Social Network

ទាន់ហន់​មិន​ចាំ​ស្អែក​…​ម្ចាស់​ដេញ​តាម​ទាន់ ក្រឡាប់​បត់​.​ក​អស់​ជីវិត

ខេត្តកណ្ដាល ៖ សេចក្តីរាយការឲ្យដឹងថា កាលពីវេលាម៉ោង២នឹង២០នាទីយប់ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ចំណុចភូមិជ័យតូច ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានករណីចោរលួចរថយន្តម្នាក់ បើករថយន្តធ្លាក់ផ្លូវក្រឡាប់បាក់កស្លាប់នៅកន្លែង ខណៈភ័យស្លន់ស្លោនៅពេលម្ចាស់ដេញទាន់ ។

សេចក្តីរាយការបឋម ភ្លាមនោះគេមិនទាន់បានស្គាល់អត្តសញ្ញាណចោរលួចរថយន្តនោះនៅឡើយទេ តែសាកសពត្រូវបានសមត្តកិច្ច នឹងដឹកយកទៅតម្កល់នៅវត្ត ដើម្បីធ្វើពិនិត្យ និងកោសលវិច័យស្រាវជ្រាវរកអាសយដ្ឋានច្បាស់លាស់ ។

គ្រាន់តែជំហានដំបូងត្រូវបានគេដឹងថា ជនសង្ស័យភេទប្រុស អាយុប្រហែល២០ឆ្នាំ ស្លៀកខោខូវប៊យជើងវែង ពាក់អាវយឺតដៃខ្លូនពណ៍ខ្មៅ ។ ចំណែកជនរងគ្រោះជាម្ចាស់រថយន្តនោះមានឈ្មោះ ស៊ន ម៉ាច ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងកាត់ដេរ មានទីលំនៅភូមិជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។

សម្ភារខូចខាតរថយន្ត១គ្រឿង ម៉ាកCRV ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2Q-8086 ។ជនរងគ្រោះបានរៀបរាប់ប្រាប់សមត្តកិច្ចថា ជាទម្លាប់រៀងរាល់ថ្ងៃខ្លួនបានទុករថយន្តនៅមុខផ្ទះ និងតែងតែអង្គុយលេងរហូតយប់បន្តិចបានចូលសម្រាក ទើបនៅថ្ងៃទី៦ ខែវិច្ឆិកា វេលាម៉ោង ១១ នឹង៣០នាទីយប់ ខ្លួនបានចូលទៅដេកហើយក៏លង់លក់ទៅ ។

លុះដល់វេលាម៉ោង២ នឹង២០នាទី ឈានចូលដល់ថ្ងៃទី៧ ខែវិច្ឆិកា ខ្លួន(ជនរងគ្រោះ )បានឮសំឡេងបញ្ឆេះរថយន្ត ពេលនោះខ្លួនបានចេញពីក្នុងផ្ទះទៅមេីល ស្រាប់តែឃើញរថយន្តរបស់ខ្លួន ត្រូវចោរលួចបើកចេញពីមុខផ្ទះ ឆ្ពោះទៅទិសខាងលិចសំដៅទៅឃុំរកាជន្លឹង បានប្រហែល ៣០០ ម៉ែត្រ បាត់ទៅហើយ ។

ឃើញដូច្នោះខ្លួនបានទៅរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋ បាលជ័យធំ ទាំងកណ្តាលអាធ្រាត្រ ពេលនោះកម្លាំងសមត្តកិច្ចនគរបាលប៉ុស្តិ៍ និងខ្លួន(ជនរងគ្រោះ)បានជិះម៉ូតូដេញតាមចោរ និងបានជិះហួសដល់ស្ពានប៉ាន់ណោ ប្រហែល២៥០ម៉ែត្រ ស្រាប់តែឃើញរថយន្តរបស់ខ្លួន ត្រូវចោរបើកទម្លាក់ពីលើផ្លូវបណ្តាលឲ្យក្រឡាប់ លុះពេលខ្លួន និងសមត្ថកិច្ចបានចុះទៅមើល ឃើញអ្នកបើកបរ ដែលគេដឹងថាជាចោរលួចរថយន្តនោះបាក់.ក និងស្នាមរបួសបែកក្បាលហូរឈាមស្លាប់នៅនឹងកន្លែង ហើយរថយន្តខូចខាតយ៉ាងដំណំ ៕

ដកស្រង់ពី៖កោះសន្តិភាព