Social Network

ខ្លាំងបាត់! ខឹង​​ប្អូនស្រី និង​ឪពុក​ស្តីឱ្យ​​រឿង​មើល​ទូរ​ទស្ស​ន៍ ​ដេញ​កាប់​ពេញ​ភូមិ

ខេត្តកណ្តាល ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីប្អូនស្រី និងឪពុកបង្កើតស្តីឱ្យរឿងមើលទូរទស្សន៍ ហើយបើកសំលេងឮខ្លាំងពេក ធ្វើឱ្យជនសង្ស័យខឹងក៏ដេញកាប់ផ្អើលពេញភូមិ បណ្តាលឱ្យជនរងគ្រោះជាឪពុករងរបួសភ្នែកខាងស្តាំ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពី៣និង៣០នាទីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះមួយកន្លែង ស្ថិតក្នុងភូមិព្រែកឫស្សី ឃុំកំពុងកុង ស្រុកកោះធំ ខេត្តកណ្ដាល។ ជនរងគ្រោះជាឪពុកបង្កើតឈ្មោះ ស្តើង ធូ អាយុ៥៩ឆ្នាំ មុខរបរកសិករ បានរងរបួសភ្នែកខាងស្តាំ និងប្អូនស្រីឈ្មោះធូ ស្រីវិន ។

ចំណែកជនសង្ស័យជាកូនឈ្មោះ ធូ សីហា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ ។ គ្រួសារនេះរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។តាមប្រភពពីនគរបាលបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជាឪពុកបានឃើញជនសង្ស័យជាកូន និងប្អូនស្រីឈ្លោះប្រកែកគ្នា ទើបជនរងគ្រោះជាឪពុកក៏ដើរទៅផ្ទះ ហើយសួរថា មានរឿងអីបានឈ្លោះប្រកែកគ្នាបែបនេះ? ។

តាមប្រភពដដែលបានបន្តថា ពេលនោះប្អូនស្រីបានឆ្លើយថា ជនសង្ស័យជាបងមើលទូរទស្សន៍តាំងពីព្រឹករហូតទល់ល្ងាច ហើយបើកសម្លេងឮៗទៀត លុះពេលប្រាប់ឱ្យបិទ ជនសង្ស័យខឹងបានបោចឌុយទូរទស្សន៍ខ្ទេចខ្ទីអស់រលីង។

ពេលស្តាប់កូនស្រីនិយាយរួច ជនរងគ្រោះបានស្តីបន្ទោសជនសង្ស័យជាកូន ពេលនោះជនសង្ស័យមិននិយាយតបតជាមួយឪពុកវិញទេ បានដើរចេញទៅក្រៅវិញបាត់។ តាមប្រភពដដែលបានបន្តថា លុះដល់វេលាម៉ោងកើតហេតុ ជនសង្ស័យបានត្រឡប់មកផ្ទះវិញ ក៏ដើរទៅវាយជនរងគ្រោះជាឪពុកមួយដៃចំភ្នែកខាងស្តាំ បណ្តាលឱ្យរងរបួសជាំភ្នែក ។

ភ្លាមៗនោះជនសង្ស័យក៏បានទាញកាំបិតកណ្ដៀវដេញកាប់ប្អូនស្រីម្នាក់ទៀត ប៉ុន្តែបានអ្នកជិតខាងជួយឃាត់ទាន់ ទើបផ្អាក សកម្មភាពទាន់ពេល។ បច្ចុប្បន្ន សមត្ថកិច្ចប៉ុស្តិ៍បាននាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការការតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព