Social Network

ក្មេង​ប្រុស​ស្រី​៣​នាក់ ត្រូវ​ជញ្ជាំង​ថ្ម​រលំ​សង្កត់​ស្លាប់​ម្ចាស់​ការដ្ឋាន​លាក់បាំង

រាជធានីភ្នំពេញ ៖ ក្មេងប្រុសស្រីចំនួន៣នាក់ដែលជាកូនជាងសំណង់ត្រូវបានជញ្ជាំងឥដ្ឋបាក់រលំសង្កត់ បណ្ដាលឲ្យស្លាប់គួរឲ្យសង្វេគ ខណៈដែលពួកគេនាំគ្នាអង្គុយលេងនៅក្បែរជញ្ជាំងឥដ្ឋជាន់ផ្ទាល់ដី ចំណែកឯឪពុក ម្តាយកំពុងរៀបឥដ្ឋនៅជាន់ខាងលើក្នុងការដ្ឋានសំណង់នៅខណ្ឌដង្កោ។

ភ្លាមៗនោះ ម្ចាស់ការដ្ឋានរួមជាមួយអាណាព្យាបាលក្មេងរងគ្រោះទាំង៣នាក់បានលាក់បាំងមិនរាយការណ៍ជូនអាជ្ញាធរនោះទេ ទើបធ្វើឲ្យអាជ្ញាធរអត់ដឹងប៉ុនសរសៃសក់ រហូតដល់វេលារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ថ្ងៃបន្ទាប់ទើបដឹង និងមានការភ្ញាក់ផ្អើល។

ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង១រសៀល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងការដ្ឋានសំណង់ផ្ទះល្វែងកំពុងសាងសង់ ស្ថិតនៅខាងកើតវត្ត ឬស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្មេងៗដេកស្លាប់ ក្រោមគំនរជញ្ជាំងឥដ្ឋនោះរួមមាន៖ ១-ឈ្មោះ ឆេង ញ៉ ភេទប្រុស អាយុ៧ឆ្នាំ, ២-ឈ្មោះ ឆេង ចំរើន ភេទស្រី អាយុ២ឆ្នាំ ទាំង២នាក់នេះគឺជាបងប្អូនបង្កើតនឹងគ្នា មានឪពុកឈ្មោះ ម៉េង នី អាយុ៤២ឆ្នាំ និងម្តាយឈ្មោះ ព្រុំ ហួន អាយុ៤៣ឆ្នាំ មុខរបរជាងសំណង់។

៣-ឈ្មោះ ម៉េង ទូច ភេទស្រី អាយុ៣ឆ្នាំ មានឪពុកឈ្មោះ ម៉ាប់ ឡុង អាយុ២៨ឆ្នាំ និងម្តាយឈ្មោះ ឆេង នាង អាយុ២៧ឆ្នាំ មុខរបរជាងសំណង់ អ្នកទាំងអស់គ្នាមានទីលំនៅបច្ចុប្បន្ន នៅក្នុងភូមិសំនយ ឃុំសេនារាជឧត្តម ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុឪពុកម្ដងបានឡើង ទៅរៀបឥដ្ឋនៅជាន់ខាងលើ ចំណែកក្មេងរងគ្រោះប្រុសស្រីទាំង៣នាក់ បាននាំគ្នាអង្គុយលេងនៅក្បែរ ជញ្ជាំងផ្ទះដែលកំពុងសាងសង់ ហើយមិនដឹងថាសំណង់នោះគ្មានគុណភាព ឬគ្មានបទដ្ឋានត្រឹមត្រូវ បែបណានោះទេទើបនៅសុខៗស្រាប់តែបាក់រលំបណ្ដាលឲ្យសង្កត់ក្មេងៗទាំង៣នាក់ស្លាប់តែម្ដង។

មិនតែប៉ុណ្ណោះមិនដឹងថាមានច្បាប់សាងសង់ ឬគ្មានដែរ ទើបនៅក្រោយពេលកើតហេតុ ម្ចាស់ការដ្ឋាន ខាងលើមិនបានសហការណ៍ជាមួយអាជ្ញាធរ ឬសមត្ថកិច្ចខណ្ឌដង្កោឡើយ។

សាកសពស្ថិតនៅក្នុង ការដ្ឋាននោះរហូតដល់វេលាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ទើបដឹកសពទៅដល់ស្រុកកំណើត ឯខេត្តព្រៃវែងធ្វើបុណ្យតាមប្រពៃណី។ បន្ទាប់មកនៅវេលាល្ងាចថ្ងៃដដែលទើបមានការ ភ្ញាក់ផ្អើល ដល់អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដង្កោ តាមរកទីតាំងកន្លែងកើតហេតុ៕

ដកស្រង់ពី៖កោះសន្តិភាព