Social Network

លើកគ្នា​វាយ​កម្ទេច​ផ្ទះ​ហ្គេ​ម​បាញ់​ត្រី ព្រោះ​កើត​ចោរ

រាជធានីភ្នំពេញ ៖ ទីតាំងហ្គេមបាញ់ត្រី ដែលជាកន្លែងលួចលាក់ជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងដុះស្លែ២កន្លែង ត្រូវបានអ្នកភូមិនិគមជនវៀតណាម ផ្ទុះហិង្សានាំគ្នាវាយកម្ទេចចោល ដោយសារតែទីតាំងនោះបង្កើតឱ្យមានល្បែងស៊ីសង ធ្វើឱ្យកើតអំពើចោរកម្មលួចឆក់ ប្លន់នៅក្នុងភូមិ ហើយបែរជាអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌឫស្សីកែវមិនបង្ក្រាប ។

ការផ្ទុះហិង្សានេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១១យប់ថ្ងៃទី១៣ មីនា នៅចំណុចផ្ទះបើកហ្គេមបាញ់ត្រី ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ហើយនៅព្រឹកថ្ងៃទី១៥ មីនា អ្នកភូមិប្រមាណជាង១០០នាក់ក៏បានបន្តនាំគ្នាផ្តិតមេដៃប្តឹងផងដែរ ។

ការផ្ទុះហិង្សានេះ ត្រូវបានគេដឹងថា បន្ទាប់ពីជនសង្ស័យ៦នាក់ប្រដាប់ដោយដាវ បានចេញពីទីតាំងហ្គេមបាញ់ត្រី ហើយបានធ្វើសកម្មភាពកាប់ប្លន់យកទូរស័ព្ទពីក្មេងៗនៅក្នុងភូមិយកបានចំនួន៤គ្រឿង ស្ថិតនៅ២ទីតាំងក្បែរគ្នា ត្រូវអ្នកភូមិជាជនជាតិវៀតណាមនាំគ្នាប្រើហិង្សា វាយកម្ទេចទ្វារផ្ទះហើយចូលទៅវាយកម្ទេចទូហ្គេមនិងអូសយកចេញមកក្រៅផ្ទះ ។

ប្រជាពលរដ្ឋបានឱ្យដឹងថា ទីតាំងហ្គេមបាញ់ត្រីនេះមានម្ចាស់ឈ្មោះ ប៊ិន ដែលបានបើកលេងយ៉ាងដុះស្លែមកហើយ ពុំត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវចុះបង្ក្រាបឡើយ ដែលគេសង្ស័យថាអាចជាឆ្នាំងបាយ ។

មិនត្រឹមតែបើកល្បែងស៊ីសងនោះទេ ទីតាំងនេះក៏ជាកន្លែងជួញដូរនិងប្រើប្រាស់គ្រឿងផងដែរ ។ ជាហេតុបង្កើតឱ្យមានចោរលួចឆក់ ប្លន់ជាបន្តបន្ទាប់ ។

តាមប្រជាពលរដ្ឋបានឱ្យទៀតថា នៅវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី១៣ ខែមីនា ជនសង្ស័យ១ក្រុមមានគ្នា៦នាក់បានមកលេងហ្គេមបាញ់ត្រីចាញ់អស់ ហើយចេញទៅវិញ ក៏បានធ្វើសកម្មភាពកាប់ប្លន់យកទូរស័ព្ទក្មេងក្នុងភូមិយកអស់២គ្រឿង និងបានកាប់ម៉ូតូខ្ទេច២គ្រឿងដោយសារខឹងយកទៅមិនបាន ។

បន្ទាប់ពីមានអំពើប្លន់ អ្នកភូមិក៏បានផ្ទុះហិង្សាក៏បាននាំគ្នាបះបោរវាយកញ្ចក់ផ្ទះហ្គេម និងវាយកម្ទេចទូរហ្កេម អូសចេញមកក្រៅតែម្តង ។

តាមអ្នកភូមិក៏បានឱ្យដឹងទៀតថា ការនាំគ្នាវាយម្ទេចទូហ្គេមនេះ ដោយសារតែខឹងផ្ទះមួយនោះបង្កើតឱ្យមានល្បែងស៊ីសង ជួញដូរប្រើប្រាស់គ្រឿងញៀនជាដើមចមឱ្យមានអំពើលួចប្លន់ជាបន្តបន្ទាប់ ដែលកន្លងមានករណីលួច ប្លន់ មានប្រមាណ៦ទៅ៧លើកមកហើយ ។

ក្រុមអ្នកភូមិដែលខឹងសម្បានិយាយថា បើមិននាំគ្នាធ្វើបែបនោះ មិនអាចបញ្ឈប់ល្បែងស៊ីសងដុះស្លែនេះបានទេ ព្រោះកន្លងមកពួកគាត់រាយការណ៍ប្រាប់អាជ្ញាធរនិងសមត្ថកិច្ចជាច្រើនលើកមកហើយ ពុំមានសមត្ថកិច្ចណាចុះបង្ក្រាបឡើយ ។

តាមជនរងគ្រោះដែលត្រូវបានក្រុមចោរវាយប្លន់ឈ្មោះ ង្វៀងយ៉ាំងទឹង ភេទប្រុស អាយុ១៧ឆ្នាំ បានឱ្យដឹងថា នៅយប់ថ្ងៃកើតហេតុ ខ្លួននិងអ្នកភូមិ៣នាក់កំពុងតែអង្គុយលេងទូរស័ព្ទនៅផ្ទះកាហ្វេក្នុងភូមិ ស្រាប់តែមានជន៦នាក់ ចេញពីផ្ទះហ្គេមបាញ់ត្រី ទំនងជាចាញ់ល្បែងអស់ ក៏បានធ្វើសកម្មភាពគំរាមកាប់ប្លន់យកទូរស័ព្ទអាយហ្វូនអស់២គ្រឿង ហើយប្រុងទាញយកម៉ូតូ២គ្រឿង តែជាប់សោក្រុមជនសង្ស័យយកមិនបានក៏បានកាប់កម្ទេចម៉ូតូចោល ធ្វើដូចតំបន់នោះអត់មានរដ្ឋអំណាច ។ ផ្ទះហ្គេមនោះ សុទ្ធតែបំពាក់កាមេរ៉ាសុវត្តិភាពចាំមើលផងដែរ ។

អ្នកភូមិក៏បានសំណូមពរដល់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ក៏ដូចជាលោកអធិការខណ្ឌមេត្តាបំបិទល្បែងស៊ីសងនេះផង ដើម្បីភូមិ សង្កាត់មានសុវត្តិភាព ៕

ដកស្រង់ពី៖កោះសន្តិភាព