Social Network

​ស្ត្រី​២​នាក់​បងប្អូន​​ព្រួត​គ្នាវាយស្ត្រីចំណាស់​ម្នាក់ក្នុងផ្សារ​ ​ត្រូវតុលាការ​សម្រេចហើយ​

ខេត្តកណ្តាល ៖ លោក អឿង វណ្ណា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ បានសម្រេចចេញដីការឃុំខ្លួនជនសង្ស័យ២នាក់ ជាបងប្អូនបង្កើតនឹងគ្នា ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទហិង្សាដោយចេតនា តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះម្នាក់ បណ្តាលឱ្យរងរបួស ដោយសារខឹងជនរងគ្រោះមកទារលុយដែលខ្លួនជំពាក់ ដែលសកម្មភាពវាយជនរងគ្រោះបានប្រព្រឹត្តនៅក្នុងផ្សារកំពង់កន្ទួត ស្ថិតក្នុងភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល កាលពីវេលាម៉ោង៧និង៣០នាទីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ។

ជនរងគ្រោះឈ្មោះ ញឹម ប៉ាច ភេទស្រី អាយុ៦១ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិក្រាំងក្រូច សង្កាត់ ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ចំណែកជនត្រូវចោទទាំង២នាក់ ក្នុងនោះម្នាក់ឈ្មោះសោម ចាន់លីន ភេទស្រី អាយុ៣៦ឆ្នាំមុខរបរលក់បាយ មានទីលំនៅភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល និងម្នាក់ទៀតឈ្មោះសោម ចាន់រី ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់បាយ មានទីលំនៅភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

សមត្ថកិច្ចបានរំលឹកឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានមកផ្សារកំពង់កន្ទួតដើម្បីទិញម្ហូបអាហារ និងទារលុយពីជនសង្ស័យឈ្មោះសោម ចាន់រី ដែលជំពាក់លុយខ្លួនចំនួន២០០ដុល្លារ លុះពេលទារលុយនោះ ជនរងគ្រោះ និងជនសង្ស័យបានឈ្លោះប្រកែកគ្នា ដោយជនសង្ស័យបានហៅជនរងគ្រោះដែលមានអាយុច្រើនជាងថា «ហ្អែងៗ» ។

តាមប្រភពដដែលបានបន្តថា ភ្លាមៗនោះដែរជនសង្ស័យម្នាក់ទៀតឈ្មោះ សោម ចាន់លីន ជាប្អូនបង្កើតរបស់ឈ្មោះសោម ចាន់រី ដែលនៅក្បែរនោះដែរបានយកកាំបិតបុ័ងតោវាយទៅលើតុឈើលាន់ឮផាំងៗ រួចរុញទ្រូងជនរងគ្រោះឲ្យចេញពីកន្លែងជនសង្ស័យលក់នំបញ្ចុកនិងបាយ បន្ទាប់មកជនសង្ស័យឈ្មោះសោម ចាន់លីន បានជេរបញ្ចោរ និងយកកាំបិតបុ័ងតោខាងលើមកជន្លរកកាប់ក្បាលជនរងគ្រោះថែមទៀត ។

តាមប្រភពដដែលបានបន្តទៀតថា ពេលនោះជនសង្ស័យឈ្មោះ សោម ចាន់រី បានស្ទុះមកចាប់ក្របួចអាវជនរងគ្រោះពីមុខបោកទៅលើផ្លូវបេតុងបណ្តាលឲ្យដាច់ឡេវអាវចំនួន២ និងដាច់ខ្សែបូចងអាវ និងបានក្រញៅមាត់និងចិញ្ចើមខាងស្តាំ បណ្តាលឲ្យដាច់រលាត់ បន្ទាប់មកជនរងគ្រោះក៏បានរត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបារគូ ស្រាប់តែជនសង្ស័យឈ្មោះសោម ចាន់រី បានរត់ដេញតាមវាយជនរងគ្រោះបន្តទៀត ។

ក្រោយពេលកើតហេតុ ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព