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀតផង រួចនាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍ចោមចៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីតែម្តង ៕

ដកស្រង់ពី៖កោះសន្តិភាព