Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុវតីចាន់​រី«ជា​បងធំ​មេ​សាង»​ត្រូវសមត្ថ​កិច្ច​​បញ្ជូន​ទៅ​តុលាការ​ហើយ​

  • Print

ខេត្តព្រៃវែង ៖ ទីបំផុត យុវតីម្នាក់ឈ្មោះ ចាន់រី ដែលក្រុមអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដាក់ឈ្មោះឱ្យថា «ជាបងធំមេសាង» នោះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រៃវែងហើយ ដោយជាប់ចោទពីបទបង្ករបួសស្នាមដោយចេតនាលើអ្នកដទៃ។

គួរបញ្ជាក់ថា យុវតី ចាន់រី ត្រូវបានកំលាំងនគរបាលស្រុកមេសាង ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៣ មករា បន្ទាប់ពីបែកធ្លាយវីដេអូឃ្លីបមួយ ដែលរូបនាងនិងបក្សពួកជាច្រើននាក់ បានព្រួតគ្នាស្ទាក់ឃាត់ម៉ូតូយុវតី៤នាក់ផ្សេងទៀត ហើយវាយទៅលើជនរងគ្រោះ ដោយទះកំផ្លៀងជាច្រើនដៃ ដោយសារតែយុវតីរងគ្រោះជិះម៉ូតូមើលមុខរបស់ខ្លួន ដោយយុវតីចាន់រី និងបក្សពួកចាត់ទុកថា ការមើលមុខនេះគឺជាការឌឺដងអោយក្រុមរបស់ខ្លួន។

លោក នូវ ហាច អធិការនគរបាលស្រុកមេសាងបានអោយដឹងថា ហេតុការណ៍ដែលយុវតី ចាន់រី និងបក្សពួកស្ទាក់វាយយុវតីរងគ្រោះនោះ បានកើតឡើងតាំងពីថ្ងៃទី១១មករាមកម្លេះ ប៉ុន្តែរឿងរ៉ាវនេះបានបែកធ្លាយ បន្ទាប់ពីបក្សពួករបស់គេ បង្ហោះវីដេអូឃ្លីប ដែលថតពីសកម្មភាពរបស់យុវតី ចាន់រី គំរាមនិងវាយយុវតីរងគ្រោះ ចូលក្នុងបណ្តាញសង្គម ហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៣មករា ទើបធ្វើអោយមានការភ្ញាក់ផ្អើលល្បីពេញហ្វេសប៊ុក ហើយតាមរយៈវីដេអូនេះដែរ ទើបឈានទៅដល់ការឃាត់ខ្លួន យុវតី ចាន់រី នៅរសៀលថ្ងៃទី១៣មករាតែម្តង។

លោកអធិការបានបន្តទៀតថា ដំបូងឡើយសមត្ថកិច្ចយើង មានបំណងគ្រាន់តែចង់ឃាត់ខ្លួនយុវតី ចាន់រី យកមកធ្វើការអប់រំណែនាំប៉ុណ្ណោះ ដោយមិនមានបំណងកសាងសំណុំរឿងផ្តន្ទាទោសអ្វីនោះទេ ប៉ុន្តែនៅពេលដែលសមត្ថកិច្ចកំពុងតែធ្វើការអប់រំណែនាំ បែរជាឪពុកម្តាយនិងបងប្អូនសាច់ញាតិរបស់នាង លើកគ្នាមកកាន់អធិការដ្ឋាននគរបាលស្រុក ដោយបានស្រែកឡូឡាអុកឡុកជាខ្លាំង និងបានគំរាមចង់ប្តឹងសមត្ថកិច្ចវិញទៀត ដោយអះអាងថា កូនស្រីរបស់គាត់គ្រាន់តែខុសឆ្គងតិចតួច មិនសមណាសមត្ថកិច្ចចាប់វាយខ្នោះនោះទេ ធ្វើបែបនេះគឺប៉ះពាល់ដល់កិត្តិយសរបស់នាងខ្លាំងណាស់។

លោក នូវ ហាច បានបញ្ជាក់ថា ដោយមើលឃើញពីអាកប្បកិរិយាមិនសមរម្យ របស់គ្រួសារយុវតី ចាន់រី មកលើសមត្ថកិច្ចនោះ ទើបលោករាយការណ៌ឆ្លងយោបល់ទៅលោកព្រះរាជអាជ្ញា ហើយព្រះរាជអាជ្ញា ក៏បញ្ជាអោយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតែម្តង ដោយចោទប្រកាន់ពីបទ បង្ករបួសស្នាមដោយចេតនាលើអ្នកដទៃ ហើយបច្ចុប្បន្ននេះកំលាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កំពុងចាត់ការបន្តទៅតាមនិតិវិធី មុនបញ្ជូនទៅកាន់សាលាដំបូងខេត្ត៕

ដកស្រង់ពី៖កោះសន្តិភាព