Social Network

អាវុធហត្ថ​បញ្ជូនក្រុម​ជនសង្ស័យ​ ទៅ​តុលាការ ករណីបង្ខាំង​មនុស្ស​ខុសច្បាប់

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជូនជនសង្ស័យចំនួន០៩នាក់ ក្នុងនោះមាន(បុរសចិន០៨នាក់ និងស្ត្រីភូមាម្នាក់) ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីចាប់ជនជាតិចិនបង្ខាំងដោយខុសច្បាប់ ។

បើតាមរបាយការណ៍របស់អាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញបានឃាត់ខ្លួនជនសង្ស័យ១០នាក់ រួមមាន ៖ ទី១- ឡូវ ពិន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន ទី២- ឈិន ស៊ី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន ទី៣- ស៊ុង ជាំង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន ទី៤- សោ ឆោ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ទី៥- វ៉ាង វិនហ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន ទី៦- ជាយូ ជឺ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន ទី៧- ចូវ ហន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន ទី៨- ហង ឡុងម៉ីង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន ទី៩- ហម ទិបឈី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិភូមា និងទី១០- ងែត ផល្លា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ។

សូមជម្រានថា ក្រោមការសាកសួរ និងស៊ើបអង្កេតតាមវិធានការជំនាញ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានរកឃើញថា ក្រុមជនសង្ស័យចំនួន០៩នាក់(បុរសចិន០៨នាក់ នារីភូមា០១នាក់) បានជាប់ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ និងជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនផងដែរ ។

ចំណែកនារីខ្មែរជាអ្នកដាំបាយមិនជាប់ពាក់ព័ន្ធទេ ។ សូមរម្លឹកថា «បំបែកសំបុកចិនចាប់ចិនបង្ខាំមនុស្សខុសច្បាប់ជម្រិតទារប្រាក់» កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាប ឆែកឆេរបន្ទប់ចំនួន៤ ក្នុងខុនដូរមួយកន្លែង ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ១០នាក់ តាមពាក្យបណ្ដឹងបងប្រុសជនរងគ្រោះឈ្មោះXIAO WEN YANG ភេទប្រុសអាយុ៤៣ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ ទីលំនៅភូមិអ៊ូឆាង សង្កាត់អឺប៉ី ក្រុងអឺប៉ី ខេត្តហ៊ូប៉ី និងរំដោះបានជនរងគ្រោះចំនួន០១នាក់ ។

ជនរងគ្រោះ ជាជនជាតិចិន ត្រូវបានចិនគ្នាឯង ចាប់បង្ខាំងតាំងពីអំឡុងខែ០៣ ឆ្នាំ២០២០ មកម្លេះ ព្រោះជនរងគ្រោះបានដឹងការសម្ងាត់របស់ក្រុមជនល្មើស ដែលសុទ្ធតែជាក្រុមមនុស្សមានពិរុទ្ធភាព រកស៊ីខុសច្បាប់ និងត្រូវបានប៉ូលិសចិនតាមចាប់ខ្លួនផងដែរ ហើយនៅពេលនោះ ជនរងគ្រោះបានលួចផ្ញើសារទៅកាន់បងប្រុសខ្លួន នៅឯប្រទេសចិន ដើម្បីឲ្យរកមធ្យោបាយជួយរំដោះខ្លួន តែដោយសារស្ថានភាពនៅប្រទេសចិននាពេលនោះ កំពុងត្រូវបានជំងឺកូវីដ១៩រាតត្បាត បានធ្វើឲ្យបងប្រុសរបស់ជនរងគ្រោះ មិនអាចចាកចេញពីប្រទេសចិនបាន ក៏បានពន្យាពេលធ្វើដំណើររហូតមកដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ ទើបបងប្រុសជនរងគ្រោះ បានធ្វើដំណើរមកដល់កម្ពុជា និងបានទំនាក់ទំនងទៅកាន់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវស្វែងរករំដោះប្អូនប្រុសរបស់ខ្លួន ។

ក្រោយពីសមត្ថកិច្ចអាវុធហត្ថបានទទួលពាក្យបណ្តឹងភ្លាម ក៏ចាត់វិធានការស្រាវជ្រាវ រហូតឈានដល់ការកំណត់មុខសញ្ញា ជនល្មើសកំពុងស្នាក់នៅក្នុងខុនដូមួយកន្លែង ក្នុងខណ្ឌជ្រោយចង្វារ ទើបសមត្ថកិច្ចអាវុធហត្ថខណ្ឌជ្រោយចង្វារសហការ ជាមួយកម្លាំងជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការសម្របសម្រួលដោយ លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបនិងឆេកឆេរបន្ទប់ចំនួន4 ក្នុងទីតាំងខុនដូ ស្ថិតនៅចំណុចភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនិងបានឃាត់ខ្លួនក្រុមជនសង្ស័យចំនួន១០នាក់(បុរសចិន០៨នាក់ នារីភូមា០១នាក់ និងនារីខ្មែរជាអ្នកដាំបាយ០១នាក់) យកមកសាកសួរតាមវិធានការជំនាញ និងបានរំដោះជនរងគ្រោះ០១នាក់ ឲ្យមានសេរីភាពវិញ ៕

ដកស្រង់ពី៖កោះសន្តិភាព