Social Network

ប្រជាពលរដ្ឋ​មួយ​គ្រួសារ ធ្វើ​របង​បិទផ្លូវ​សាធារណៈ​រំលោភ​យក​ដី​ទួល​បុរាណ

ខេត្តស្វាយរៀង ៖ លោកស្រី ឥន ណាគ្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្តសិល្បៈខេត្ត បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរឃុំស្រុក មន្ត្រីនគបាលប៉ុស្តិ៍រដ្ឋបាល អធិការនគបាល ស្រុករមាសហែក ចុះពិនិត្យដោះស្រាយករណីប្រជាពលរដ្ឋចូលចាប់ដីទួលបុរាណ (ទួលតូង) ធ្វើជាកម្មសិទ្ធិ។

ក្នុងនោះមានពលរដ្ឋមួយគ្រួសារបានធ្វើរបងលួសបិទផ្លូវសាធារណៈ និងហ៊ុំពទ្ធ័រំលោភ យកដីទួលតូងដែលជាទួលបុរាណទៅធ្វើជាកម្មសិទ្ធិ បង្កឲ្យមានការតវ៉ាពី ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវនេះទៅធ្វើស្រែចម្ការសុំឲ្យបើកផ្លូវជូនប្រជាពលរដ្ឋ បានធ្វើដំណើរឡើងវិញ។

ការចុះពិនិត្យដោះស្រាយនេះកើតឡើងនៅព្រឹកថ្ងៃទី១ មិថុនា ២០២០ នៅទួលតូង ស្ថិតនៅភូមិព្រែករមៀត ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។បើតាមលោក សំ ឃុត មេឃុំជ្រៃធំ បានឲ្យដឹងថា ទួលតូងគឺជាទួលបុរាណមួយមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ បើតាមដំណាលតៗគ្នាពីចាស់ទុំឲ្យដឹងថា ទួលតូងនេះជាទួលបុរាណមនុស្សសម័យដើម មកកសាងជាភូមិកររស់នៅដឹកនាំដោយលោកតាព្រំ ដែលមានផ្ទៃដី ទទឹង១០០ម៉ែត្រ បណ្តោយប្រមាណ១,០០០ម៉ែត្រ នៅតាមបណ្តោយបឹងតូង រហូតដល់មាត់ស្ទឹងព្រែករមៀត។

ក្រោយមកក្នុងអំឡុងឆ្នាំ១,៨០០មនុស្សក្នុងភូមិបាននាំគ្នារើចេញពីភូមិទៅរស់នៅបង្កើតភូមិថ្មី នៅភូមិព្រែករមៀត បច្ចុប្បន្ន និងភូមិត្រពាំងស្មាច់។ ហើយបានរុះរើវត្តទៅជាមួយផង (គឺវត្តដកពរក្នុង) បច្ចុប្បន្នទួលវត្តចាស់នេះប្រជាពលរដ្ឋយកធ្វើជាកម្មសិទ្ធិហើយ។

លោកមេឃុំបន្តទៀតថា ទួលតូងបច្ចុប្បន្នប្រជាពលរដ្ឋបានបែងចែកគ្នាកាន់កាប់ប្រើប្រាស់តពីដូនតា និងឪពុកម្តាយ ដែលគ្រប់គ្រងបន្តមកបច្ចុប្បន្នមានប្រជាពលរដ្ឋមកកាន់កាប់អាស្រ័យផលធ្វើចម្ការ ប្រមាណ១០០គ្រួសារ ទៅ១៥០គ្រួសារ ហើយខ្លះបានលក់ដូរតគ្នា២-៣ម្ចាស់។នៅក្នុងឆ្នាំ២០០១ អាជ្ញាធរស្រុករួមជាមួយមន្ត្រីការិយល័យវប្បធម៌ និងវិចិត្រសិល្បៈស្រុក លោកមេឃុំលោកមេភូមិបាន មកពិនិត្យ និងវាស់វែង និងយាមកាមដីទួលតូងនេះគឺបានរក្សាទុកដីទួលតូងនេះ ទំហំ១ហិកតា ក្រៅពីនោះ០៩ហិកតាទៀត គឺត្រូវបានប្រជាពលរដ្ឋមកពីភូមិត្រពាំងស្មាច់ ភូមិដកពរ ភូមិសណ្តោ និងភូមិព្រែករមៀត គ្រប់គ្រងជាកម្មសិទ្ធិអស់ហើយ។

ចំណែកដីទួលតូងដែលបានវាស់វែងចុះបញ្ជី ទុកជាទួលសាធារណៈ១ហិកតា ក៏ត្រូវប្រជាពលរដ្ឋ០៣គ្រួសារមកគ្រប់គ្រងដែរ ដោយពួកគេអះអាងថា ជាដីកេរ្តិ៍ដំណែលពីដូនតា និងឪពុកម្តាយគេចែកឲ្យ។លោក សឹក សាត្រេន អនុប្រធានភូមិត្រពាំងស្មាច់ បានឲ្យដឹងថា ទួលតូង ដែលមានដី១ហិកតាក្នុងបញ្ជី មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបានប្រជាពលរដ្ឋ០៣គ្រួសារមកគ្រប់គ្រង ទី១-ឈ្មោះ ខយ សរ ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិត្រពាំងស្មាច់ ទំហំប្រមាណ៣០អា, ទី២-ឈ្មោះ អាំព្រឹម ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិព្រែករមៀត បានធ្វើរបងបន្លាលួសបិទផ្លូវសាធារណៈ (ដែលជាផ្លូវគម្រោងក្រសួងអភិវឌ្ឍន៍ជនបទ បានកសាងផ្លូវ០៦ម៉ែត្រ ប្រវែង៣,០០០ម៉ែត្រ លើកជាអង្ករពលកម្ម) និងហ៊ុំពទ្ធ័យកដីទួលតូងទំហំបណ្តោយ៧៨ម៉ែត្រ ទទឹង៦០ម៉ែត្រ ធ្វើជាកម្មសិទ្ធិ។

ទី៣-ឈ្មោះ ពៅម៉ុន ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិត្រពាំងស្មាច់ ទំហំ ប្រមាណ២៨អា។ លោកស្រី ឥន ណាគ្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង បានឲ្យដឹងថា បើតាមការចុះពិនិត្យជាក់ស្តែង លើដីទួលតូងនេះតាមការចង្អុលបង្ហាញពី លោកមេឃុំជ្រៃធំ បានកំណត់លើយាមការជាក់ស្តែងនៅសល់ទំហំ ០៤ហិកតា ដូច្នេះលោកស្រី និងធ្វើរបាយការណ៍ជូនលោកអភិបាលខេត្ត និងលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជ្រាបដើម្បើកំណត់យាមការ និងចុះបញ្ជីជាថ្មី។

ចំពោះប្រជាពលរដ្ឋដែលបានធ្វើចម្ការអាស្រ័យផល បន្តទៀតបានក៏ប៉ុន្តែមិនអនុញ្ញាតឲ្យលក់ដូរ ឬជីកកកាយជ្រៅធ្វើឲ្យប៉ះពាល់ទ្រព្យសម្បត្តិ បេតិកភណ្ឌជាតិ នៅក្រោមដី និងសុំឲ្យលោកមេភូមិទាំងបួនធ្វើស្ថិតិប្រជាពលរដ្ឋ ដែលទៅអាស្រ័យផល លើទួលតូងទាំងអស់។

និងសុំឲ្យលោកមេឃុំ លោកមេភូមិ និងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំដោះស្រាយឲ្យឈ្មោះ អាំ ព្រឹម រុះរើរបងបន្លាលួសចេញបើកផ្លូវឲ្យ ប្រជាពលរដ្ឋបានធ្វើដំណើរធម្មតាវិញ ក៏ប៉ុន្តែមិនដឹងថា លទ្ធផលយ៉ាងណានោះទេ ដោយឈ្មោះ អាំ ព្រឹម មិនទាន់យល់ព្រមរុះរើរបងតាមការប្រជុំដោះស្រាយរបស់ក្រុមការងារនៅឡើយ៕

 

ដកស្រង់ពី៖កោះសន្តិភាព