Social Network

ប្រយុទ្ធ​១​ទល់​នឹង​៥ ​អ្នក​ចាញ់​ចូល​ពេទ្យ​អ្នក​ឈ្នះ​ចូល​គុក

ខេត្តបាត់ដំបង ៖ អំពើហង្សាដ៏ឃោឃៅមួយ ដែលផ្ដើមចេញពីការប៉ះទង្កិចដោយពាក្យសម្តី ពេលកំពុងផឹកស៊ី ទីបំផុត ភាគីម្ខាងដែលមានគ្នាចំនួន៥នាក់ត្រូវបានឃាត់ខ្លួន ក្រោយពីព្រូតគ្នាវាយសំពងបុរសម្នាក់ដែលមានតែម្នាក់ឯង បណ្ដាលឲ្យរបួសបែកក្បាល កាលពី៧យប់នៅថ្ងៃទី២៩ វិច្ឆិកា នៅចំណុចខាងមុខមន្ទីរពេទ្យខេត្ត ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។អធិការក្រុងបាត់ដំបង លោកឆាង វណ្ណឆៃ បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវគេព្រូតគ្នាវាយឲ្យរបួសនោះឈ្មោះ រឿម សុខា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ថាមានករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅត្រង់ចំណុចក្រុមទី41 ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានយកដំបងវាយទៅលើជនរងគ្រោះបណ្តាលអោយរងរបួសត្រង់ក្បាល ។

ក្រោយទទួលបណ្តឹងភ្លាម កំលាំងយើងបានចុះធ្វើការសុើបអង្កេតស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន 05នាក់ មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់់ដំបង ដើម្បីធ្វើការសាកសួរ ៖ 1-ឈ្មោះ ពៀន បៀន ភេទប្រុស អាយុ 34ឆ្នាំ 2-ឈ្មោះ នី ណារី ភេទប្រុស អាយុ 31ឆ្នាំ 3-ឈ្មោះ ហៀន ចិន ភេទប្រុស អាយុ 31ឆ្នាំ 4-ឈ្មោះ ធី លី ភេទប្រុស អាយុ 20ឆ្នាំ និង5-ឈ្មោះ ងៀន ងើប ភេទប្រុស អាយុ 22ឆ្នាំ ។

ជនសង្ស័យទាំង 5នាក់នេះ មានទីលំនៅ ភូមិសំបកមាស ឃំុស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់ ដូចគ្នា ។ក្រោយពីសាកសួរ ជនសង្ស័យខាងលើបានសារភាពថា ពិតជាបានយកដំបងវាយទៅលើជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងផ្នែកជំនាញកំពុងរៀបចំសំណំុរឿងបញ្ជូនទៅតាមនិតិវិធីច្បាប់។

ដកស្រង់ពី៖កោះសន្តិភាព