Social Network

ព្រួតគ្នាផ្តាច់ជីវិតបុរសម្នាក់តាមផ្លូវ លុះ១​ម៉ោងក្រោយអស់លក្ខណ៍​

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ត្រូវកងរាជអាវុធហត្ថខេត្តចាប់ខ្លួនបានក្រោយពីធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះម្នាក់បណ្តាលឱ្យបាត់បង់ជីវិត ក្នុងទំនាស់ពាក្យសម្តីនឹងគ្នា ។

ហេតុការណ៍ចាប់ខ្លួនជនសង្ស័យម្នាក់ខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង២២នាទីយប់ថ្ងៃទី៨ ឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវលំ ក្នុងភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។

លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្តខេត្តបានអោយដឹងថា ជនសង្ស័យម្នាក់ដែលត្រូវបានចាប់ខ្លួនខាងលើនេះឈ្មោះខាត់ សង្ហា ភេទប្រុស អាយុ២៧ឆ្នាំ ជាជាងផ្សារដែក រស់នៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ បន្ទាប់ពីចាប់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុងតាងម៉ូតូមួយគ្រឿងម៉ាក EXCITER GP ពណ៌ទឹកប៊ិុចចាស់ គ្មានស្លាកលេខ ។

លោកមេបញ្ជាការរងបានបន្តទៀតថា ក្រោយពេលកើតហេតុ លោកបានដឹកនាំកំលាំងជំនាញដោយសហការជាមួយកំលាំងមូលដ្ឋានក្រុងដូនកែវបានជិះរថយន្តល្បាតតាមបណ្តោយផ្លូវលំ ក្នុងភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ក៏បានប្រទះឃើញជនសង្ស័យជិះម៉ូតូតែម្នាក់ឯងដូចភិនភាគដូចម៉ូតូដែលបានរាយការណ៍មកនោះ ។

លុះពេលពិនិត្យឃើញម៉ូតូមានប្រឡាក់ដីខ្សាច់ថ្មីៗដូចកន្លែងជនរងគ្រោះដួលម៉ូតូដែរនោះក៏បានសុំយោបល់ពីលោកជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដោយបានបង្គាប់អោយឃាត់ខ្លួនតែម្តង ហើយនៅពេលនេះយើងកំពុងតែសួនាំដើម្បីស្វែងរកចាប់ខ្លួនបក្ខពួកដែលនៅសល់ ។

គួររំលឹកថា កាលពីវេលាម៉ោង១០យប់ថ្ងៃទី៨ ឧសភា ឆ្នាំ២០២០ មានករណីជនសង្ស័យមួយក្រុមធ្វើសកម្មភាពកាប់ប្រហារទៅលើជនរងគ្រោះម្នាក់ បណ្តាលឱ្យបាត់បង់ជីវិត ត្រង់ចំណុចមុខមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ:ខេត្តតាកែវ ស្ថិតក្នុងភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ មានជនសង្ស័យមួយក្រុមមានគ្នាប្រហែលពី៤នាក់ទៅ៥នាក់ជិះម៉ូតូចំនួន២គ្រឿង ក្នុងនោះម៉ូតូមួយគ្រឿងម៉ាកEXCITER GP(150) ពណ៌ទឹកបិុចចាស់ គ្មានស្លាកលេខ និងម៉ូតូមួយគ្រឿងទៀតមិនស្គាល់ម៉ាក បានធ្វើសកម្មភាពយកពូថៅ និងដាវជិះដេញកាប់ទៅលើជនរងគ្រោះចំនួន៣នាក់ដែលកំពុងជិះម៉ូតូមួយគ្រឿង ធុន C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FR -៤២៤៦ ក្នុងទិសដៅស្របគ្នាពីកើតមកលិច។

ក្នុងហេតុការណ៍ខាងលើនេះដែរ បណ្តាលឱ្យជនរងគ្រោះម្នាក់បាត់បង់ជីវិត និង២នាក់ទៀតរងរបួសធ្ងន់ ក្នុងនោះរួមមាន ១-ឈ្មោះប៉ុល រឿនមករា ភេទប្រុស អាយុ១៧ឆ្នាំ ជាកសិករ បានបាត់បង់ជីវិតនៅកន្លែងកើតហេតុ ២-ឈ្មោះ មុត ចិនមិថុនា ភេទប្រុស អាយុ២១ឆ្នាំ ជាកសិករ រងបួសធ្ងន់ និងឈ្មោះហេង សុីណា ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស រងរបួសធ្ងន់ ។

ជនរងគ្រោះទាំងបីនាក់រស់នៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ លុះ១ម៉ោងក្រោយមក កំលាំងកងរាជអាវុធហត្ថក៏ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងកំពុងតែស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួកដែលនៅសល់ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព