Social Network

ខ្លាំង​បាត់ ខឹងឆក់បានត្រឹមខ្សែកាបូប ធាក់នាងដួលម៉ូតូ​

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងដេញតាមធ្វើសកម្មភាពឆក់កាបូបពីស្ត្រី២នាក់ដែលកំពុងជិះម៉ូតូ១គ្រឿងឌុបគ្នាធ្វើដំណើរតាមផ្លូវ ប៉ុន្តែខណៈនោះពួកនាងដឹងខ្លួនទាន់បានចាប់កាន់កាបូបជាប់ ហើយជនសង្ស័យឆក់បានតែខ្សែកាបូបដែលដាច់ប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យក្រុមជនសង្ស័យខឹងយ៉ាងខ្លាំងក៏បានធាក់កង់មុខម៉ូតូរបស់ពួកនាង១ជើង បណ្ដាលឲ្យដួលបោកទៅលើថ្នល់រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ បន្ទាប់មកក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនទៅបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ស្ត្រីរងគ្រោះទាំង២នាក់ខាងលើ ក្នុងនោះម្នាក់ឈ្មោះភា អាយុ៣៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានរងរបួសធ្ងន់ ចំណែកម្នាក់ទៀតរបួសស្រាលមិនត្រូវបានស្គាល់ឈ្មោះនោះទេ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីទាំង២នាក់នេះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កូបពី ពណ៌ស ពាក់ស្លាកលេខ កណ្ដាល១AF-១០៨៨ ឌុបគ្នាធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានក្រុមជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម មិនចាំស៊េរីនិងស្លាកលខបានជិះតាមពីក្រោយ ហើយក៏ធ្វើសកម្មភាពឆក់យកកាបូប។ ប៉ុន្តែពួកនាងដឹងខ្លួនទាន់បានចាប់កាន់កាបូបនោះជាប់ ដោយក្រុមជនសង្ស័យឆក់បានតែខ្សែកាបូបដែលដាច់ប៉ុណ្ណោះ។

តាមប្រភពដដែលបានបន្តថា ពេលនោះធ្វើឱ្យក្រុមជនសង្ស័យមានការខឹងសម្បារយ៉ាងខ្លាំង ព្រោះឆក់អត់បាន ហើយជនរងគ្រោះស្រែកឆោឡោទៀត ក៏បានធាក់កង់មុខម៉ូតូរបស់ស្ត្រីរងគ្រោះ១ជើងយ៉ាងពេញទំហឹង បណ្ដាលឲ្យដួលបោកទៅលើថ្នល់រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ បន្ទាប់មកក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនទៅបាត់ស្រមោល ។

ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍កន្ទោកបានចេញអន្តរាគមន៍ និងបានជួយហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ចុះទៅដឹកយកជនរងគ្រោះទៅមន្ទីរពេទ្យដែរ តែនាងមិនព្រមទៅ ហើយក៏បានខលហៅសាច់ញាតិឲ្យដឹកនាងតាមម៉ូតូកង់បីទៅកាន់គ្លីនិកឯកជនដោយខ្លួនឯង៕

ដកស្រង់ពី៖កោះសន្តិភាព