Social Network

ឌឺដង​ដាក់​គ្នា​ចុះឡើង​ៗ ទ្រាំ​លែង​បាន វាយតប់​គ្នាតាមផ្លូវ​​សហព័ន្ធរុស្ស៊ី​

រាជធានីភ្នំពេញ ៖ យុវជន២ក្រុមជិះម៉ូតូជួបគ្នា ក៏ឌឺដងពាក្យសំដីដាក់គ្នា រួចវាយតប់គ្នា បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចទល់មុខឱសថស្ថានមួយកន្លែង នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

យុវជនទាំង២ក្រុមខាងលើនេះមានគ្នាសរុប៥នាក់ មិនស្គាល់ឈ្មោះនោះទេ ដោយភាគីម្ខាងមានគ្នា២នាក់ ជិះម៉ូតូ២គ្រឿង និងភាគីម្ខាងទៀតមានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿង ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ ភាគីខាងយុវជនដែលមានគ្នា២នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីខាងលើ ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែភាគីខាងយុវជនដែលមាន៣នាក់ ជិះម៉ូតូមួយគ្រឿង ក្នុងទិសដៅ ស្របគ្នា ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា បន្ទាប់មកភាគីខាងយុវជន៣នាក់ បានបើកវ៉ាមកទន្ទឹម និងមើលមុខ រួចឌឺដងដាក់ភាគីខាងយុវជន២នាក់ បានវាយម្នាក់បណ្តាលឱ្យដួលម៉ូតូ ហើយម្នាក់ទៀតឈប់ជួយលើកម៉ូតូ ក៏ត្រូវភាគីខាងយុវជនដែលមានគ្នា៣នាក់ បានបកត្រឡប់ក្រោយមកវាយយុវជនទាំង២នាក់ ដែលកំពុងជួយលើកម៉ូតូ ហើយយុវជនទាំង២នាក់យកមួយសុវត្ថិភាពវាយតបទៅវិញ បណ្តាលឲ្យភាគីខាងយុវជនដែលមានគ្នា៣នាក់ រងរបួសបែកក្បាលម្នាក់ ហើយបាននាំគ្នាយកទៅសង្គ្រោះនៅគ្លីនិកភ្លាមៗផងដែរ ដោយទុកឲ្យម្នាក់ ទាក់ទងទៅបងប្អូនមកកន្លែងកើតហេតុភ្លាម និងប្តឹងទៅសមត្ថកិច្ចអោយជួយអន្តរាគមន៍ឃាត់យុវជន២នាក់ខាងលើយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលភ្លាមៗផងដែរ។

សមត្ថកិច្ចបានទៅមើលអ្នកដែលរងរបួសម្នាក់នៅគ្លីនិកឯកជនជិតរង្វង់មូលចោមចៅ ដោយរងរបួសបែកក្បាល និងនាំក្មេងទំនើងម្នាក់ដែលបែកក្បាលខាងលើទៅកាន់បុស្តិ៍នគរបាលទាំងអស់គ្នា ដើម្បីសួររកហេតុផលភ្លាមៗផងដែរ ។

ចំណែកសមត្ថកិច្ចបានសាកសួរនៅជុំវិញកន្លែងកើតហេតុដឹងថា ភាគីខាងយុវជនដែលមានគ្នា៣នាក់ បានរករឿងគេមុន ទើបគេវាយការពារខ្លួន និងបណ្តាលឲ្យរងរបួសភាគីខាងយុវជនបង្កតែម្ដង ។

ក្រោយពេលកើតហេតុ បន្ទាប់ពីសមត្ថកិច្ចសាកសួរភាគីទាំងសងខាងរួចហើយ ភាគីខាងយុវជនដែលមានគ្នា២នាក់ សុខចិត្តជួយចេញថ្លៃព្យាបាលចំនួន២០ម៉ឺនរៀល ដើម្បីបញ្ចប់រឿងនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ដោយមិនប្តឹងផ្តល់គ្នាអ្វីទាំងអស់ និងធ្វើកិច្ចសន្យាអោយអាណាព្យាបាលធានា រួចអោយត្រឡប់ទៅផ្ទះវិញភ្លាមៗផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព