Social Network

ដើរបណ្តើរ ប្រលែងគ្នាបណ្តើរស្រាប់តែ​ដុំឥដ្ឋធ្លាក់ក្បែរ លុះក្រឡេកមើលមកបន្ថែមទៀត​ផ្អើល​

ខេត្តព្រះសីហនុ ៖ យុវជន២នាក់ជាបុគ្គលិកកាស៊ីណូស៊ីកាងបានចោទក្រុមកម្មករសំណង់យកដុំឥដ្ឋគប់ និងយកបំពង់ទីបវាយបង្កការភ្ញាក់ផ្អើលកាលពីវេលាវេលាម៉ោងប្រមាណជាង៨យប់ថ្ងៃទី១ ធ្នូ ឆ្នាំ២០១៩ ត្រង់ចំនុចផ្លូវបេតុងមួយកន្លែងស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ភាគីខាងយុវជន២នាក់ជាបុគ្គលិកកាស៊ីណូស៊ីកាង មិនស្គាល់អត្តសញ្ញាណនោះទេ ចំណែកភាគីខាងក្រុមកម្មករក៏មិនស្គាល់អត្តសញ្ញាណផងដែរ ។

យោងតាមការរៀបរាប់ពីយុវជនជាបុគ្គលិកកាស៊ីណូទាំង២នាក់ខាងលើបានអោយដឹងថា នៅយប់កើតហេតុ បន្ទាប់ពួកគាត់ចូលរួមក្នុងពិធីជប់លៀងដែលថៅកែកាស៊ីណូរៀបចំជូនបុគ្គលិក ពួកគាត់បានដើរត្រឡប់មកកាន់អាគារស្នាក់នៅ ដែលមានទីតាំងស្ថិតក្នុងកន្លែងកើតហេតុ ។

តាមប្រភពដដែលបានបន្តថា លុះនៅពេលពួកគាត់ទាំង២នាក់ដើរបណ្តើរប្រលែងគ្នាបណ្តើរ ស្រាប់តែមានដុំឥដ្ឋធ្លាក់ក្បែរខ្លួនពួកគាត់ ភ្លាមនោះពួកគាត់បានក្រឡេកមើលទៅឃើញមានមនុស្សប្រមាណ៤ទៅ៥នាក់នៅជាន់ទី៥នៃការដ្ឋានសំណង់បានគប់មកលើពួកគាត់បន្ថែមទៀត ប៉ុន្តែមិនបានត្រូវមនុស្សណាម្នាក់ឡើយ ។

តាមប្រភពដដែលបានបន្តទៀតថា ពេលនោះពួកគាត់ស្រែកសួនាំថា ហេតុអ្វីបានជាគប់បែបនេះ? សួរមិនទាន់ចប់ផង ស្រាប់តែមានមនុស្សមួយក្រុមទៀតស្ទុះចេញពីក្នុងការដ្ឋានសំណង់ដដែលបានយកបំពង់ទីបដេញវាយ ហើយពួកគាត់បានស្រែកអោយអ្នកជិតខាង និងមិត្តភក្តិនៅក្បែរនោះជួយ បន្ទាប់មកមិត្តភក្តិដែលកំពុងស្នាក់នៅអគារក្បែរនោះនាំគ្នាស្ទុះមកមើល ទើបក្រុមកម្មករសំណង់ទាំងនោះនាំគ្នារត់ចូលការដ្ឋានអស់ និងបានលាក់ខ្លួនក្នុងការដ្ឋាន រហូតសមត្ថកិច្ចមកដល់ ក៏ក្រុមកម្មកទាំងនោះពុំព្រមចេញមកសារភាពថាបានគប់និងដេញវាយមកលើបុគ្គលិកកាស៊ីណូនោះទេ ទីបំផុតសមត្ថកិច្ចបាននាំខ្លួនមេការសំណង់យកទៅបំភ្លឺ ជាមួយនឹងក្រុមយុវជនជាបុគ្គលិកកាស៊ីណូ។

បើយោងតាមសាក្សីជាប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបានរៀបរាប់ថា នៅវេលាកើតហេតុ ខណៈពេលគាត់កំពុងឈរលេងនៅមុខផ្ទះ ស្រាប់តែបានឃើញយុវជនចំនួន២នាក់រត់ស្រែកអោយគេជួយ ភ្លាមនោះគាត់បានក្រលេកទៅឃើញមានមនុស្សមួយក្រុមទៀតរត់ដេញពីក្រោយ ដោយក្នុងដៃមានកាន់តំបងដែកនិងដុំឥដ្ឋ ។

ឃើញដូច្នេះគាត់ក៏បានគេចខ្លួនចូលក្នុងរបងផ្ទះដោយខ្លាចគេវាយគ្នាត្រូវគាត់ ប៉ុន្តែគាត់បានស្រែកសំឡុតពីក្នុងរបង ទើបក្រុមមនុស្សដែលដេញពីក្រោយដកថយរត់ចូលក្នុងការដ្ឋានវិញបាត់ស្រមោល រហូតសមត្ថកិច្ចចំរុះមកដល់ ទើបគាត់ចេញមកក្រៅរបងផ្ទះវិញ។

ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចបាននាំខ្លួនយុវជនទាំង២នាក់ជាបុគ្គលិកកាស៊ីណូទៅធ្វើកំណត់ហេតុដាក់ពាក្យបណ្តឹង និងបំភ្លឺពីហេតុការណ៍ដែលបានកើតឡើង ព្រមទាំងនាំមេការគ្រប់គ្រងកម្មករក្នុងការដ្ឋានខាងលើទៅធ្វើការសាកសួរដើម្បីរកជនបង្កផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព