Social Network

​ក្រោយ​បាត់ឡានអស់១ម៉ោង ម្ចាស់គ្មានសង្ឃឹម តែបែរជារកឃើញវិញ​

រាជធានីភ្នំពេញ ៖ បុរសជាអ្នកលក់គុយទាវម្នាក់ ខណៈទុករថយន្ត១គ្រឿងនៅក្បែរផ្ទះហើយរវល់ចូលទៅហូបបាយនៅខាងក្នុផ្ទះ ស្រាប់តែជនសង្ស័យ១ក្រុមធ្វើសកម្មភាពលួចយកទៅបាត់ស្រមោល ពេលនោះគាត់គ្មានសង្ឃឹមថានឹងអាចរកឃើញរថយន្តនោះឃើញវិញឡើយ។

ចំណែកក្រុមជនសង្ស័យវិញក្រោយពេលលួចបានសម្រេចក៏បានបើកយករថយន្តនោះទៅឈប់នៅក្បែរគំនរសំរាមមួយកន្លែងដែលស្ថិតនៅចម្ងាយប្រហែ៥០០ម៉ែត្រប៉ុណ្ណោះពីផ្ទះរបស់ម្ចាស់រថយន្ត រួចបានដោះដូរស្លាកលេខ និងរុះរើតាបប្លូរ និងប្រព័ន្ធភ្លើង ។ ប៉ុន្តែសំណាងល្អត្រូវបានកម្លាំងនគរបាលល្បាតប្រទះឃើញមានការសង្ស័យក៏បានចូលទៅបម្រុងសួរនាំ ស្រាប់តែក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ហើយនគរបាលក៏បានដកហូតយករថយន្តខាងលើរួចប្រគល់ជូនម្ចាស់ដើមវិញ។

ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចខាងក្រោយផ្សារឯករាជ្យ១ ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តមួយគ្រឿងដែលត្រូវជនសង្ស័យលួចយកនោះម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-7217 ហើយត្រូវបានក្រុមជនសង្ស័យប្ដូរដាក់ស្លាកលេខ ភ្នំពេញ 2BD-9025 ជំនួសវិញ។

រថយន្តមួយគ្រឿងនេះជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះ កាន គឹម ទី អាយុ៤៩ឆ្នាំ មុខរបរលក់គុយទាវ រស់នៅក្នុងបុរីឡុងនី ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១។ មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី១មួយរូបបានប្រាប់ឲ្យដឹងថា មុនកើតហេតុ បុរសខាងលើបានបើករថយន្តចេញពីផ្ទះនៅម្ដុំពោធិ៍ចិនតុងឆ្ពោះទៅកាន់ផ្ទះមួយទៀតនៅបុរីឡុងនី លុះពេលទៅដល់បានចតឡានទុកនៅក្បែរផ្ទះរួចបានទៅហូបបាយនៅខាងក្នុងផ្ទះ ខណៈនោះមានក្រុមជនសង្ស័យចូលទៅធ្វើសកម្មភាពលួចបើកយកទៅបាត់ស្រមោល ហើយប្រហែល១ម៉ោងក្រោយមក ទើបម្ចាស់ដឹងបាត់ហើយ មានការភ្ញាក់ផ្អើលឆោឡោតាមរកមិនឃើញឡើយ ហើយគាត់ក៏គ្មានសង្ឃឹមថានឹងរកឃើញវិញដែរ។

តាមប្រភពដដែលបានបន្តទៀតថា ចំណែកក្រុមជនសង្ស័យ ក្រោយពីលួចបានសម្រេចហើយក៏បានបើកយកទៅឈប់នៅត្រង់ចំណុចគំនរសំរាមខាងក្រោយពេទ្យឯករាជ្យ រួចបានសម្ងំដោះប្ដូរស្លាកលេខ ព្រមទាំងរុះរើតាបប្លូរ និងប្រព័ន្ធភ្លើងដែលទំនងរកមើលក្រែងរថយន្តនេះមានភ្ជាប់ប្រព័ន្ធតាមដានGPS ។

រីឯកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១មុនបានដឹងថារថយន្តខាងលើត្រូវជនសង្ស័យលួច គឺនៅខណៈពេលចេញល្បាតពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋាន លុះទៅដល់ត្រង់ចំណុចខាងក្រោយពេទ្យឯករាជ្យនោះក៏បានប្រទះឃើញភ្លើងពិលពីចម្ងាយក៏ចូលទៅមើល លុះពេលចូលទៅដល់ជិត ទើបឃើញមានរថយន្ត១គ្រឿង ហើយដោយមានការសង្ស័យក៏ចូលទៅពិនិត្យមើល ស្រាប់តែជនសង្ស័យ២នាក់នាំគ្នារត់ចេញពីរថយន្តគេចខ្លួនបាត់ដោយសុវត្ថិភាព ហើយក៏ឃើញមានអត្តសញ្ញាណប័ណ្ណនិងកាតធនាគារនៅក្រោមរថយន្តនោះផងដែរ។

នគរបាលបានបញ្ជាក់ថា ក្រោយពីមានការភ្ញាក់ផ្អើលមួយសន្ទុះ ទើបឃើញបុរសដែលជាម្ចាស់រថយន្តទៅដល់ ប៉ុន្តែពេលទៅដល់ភ្លាម គាត់មិនច្បាស់ថាជារថយន្តរបស់គាត់ឡើយ ព្រោះតែជនសង្ស័យបានប្ដូរស្លាកលេខថ្មីផ្សេងទៀត លុះក្រោយមកគាត់ពិនិត្យទៅលើប័ណ្ណឆៀករថយន្ត ព្រមទាំងអត្តសញ្ញាណប័ណ្ណ និងឯកសារដទៃទៀតទើបប្រាកដថាជារថយន្តរបស់គាត់ ។

បន្ទាប់មករថយន្តនោះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១នាំយកទៅរក្សាទុករហូតដល់វេលាម៉ោងជាង១រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ទើបប្រគល់ជូនបុរសដែលជាម្ចាស់រថយន្តវិញ ក្រោយពេលដែលគាត់នាំយកឯកសារពាក់ព័ន្ធនានាទៅដាក់ពាក្យបណ្ដឹងតាមច្បាប់រួចមក៕

ដកស្រង់ពី៖កោះសន្តិភាព