Social Network

ប្រពន្ធ​ចេញពី​ធ្វើការ​រោងចក្រ មិនដឹង​ប្តី​ស្លាប់​ពី​ពេល​ណា

រាជធានីភ្នំពេញ ៖ បុរសម្នាក់មិនស្រួលខ្លួន នៅពេលដែលប្រពន្ធកោសខ្យល់ឲ្យរួចហើយ ចេញទៅធ្វើការបាត់ ពេលប្រពន្ធត្រឡប់មកវិញ ប្រទះឃើញប្តីដេកស្លាប់ឡើងរឹងបាត់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅផ្ទះជួលភូមិ ជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមានឈ្មោះ ទូច រ៉ាម៉េត ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិត្រពាំងដា ឃុំខ្នំ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ តាមប្រភពព័ត៌មានពីសម្ដីស្ត្រីដែលជាប្រពន្ធជនរងគ្រោះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង៧ព្រឹក មុនពេលចេញទៅធ្វើការគាត់សួរប្ដីថាហូបអីអត់ បន្ទាប់មកគាត់បានទៅទិញ គុយទាវមួយចានទុកឲ្យហូប រួចហើយគាត់បានចេញទៅធ្វើការបាត់ លុះមកដល់វេលាម៉ោង១២ថ្ងៃ ត្រង់គាត់បានត្រឡប់មកពីធ្វើការវិញបានទិញបាយយកមកហូបទៀត តែឃើញគុយទាវនៅដដែល គាត់ក៏សួរថា៖ហេតុអីមិនហូបប្ដីគាត់ថាហូបមិនកើតហើយបានឲ្យគាត់កោសខ្យល់ ឲ្យរួចហើយដណ្តប់ភួយឲ្យ និងបើកកង្ហារដាក់ឲ្យព្រមទាំងជំហរទ្វារ និងបានផ្ដាំទៀតថា នៅពេលមិនស្រួលអី ឲ្យតេទូរស័ព្ទទៅប្រាប់គាត់ស្រួលគាត់ចេញមកម៉ោងប៉ុន្មានក៏បានដែរ រួចហើយគាត់ក៏ទៅធ្វើការវិញ។

លុះមកដល់វេលាម៉ោង៦ល្ងាច ពេលចេញពីធ្វើការវិញមកដល់បន្ទប់ក៏ស្រាប់តែឃើញប្ដីដេកស្លាប់ មិនដឹងតាំងពីពេលណាទេ ដោយសពមានសភាពរឹងទៅហើយ តែគាត់មិនអស់ចិត្ត បានហៅរថយន្តសង្គ្រោះ តែខាងមន្ទីរពេទ្យមកដល់បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះបានស្លាប់ទៅហើយ។ ប្រភពព័ត៌មានបានបន្តទៀតថា បុរសជាប្តីគាត់មានជំងឺសន្លាក់ជាង១ឆ្នាំមកហើយ តែប្តីគាត់រត់ម៉ូតូឌុបរហូតដោយសាជីវភាពក្រីក្រ។

ក្រោយពេលកើតហេតុ ស្ត្រីជាប្រពន្ធបានទាក់ទងទៅនគរបាលប៉ុស្តិ៍ និងមន្ត្រីជំនាញចុះមកពិនិត្យសព ភ្លាមៗផងដែរដឹងថា សពខាងលើស្លាប់ដោយគាំងបេះដូង ទើបសមត្ថកិច្ចធ្វើលិខិតប្រគល់សព ឲ្យក្រុមគ្រួសារយកសពយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

ដកស្រង់ពី៖កោះសន្តិភាព