Social Network

កាមេ​រ៉ូ​ន​ម្នាក់​ជាប់ជុច​ពាក់​ព័ន្ធ​ឆបោកប្រាក់​ជាង៣ម៉ឺន​ដុល្លារ​រឿង​ចូល​ហ៊ុន​ទិញ​លក់​ដី​

រាជធានីភ្នំពេញ ៖ បុរសជនជាតិកាមេរ៉ូនម្នាក់ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធករណីឆ.បោកប្រាក់ពីពាណិជ្ជករខ្មែចំនួន៣៥០០០ដុល្លារអាមេរិក រឿងចូលហ៊ុនគ្នារកស៊ីទិញលក់ដី ។

ជនសង្ស័យមានឈ្មោះ MEZATIO CHUNMELER SIEGFRIEJ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិកាមេរ៉ូន មុខរបរមិនពិតប្រាកដ ចូលមកស្នាក់នៅអាផាតាមិន ផ្លូវលេខ៥១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ទាក់ទិនករណីឆបោកប្រាក់ខាងលើនេះ ប្រភពព័ត៌មានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ឈ្មោះ ឌី ឃន និងសន្តិសុខយាមនៅអាផាតាមិន ឌីប្រីត បានធ្វើការឃាត់ខ្លួនជនជាតិកាមេរ៉ូនឈ្មោះ MEZATIO ទៅប្រគល់ឲ្យសមត្តកិច្ចកងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បីធ្វើការសាកសួរពាក់ព័ន្ធករណីឆបោកប្រាក់ ។

ក្រោយពីសាកសួរជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចការចោទប្រកាន់នោះមែន ទើបសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌចំការមន បញ្ជូនទៅកានការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

តាមប្រភពព័ត៌មានបន្តថា តាមពាក្យបណ្តឹងឈ្មោះ ឌី ឃន កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ខ្លួនបានទំនាក់ទំនងជាមួយជនសង្ស័យ ដោយនិយាយប្រាប់គ្នាថា គាត់មានលុយរាប់លានដុល្លារដើម្បីយកមកទិញដីនៅស្រុកខ្មែរ ដែលលុយនោះចាយនៅស្រុកគាត់លែងកើត ។

លុះដល់ថ្ងៃទី១០ ខែមីនា ខ្លួន(ដើមបណ្តឹង)បានណាត់ជួបជនសង្ស័យនៅហាងបារ៉ាងផ្លូវ១៤៤ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ បន្ទាប់មកថ្ងៃទី១១ ខែមីនា ជនសង្ស័យបានមកជួបដើមបណ្តឹងម្តងទៀតនៅខុនដូររបស់គាត់ម្តុំបឹងត្របែក ពេលនោះជនសង្ស័យបានឲ្យប្រាក់១០០ដុល្លារទៅដើមបណ្តឹង ដើម្បីធ្វើការផ្ទៀងផ្ទាត់ជាមួយលុយរបស់គាត់១០០ដុល្លារអាមេរិកដែរ ។

បន្ទាប់មកជនសង្ស័យក៏បានវិលត្រឡប់ទៅកន្លែងស្នាក់នៅវិញ រហូតដល់ថ្ងៃរសៀលដើមបណ្តឹងបានយកលុយ១០០ ដុល្លារដែលជនសង្ស័យឲ្យនោះ យកទៅដាក់ធនាគារ ដើម្បីចង់ដឹងលុយសុទ្ធមិនសុទ្ធ ពេលនោះធនាគារទទួលយកធម្មតា ។

ដូច្នោះហើយជនសង្ស័យបានណាត់ឲ្យប្រមូលប្រាក់ដែលមានយកទៅដាក់ធនាគារហើយខ្លួន(ដើមបណ្តឹង)ក៏បានយកប្រាក់ចំនួន៣៥ ០០០ ដុល្លារអាមេរិកបំណងកាន់យកទៅតម្កល់នៅធនាគារដែរ ។

បន្ទាប់មកទៀតដើមបណ្តឹងបានទៅជួបជនសង្ស័យនៅសណ្ឋាគារមួយកន្លែង ពេលទៅដល់ក៏ឃើញមានគ្នា២នាក់ រួមដំណើរទៅខុនដូររបស់គាត់ដើម្បីរាប់លុយបញ្ចូលគ្នាវិចខ្ចប់យកទៅដាក់ក្នុងធនាគារ ។

ពេលទៅដល់ធនាគារស្រាប់តែជនសង្ស័យបានប្រាប់ថា គេភ្លេចសម្ភារៈនៅសណ្ឋាគារ ហើយជនរងគ្រោះបានក៏បានជូនជនសង្ស័យទៅខុនដូរវិញ លុះពេលទៅដល់ជនសង្ស័យបានព្យាយាមគេចខ្លួន តែត្រូវបានជនរងគ្រោះស្រែកឆោឡោ ទើបបានសន្តិសុខជួយចាប់ជនសង្ស័យ នឹងបានប្រគល់ឲ្យសមត្តកិច្ចកងរាជអាវុធហត្ថខណ្ឌចំការមនតែម្តងទៅ ។

ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាមានគំនិតទុច្ចរិតចង់ ឆបោកប្រាក់ពីជនរងគ្រោះយ៉ាងដូច្នោះមែន ជាក់ស្តែងលុយមួយដុំដែលរុំស្កុតជិត មានបំណងកាន់យកទៅដាក់ធនាគារជាមួយជនរងគ្រោះនោះ ជាក្រដាសសុទ្ធសាតដើម្បីបំភ័ន្តជនរងគ្រោះបោកយកប្រាក់តែប៉ុណ្ណោះ ។

ដោយយោងទៅលើបទល្មើសជាក់ស្តែង និងចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

បន្ទាប់ពីបើកការស៊ើបសួរយ៉ាងពេញលេញ តំណាងអយ្យ ការបានសម្រេចធ្វើការចោទប្រកាន់ជនជាតិកាមរ៉ូននោះជាផ្លូវការពីបទ.ឆបោក នឹងបានចាត់បញ្ជូនទៅខាងចៅក្រមដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ៕

ដកស្រង់ពី ៖កោះសន្តិភាព