Social Network

ផ្អើល​ខណ្ឌ​៧​មក​រា ក្រោយ​ផ្តួល​ម៉ូតូ​ចោល រត់ឡើង​ផ្ទះ​ពលរដ្ឋ​ស​ង្ងំ​លាក់ខ្លួន

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា សមត្ថកិច្ចជំនាញព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានធ្វើការប្រដេញតាមឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាចោរឆក់ និងប្លន់ រហូតដល់ជនសង្ស័យរូបនេះផ្តួលម៉ូតូទុលចោល រួចរត់ឡើងលើផ្ទះប្រជាពលរដ្ឋ បង្កឲ្យផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋនាំគ្នាចោមរោមមើលរាប់ម៉ោង ទម្រាំឈានដល់ការឃាត់ខ្លួនជនសង្ស័យ ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីម៉ោង 7និង15នាទីយប់ ថ្ងៃទី4 ខែធ្នូ ឆ្នាំ2019 តាមបណ្តោយផ្លូវកម្ពុជាក្រោមកែងផ្លូវ215 នៅចំណុចស្តុប DN ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។

តាមប្រភពពីសមត្ថកិច្ចជំនាញព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងជំនាញរបស់គាត់បធ្វើការល្បាតពួនស្ទាក់ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងតាមច្បាមមុខសញ្ញាចាស់ដែលធ្វើសកម្មភាពឆក់ និងប្លន់កន្លងមក ខណៈពេលល្បាតមកដល់ចំណុចផ្លូវ107 នៅម្តុំក្រោយភោជីដ្ឋានថ្មដា ក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូ៣គ្រឿង ក្នុងនោះ១គ្រឿងម៉ាកហុងដាស្តុបពី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1IA2868 បើកតាមបណ្តោយផ្លូវកម្ពុជាក្រោមពីកើតទៅលិច ។

សមត្ថកិច្ចបន្តថា ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើនេះ ជិតស្តុប DN ជនសង្ស័យបានផ្តួលម៉ូតូចោល ហើយរត់គេចឡើងផ្ទះរបស់ប្រជាពលរដ្ឋសង្ងំលាក់ខ្លួនអស់ជាច្រើនម៉ោង ធ្វើឲ្យផ្អើលកម្លាំងចំរុះដូចជា កម្លាំងព្រហ្មទណ្ឌមហាផ្ទៃ និងកម្លាំងព្រហ្មកំរិតស្រាលនៃសង្នការដ្ឋាននគរបាលរាជធានីភ្នំពេញ ថែមទាំងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ធ្វើការរុករក និងស្រាវជ្រាវជុំវិញនៃកន្លែងកើតហេតុ រហូតផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាចោមរោមមើលយ៉ាងកុះករអស់មួយម៉ោងកន្លះ ទើបឃាត់ខ្លួនជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណនោះ យកទៅសួរនាំនៅនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ដើម្បីរកបក្សពួកជាបន្តទៅទៀត ។

ក្រោយពេលកើតហេតុ ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចចំនាញព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព