Social Network

កណ្តាលវាលពេក សមត្ថកិច្ច​ក្តោប​បាន​២នាក់​

ខេត្តកំពង់ចាម ៖ មេឆ្នោតចំនួន២នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសហការជាមួយនិងនគរបាលស្រុកជើងព្រៃ ចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ព្រមទាំងដកហូតបានវត្ថុតាងជាច្រើនក្នុងនោះរួមមានលុយនិងសៀវភៅកត់កន្ទុយលេខផងដែរ។

លោកឧត្តមសេនីយ៍ទោឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមឲ្យដឹងថា មានប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរាយការណ៍តាមទូរស័ព្ទមកកាន់រូបលោកថា មានមេឆ្នោតបានធ្វើសកម្មភាពលក់ដោយចំហរមិនខ្លាចកោតក្រែងសមត្ថកិច្ចឡើយ ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម រូបលោកបានចាប់ឱ្យនាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តចុះទៅបង្ក្រាបជាបន្ទាន់។លោកស្នងការខេត្តបានបន្តឲ្យដឹងទៀតថា កំលាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ព្រមទាំងកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្តើងជ័យ និងអាជ្ញាធរមូលដ្ឋានដឹកនាំដោយលោកវរសេនីយ៍ឯកថាញ់ សុខវុន ចុះបង្ក្រាបករណីបើកនិងលេងល្បែងស៊ីសងខុសច្បាប់ (លក់ឆ្នោតវៀតណាម) ចំនួន២ទីតាំង ព្រមទាំងចាប់ឃាត់ខ្លួនមុខសញ្ញាចំនួន២នាក់ផងដែរ ។

ករណីទី១-បើកនិងលេងល្បែងស៊ីសងខុសច្បាប់ (លក់ឆ្នោតវៀតណាម)នៅចំណុចភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះដឿន សុខនី ភេទស្រី អាយុ៤៣ឆ្នាំ មានទីលំនៅភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងដកហូតវត្ថុតាងរួមមាន សៀវភៅកត់លេខឆ្នោតចំនួន៣ក្បាល, ក្រដាសកត់កន្ទុយលេខចំនួន៣សន្លឹក, ក្រដាស់កាបោនចំនួន២សន្លឹក, ម៉ាស៊ីនគិតលេខចំនួន១, ទូរស័ព្ទដៃម៉ាកសាំសុង ពណ៌ទឹកមាស ចំនួន១គ្រឿង, កាបូបស្ពាយចំនួន១, ប្រាក់ចំនួន៦១ម៉ឺនរៀល និងប្រាក់ចំនួន៥០ដុល្លារ ។

ករណីទី២-បើកនិងលេងល្បែងស៊ីសងខុសច្បាប់ (លក់ឆ្នោតវៀតណាម)នៅចំណុចភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះមាស ចំរើន ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិសង្កែពង ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ចំណែកវត្ថុតាងដកហូតរួមមាន សៀវភៅកត់កន្ទុយលេខចំនួន២ក្បាល, ក្រដាសកាតុងឆ្នោតចំនួន៥សន្លឹក, ម៉ាស៊ីនគិតលេខចំនួន១គ្រឿង, ទូរស័ព្ទដៃចំនួន២គ្រឿង, ប្រាក់ ចំនួន៩០ម៉ឺនរៀល និងប្រាក់ដុល្លារចំនួន៥៣ដុល្លារ ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី តាមបញ្ជារបស់លោកហួត វុទ្ធីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម។ ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ លោកស្នងការនគរបាលខេត្តក៏បានឱ្យសមត្ថកិច្ចបន្តតាមដាននៅកន្លែងលក់ឆ្នោតតាមបណ្ដាស្រុកក្រុងដទៃទៀត ព្រោះថាការលក់កន្ទុយលេខ(ឆ្នោតវៀតណាម)គឺជាទង្វើខុសច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព