Social Network

តំណាងអយ្យការចោទប្រកាន់ម្តាយ ពេជ្រ សូលីកា អាចមានទោស10ទៅ15ឆ្នាំ

រាជធានីភ្នំពេញ ៖ ស្ត្រីជាប់ចោទជាឃាតករដែលត្រូវជាម្តាយតារាចម្រៀងនាង ពេជ្រ សូលីកា កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ត្រូវបាននគរបាលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយសំណុំរឿងនេះ ស្ថិតនៅដៃលោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារង ធ្វើការសាកសួរ និងបានចោទប្រកាន់ជាផ្លូវការពីបទឃាតកម្ម ។

បទឃាតកម្មនេះ តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ តម្រូវឲ្យផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារចាប់ពី១០ឆ្នាំទៅ១៥ឆ្នាំ ។ ក្រោយពីលោកស្រីព្រះរាជអាជ្ញារង ចោទប្រកាន់ជាផ្លូវការហើយ ជនជាប់ចោទឈ្មោះ ស៊ិន ស្រីនាង អាយុ៤៥ឆ្នាំ ត្រូវបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើប ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំសវនាការផ្តន្តាទោសតាមច្បាប់ជាធរមាន ។

សូមរំឭកថា នាវេលាព្រឹកព្រលឹមថ្ងៃទី១៣ ខែមករា មានព័ត៌មានធ្វើឱ្យកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ដោយសាររឿងឃាតកម្មនឹកស្មានមិនដល់មួយ គឺស្ត្រីម្នាក់ជាម្តាយតារាចម្រៀង ពេជ្រ សូលីកា បានជាប់ចោទសម្លាប់ស្ត្រីម្នាក់ដែលតែងខ្លួនជាប្រុស ។

រឿងក្តីនេះ មិនជាប់ទាក់ទិនតារាចម្រៀងរូបនេះទេ តែដោយសារតែជាម្តាយរបស់តារាចម្រៀងនាង ពេជ្រ សូលីកា ទើបរឿងនេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ អំពើឃាតកម្មមួយនេះ បានកើតឡើងរវាងគូស្នេហាវ័យចំណាស់ស្រីស្រឡាញ់ស្រីដូចគ្នាដែលកើតជាជម្លោះឈ្លោះប្រកែកគ្នារហូតឈានដល់ការប្រើហិង្សាបញ្ចប់ជីវិតតួប្រុស និងបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅផ្ទះលេខ L42A ក្នុងបុរីវីឡាថោន ក្នុងភូមិទួលរកា សង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ កាលពីវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ។

ស្ត្រីដៃដល់ឈ្មោះ ស៊ិន ស្រីនាង (តួអង្គជាប្រពន្ធ) អាយុ៤៥ឆ្នាំ ស្នាក់នៅចំណុចកើតហេតុ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ ងិន សុខលី (តួអង្គជាប្តី) អាយុ៥០ឆ្នាំ មុខរបរលក់ កាហ្វេនៅផ្សារដេប៉ូ មានទីលំនៅក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ដែលតាមប្រភពខ្លះថា ជាអ្នករកស៊ីចងការប្រាក់ផងដែរ ។ ទាំង២នាក់ជាស្ត្រីស្រឡាញ់ភេទដូចគ្នា ហើយពួកគេមាន ទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេល៩ឆ្នាំមកហើយ បន្ទាប់ពីលែងលះប្តី ។

នាយប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម លោកវុឌ្ឍ ផូសារវ័ន្ត ឱ្យដឹងថា កាលពីវេលាថ្ងៃត្រង់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចបានទទួលទូរស័ព្ទរាយការណ៍មកថា មានមនុស្សខ្យល់គរស្លាប់នៅក្នុងផ្ទះកើតហេតុខាងលើ ។ក្រោយពីទទួលបានព័ត៌មាននេះភ្លាមៗ លោកបានដឹកនាំកម្លាំងចុះទៅដល់ផ្ទះកើតហេតុ និងសហការជាមួយនគរបាលជំនាញផ្នែកកោសល្យវិច័យ ដើម្បីពិនិត្យសព តើពិតជាស្លាប់ ដោយសារខ្យល់គរមែន ឬក៏ស្លាប់ដោយអំពើឃាតកម្មណាមួយ ។

ក្រោយពីពិនិត្យយ៉ាងល្អិតល្អន់រួចមក ជាលទ្ធផលបញ្ជាក់ថា ស្ត្រីរងគ្រោះពុំមែនស្លាប់ដោយសារខ្យល់គរឡើយ គឺដោយសារឃាតកម្ម ។បន្ទាប់ពីលទ្ធផលពិនិត្យឃើញថា ស្ត្រីរងគ្រោះស្លាប់ដោយសារគេសម្លាប់ហើយនោះនារសៀលថ្ងៃដដែល សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនស្ត្រីឈ្មោះ ស៊ិន ស្រីនាង ដែលគេដឹងថាជាតួអង្គប្រពន្ធ នាំយកទៅប៉ុស្តិ៍នគរបាលចាក់អង្រែក្រោមដើម្បីសាកសួរ ។ នៅពេលធ្វើការសាកសួរដេញដោលយ៉ាងល្អិតល្អន់តាមជំនាញអស់ជាច្រើនម៉ោងរួចមក ស្ត្រីជាជនសង្ស័យក៏បានឆ្លើយសារភាពទទួលស្គាល់ចំពោះមុខសមត្ថ កិច្ចថា ខ្លួនពិតជាបានសម្លាប់ដៃគូស្នេហាភេទដូចគ្នាប្រាកដមែន ដោយបានចាប់ចងជើងចងដៃ រួចរុញក្បាលឱ្យផ្កាប់មុខនឹងខ្នើយ រហូតថប់ដង្ហើមដាច់ខ្យល់ស្លាប់តែម្តង ខណៈជនរងគ្រោះស្ថិតក្នុងភាពស្រវឹងស្រាជោកជាំ ។

តាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះជាស្រី្តដែលធ្វើខ្លួន ជាប្រុស និងជាមនុស្សស្រឡាញ់ភេទដូចគ្នា មានមុខរបរជាអ្នកចងការប្រាក់ មានលុយកាក់សល់ច្រើន ។ ជនរងគ្រោះធ្លាប់មានទំនាក់ទំនងគ្នាជាមួយនឹងស្ត្រីជាជនដៃដល់ជាយូរមកហើយ តែមានការលាក់លៀមពីក្រុមគ្រួសារ ។ ប្រភពដដែលឱ្យដឹងទៀតថា ជនរងគ្រោះមិនដែលធ្លាប់បាត់ចេញពីផ្ទះមួយយប់ទល់ភ្លឺ ម្តងណាទេ គឺទើបតែនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ជាយប់ដែលស្លាប់នេះ ជនរងគ្រោះបានបាត់ដំណឹង ហៅទូរស័ព្ទចូលក៏មិនទទួល ធ្វើឱ្យពួកគាត់ជាសាច់ញាតិឆ្ងល់ហើយបារម្ភ ។

លុះដល់វេលាម៉ោង១រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ស្រាប់តែក្រុមគ្រួសារ សាច់ញាតិបានលេចឮដំណឹងតាមទូរស័ព្ទតៗគ្នាថា ជនរងគ្រោះបានស្លាប់នៅផ្ទះកើតហេតុខាងលើដែលជាផ្ទះវីឡារបស់ជនដៃដល់ស្នាក់នៅ ដោយមិនដឹងមូលហេតុ ។

គ្រាន់តែទទួលដំណឹងនេះភ្លាម ពួកគាត់ជាសាច់ញាតិនាំគ្នាទៅដល់ផ្ទះកើតហេតុ ព្រោះសាច់ញាតិក៏ស្គាល់ផ្ទះរបស់ជនដៃដល់នេះដែរ ។ពេលទៅដល់ផ្ទះកើតហេតុ ស្ត្រីជាជនដៃដល់បើកទ្វារឱ្យចូលហើយនិយាយប្រាប់ថា ជនរង គ្រោះបានស្លាប់បន្ទាប់ពីហូបបាយហើយដែលសង្ស័យខ្យល់គរ ។

ពួកគាត់ក៏ទៅមើលនៅក្នុងផ្ទះ ឃើញជនរងគ្រោះស្លាប់ក្នុងស្ថានភាពកើយខ្នើយត្រឹមត្រូវ និងមានស្នាមនៅក ស្នាមចងដៃចងជើង ព្រមទាំងបាត់ចិញ្ចៀនពេជ្រ២វង់ តម្លៃជិត២ម៉ឺនដុល្លារ និងខ្សែក ព្រមទាំងលុយមួយចំនួនទៀត ។

ភ្លាមៗនោះដែរ ពួកគាត់ជាសាច់ញាតិមិនអស់ចិត្ត ក៏សុំឱ្យសមត្ថកិច្ចមូលដ្ឋាននិងមន្ត្រីជំនាញកោសល្យវិច័យ ព្រមទាំងគ្រូពេទ្យទៅពិនិត្យនៅកន្លែងកើតហេតុ ទើបរកឃើញពីការពិតស្តីពីឃាតកម្មនេះ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារខ្ទប់ដង្ហើម(ឃាតកម្ម) និងមានស្លាកស្នាមនៅលើខ្លួនប្រាណដោយប្រើហិង្សាជាង១០កន្លែងទៀត ទើបសមត្ថកិច្ចឃាត់ខ្លួនស្ត្រីដែលជាគូស្នេហ៍របស់ស្ត្រីរងគ្រោះ នាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែក្រោមតែ ម្ដង ដែលទីបំផុតក៏សារភាព ។

តាមសាច់ញាតិបានចោទថា ស្ត្រីដៃដល់នេះជំពាក់លុយជនរងគ្រោះជិត៣.០០០ដុល្លារ ហើយជនរងគ្រោះធ្លាប់ប្រាប់សាច់ញាតិថា ពេលដែលគាត់ទូរស័ព្ទទារលុយម្តងៗ គឺតែងតែគំរាមរកសម្លាប់គាត់ជាច្រើនដងមកហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព