Social Network

សកម្មជន​ហ្វេ​ស​ប៊ុ​ក ខ្លាសរ អស់លក្ខណ៍​ពាក់​ព័​ន្ធ​គ្រឿង​ញៀន

រាជធានីភ្នំពេញ ៖ បុរសម្នាក់ឈ្មោះរ៉េត សារុន អាយុ៤០ឆ្នាំ ដែលគេស្គាល់ថា ជាសកម្មជន និងជាម្ចាស់អាក់ខោនហ្វេសប៊ុក ខ្លាសរ ដែលគេអះអាងថា ពូកែជេរតាមបណ្តាញសង្គមហ្វេសប៊ុក ត្រូវបាននគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួន រួមជាមួយយុវជនម្នាក់ទៀត ព្រមទាំងដកហូតបានថ្នាំញៀន១កញ្ចប់ផងដែរ។

ការឃាត់ខ្លួនសកម្មជនខាងលើនេះត្រូវបាននគរបាលអោយដឹងថា ធ្វើឡើងកាលពីវេលាម៉ោងប្រមាណ១១ និង៣០នាទីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២០ ខណៈពេលដែលសកម្មជនខាងលើធ្វើដំណើរទៅទិញថ្នាំញៀននៅតំបន់ត្រពាំងឈូក ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

 

ជនសង្ស័យទាំង២នាក់ខាងលើដែលត្រូវចាប់ខ្លួន ម្នាក់ឈ្មោះ រ៉េត សារុន ភេទប្រុស អាយុ៤០ឆ្នាំ ដែលគេស្គាល់ថា សកម្មជនមួយរូបពូកែជេរតាមបណ្តាញសង្គម ដែលមានអាក់ខោនហ្វេសប៊ុក ខ្លាសរ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងម្នាក់ទៀតឈ្មោះ រ៉ុន ចំរ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទម្សៅក្រាមសថ្លា១កូនថង់តូច និងម៉ូតូមួយគ្រឿង ម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១GQ-៤៧៥៨ ។

តាមប្រភពពីនគរបាលអោយដឹងថា នៅមុនពេលកើតហេតុ នគរបាលមូលដ្ឋានក៏បានចុះល្បាតនៅក្នុងមូលដ្ឋាន ដែលជាតំបន់ស្មុគស្មាញ ក៏បានប្រទះឃើញជនសង្ស័យ ហើយក៏ធ្វើការត្រួតពិនិត្យ និងឆែកឆេរ ស្រាប់តែឃើញគ្រឿងញៀន១កញ្ចប់នៅក្នុងកាបូបរបស់ជនសង្ស័យឈ្មោះ រ៉េត សារុន ហៅខ្លាសរ ក៏ឃាត់ខ្លួន រួមជាមួយយុវជនម្នាក់ទៀត ។

តាមចម្លើយសារភាព ថ្នាំញៀននោះ ត្រូវបានរូបគេប្រើក្មេងអោយទៅទិញ ហើយពេលទិញបានហើយ ត្រឡប់មកវិញត្រូវនគរបាលឃាត់ខ្លួនតែម្តង ។

សកម្មជនខ្លាសរ រួមជាមួយយុវជនម្នាក់ទៀត ត្រូវបាននគរបាលបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ។ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានអោយដឹងថា បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្ត គឺជនសង្ស័យទាំង២នាក់ខាងលើពុំមានសារធាតុញៀននោះទេ ៕

ដកស្រង់ពី៖កោះសន្តិភាព