Social Network

ល្បិច​ស្រី! ទិញ​ទឹក​ក្រឡុក​១​កែង​ឱ្យ​បុរស​​រត់​ម៉ូតូ​កង់​បី​ផឹក អស់​ទ្រព្យ​ពី​ខ្លួន

រាជធានីភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់ ត្រូវស្ត្រីម្នាក់ហៅដឹករួចហើយទិញទឹកក្រឡុកមួយកែវ ដាក់ថ្នាំសណ្ដំយកទ្រព្យសម្បត្តិអស់ពីខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍នៅវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចទល់មុខមន្ទីរពេទ្យព្រះកុសុមៈ តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមប្រភពពីបុរសម្នាក់សូមមិនបញ្ចេញឈ្មោះ ដែលជាអ្នកលក់ទឹកក្រឡុកនៅក្បែរកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសរងគ្រោះបើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ម៉ាក ATUL ពណ៌លឿងលាយខៀវ ពាក់ស្លាកលេខភ្នំពេញ១HL-៧៩៤៩ ដឹកស្ត្រីម្នាក់នៅខាងក្រោយ ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ។

ប្រភពដដែលបន្តថា លុះមកដល់កន្លែងគាត់លក់ទឹកក្រឡុកបានឈប់កង់បី ហើយស្ត្រីដែលរួមដំណើរជាមួយ បានចុះមកទិញទឹកក្រឡុកចំនួនពីរកែវ ដោយប្រពន្ធរបស់គាត់បានរៀបចំធ្វើទឹកក្រឡុក រួចរាល់ហើយក៏ប្រគល់ទៅឲ្យស្ត្រីដែលជាជនសង្ស័យនោះ ។

ខណៈនោះស្ត្រីដែលជាជនសង្ស័យ ក៏បានទាញយកទឹកក្រឡុកទៅផឹកមួយកែវ និងបានហុចទឹកក្រឡុកមួយកែវអោយប្រពន្ធរបស់គាត់វិញ រួមជាមួយនឹងម្សៅសមួយកញ្ចប់ ឲ្យក្រឡុកម្តងទៀតដាក់ក្នុងទឹកក្រឡុក ទុកសម្រាប់ឲ្យទៅជនរងគ្រោះ ដោយស្ត្រីជាជនសង្ស័យបញ្ជាក់ថា ជាស្ករសតែប៉ុណ្ណោះ ពេលនោះបុរសរងគ្រោះ ហាក់ដូចជាគ្មានស្មារតីគ្រប់គ្រាន់ ភាំងៗសួរនាំជាច្រើនសារ ទើបនិយាយតបមកវិញ ។

ប្រភពដដែលបន្តថា ក្រោយមកស្ត្រីជាជនសង្ស័យ បានយកទឹកក្រឡុកមួយកែវនោះ យកទៅជនរងគ្រោះផឹក រួចក៏បន្តដំណើរទៅមុខជាបន្តទៀត ។ លុះមកដល់ចំណុចកើតហេតុ ក្បែរកន្លែងគាត់លក់ទឹកក្រឡុក ជនរងគ្រោះក៏បានឈប់ម៉ូតូកង់បីនៅលើចិញ្ចើមផ្លូវ មិនយូរប៉ុន្មាន ស្រាប់តែជនរងគ្រោះបានបើកម៉ូតូកង់បី ឡើងទៅឈប់ចតនៅលើខឿនចិញ្ចើមផ្លូវ ដែលមានសភាពស្ងប់ស្ងាត់ ។

ពេលនោះពួកគេទាំង២នាក់ ក៏បានអង្គុយនិយាយគ្នានៅក្នុងម៉ូតូកង់បីខាងលើ មួយសន្ទុះក្រោយមក ស្ត្រីជាជនសង្ស័យក៏បានដើរចេញពីម៉ូតូកង់បី គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ ។

ភ្លាមៗនោះដោយមានការសង្ស័យ គាត់ក៏បានដើរទៅមើល ស្រាប់តែឃើញជនរងគ្រោះកំពុងដេកស្តូកស្តឹកនៅក្នុងម៉ូតូកង់បី ។ គាត់ក៏បានដាស់ជនរងគ្រោះ ប៉ុន្តែដាស់មិនភ្ញាក់ ទើបគាត់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន អោយចុះមកអន្តរាគមន៍ ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ និងបានដាស់បុរសរងគ្រោះធ្វើការសួរនាំ ប៉ុន្តែបុរសរងគ្រោះបានបាត់បង់ស្មារតី សួរនាំអ្វីក៏មិនដឹងរឿងដែរ ទើបសមត្ថកិច្ចធ្វើការឆែកឆេរទៅលើខ្លួនជនរងគ្រោះ រកអត្តសញ្ញាណដើម្បីទាក់ទងទៅសាច់ញាតិ ប៉ុន្តែរកមិនឃើញមានអ្វីជាប់នឹងខ្លួនជនរងគ្រោះទល់តែសោះ ហើយក៏មិនដឹងថា ជនរងគ្រោះបានបាត់បង់ទ្រព្យសម្បត្តិអ្វីខ្លះផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ក៏បាននាំគ្នាជួយបើកម៉ូតូកង់បីឥណ្ឌា ដឹកយកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីពេទ្យព្រះកុសុមៈ រង់ចាំស្វែងរកសាច់ញាតិជនរងគ្រោះ ឲ្យមកទទួលយកបុរសរងគ្រោះត្រលប់ទៅវិញ និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ជាបន្តទៀតនៅពេលក្រោយ ។

សូមបញ្ជាក់ថា នេះជាអ្នករត់ម៉ូតូកង់៣ម្នាក់ទៀតហើយ ដែលត្រូវថ្នាំសណ្ដំតាមរយៈស្ត្រីភេទ ខណៈរត់ម៉ូតូកង់៣នៅពេលយប់ ។ សម្រាប់បងប្អូនអ្នករត់ម៉ូតូកង់៣មានការប្រុងប្រយ័ត្នផង បើមានម៉ូយស្រីៗហៅជិះនៅពេលយប់ ។ នេះជាករណីទី១ ៖ មានរឿងអ្វីទៅ! នារីវ័យក្មេងអោបថើបអ្នករត់កង់បីក៏ស្ងាត់ឈឹង រួចនាងយួរថង់ដើរចេញ

ដកស្រង់ពី៖កោះសន្តិភាព