Social Network

ចាប់​បាន​ម្នាក់ រត់​រួច​ម្នាក់ ក្រោយ​ធ្វើ​សកម្ម​ភាព​លើ​ស្ត្រី​ម្នាក់​ដឹក​អីវ៉ាន់​អន​ឡាញ​

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូដឹកអីវ៉ាន់អនឡាញឲ្យម៉ូយត្រូវបានជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច ហើយរត់គេចខ្លួនម្នាក់ ចំណែកម្នាក់ទៀតត្រូវកម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការបង្ក្រាបនិងឃាត់ខ្លូនបានភ្លាមៗ កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះសីហនុកែងផ្លូវ១៤៣ សង្កាត់អូឡាំពិកខណ្ឌបឹងកេងកង ។ជនរងគ្រោះឈ្មោះ សុង ហាក់ដុង ភេទស្រី អាយុ២៣ឆ្នាំ មុខរបរលក់អីវ៉ាន់តាមអនឡាញ ស្នាក់នៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។

ចំណែកជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបាន ឈ្មោះ ហុក សុភ័ក្រ ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅម្តុំបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១GA-៧៨៩៣ ដឹកអីវ៉ាន់អនឡាញយកទៅឲ្យម៉ូយ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២៧៨ ក្នុងទិសដៅពីត្បូងទៅជើង ។

តាមប្រភពដដែលបានបន្តថា លុះមកដល់ចំណុចកើតហេតុខាងលើ គាត់បានយកទូរស័ព្ទចុចមើលផែនទី និងទីតាំងដែលភ្ញៀវកុំម៉ង់ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់វី ពណ៌ក្រហមលាយខ្មៅ មិនចាំស្លាកលេខ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេច ហើយបំរុងនឹងជិះរត់គេចខ្លួនដែរ តែត្រូវជនរងគ្រោះជិះដេញតាមពីក្រោយហើយស្រែកថាចោរៗ ទើបបង្កការភ្ញាក់ផ្អើលដល់កម្លាំងព្រហ្មទណ្ឌកំរិតស្រាលធ្វើការប្រដេញតាមចាប់ឃាត់ខ្លួនបានម្នាក់នៅចំណុចផ្លូវព្រះសីហនុកែងផ្លូវ១៤៣សង្កាត់អូរឡាំពិក ក៏យកទៅប៉ុស្តិ៍ដើម្បីធ្វើការសួរនាំ ប៉ុន្តែពេលសមត្ថកិច្ចដឹកយកជនរងគ្រោះយកទៅមើលកន្លែងកើតហេតុខាងលើនេះ ទើបដឹងថាហេតុការណ៍ខាងលើនេះកើតឡើងក្នុងទឹកដីបឹងកេងកង២ ក៏ដឹកជនរងគ្រោះយកទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បឹងកេងកង២វិញ ។

ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព