Social Network

​មុន១ថ្ងៃគុំទុក​ក្នុងចិត្ត លុះឃើញបុរសម្នាក់​ដើរ​តែ​ឯង ទាញដាវកាប់ប្រហារឥតប្រណី​​

រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានផ្ទុះកំហឹងយ៉ាងខ្លាំងទៅលើបុរសម្នាក់ទៀត រហូតឈានដល់ស្ទាក់កាប់ប្រហារជាច្រើនដាវ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ដោយបានចោទប្រកាន់បុរសខាងលើនោះថាបានស្រែកជេរដៀមដាមឌឺដងផ្លែផ្កាដាក់ខ្លួន ។

បន្ទាប់មកយុវជនជាជនដៃដល់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលពងទឹកចាប់ខ្លួនព្រមទាំងដកហូតយកបានដាវ១ដើមផងដែរ ចំណែកបុរសរងគ្រោះក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅមន្ទីរពេទ្យរុស្សី ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ។ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចការដ្ឋានសំណង់ ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។បុរសរងគ្រោះឈ្មោះ ប៉ិច សុខា អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងសាលារងរបួសកែងដៃខាងស្តាំ និងស្មាខាងឆ្វេង៣កន្លែង ។

ចំណែកយុវជនជាជនដៃដល់ឈ្មោះពៅ ម៉ៅ អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ក្នុងភូមិកើតហេតុនោះដែរ ហើយនគរបាលដកហូតដាវកែច្នៃ១ដើមប្រវែង៩០សង្ទីម៉ែត្រ ដែលជាអាវុធកាប់ទៅលើជនរងគ្រោះ។នគរបាលបានឱ្យដឹងថា រវាងជនសង្ស័យនិងជនរងគ្រោះហាក់មិនសូវត្រូវគ្នានោះទេ ហើយនៅមុនពេលកើតហេតុ បុរសរងគ្រោះបានដើរចេញពីក្នុងការដ្ឋានសំណង់ទៅលេងផ្ទះបងប្អូននៅក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈនោះស្រាប់តែជនសង្ស័យបានយកដាវរត់ទៅកាប់ជនរងគ្រោះជាច្រើនដាវ បណ្តាលឲ្យរងរបួសធ្ងន់ ហើយបុរសរងគ្រោះបានស្រែកឲ្យអ្នកជិតខាងជួយ បង្កការភ្ញាក់ផ្អើលនាំគ្នាចេញទៅជួយ ទើបបុរសរងគ្រោះរួចផុតពីសេចក្ដីមរណៈ ។

បន្ទាប់មកអ្នកជិតខាងបានជួយរាយការណ៍ជនដល់កម្លាំងនគរបាលប៉ុស្តិ៍ពងទឹកឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនដៃដល់បាន រួចនាំយកទៅសាកសួរដើម្បីកសាងសំណុំរឿង និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅមន្ទីរពេទ្យរុស្សីផងដែរ។

តាមប្រភពដដែលបានបន្តទៀតថា ក្រោយពេលចាប់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើដាវធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះមែន ព្រោះតែកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០២០ មុនពេលកើតហេតុ១ថ្ងៃ ជនរងគ្រោះបានស្រែកជេរដៀមដាមដាក់ខ្លួន ពេលនោះខ្លួនមិនតបតទេ តែគុំទុកនៅក្នុងចិត្ត លុះដល់វេលាយប់ថ្ងៃកើតហេតុ ខណៈឃើញជនរងគ្រោះកំពុងដើរចេញពីការដ្ឋានសំណង់តែម្នាក់ឯង ទើបខ្លួនបានទាញដាវស្ទាក់កាប់ បណ្តាលឲ្យរងរបួសបែបនេះតែម្ដង៕

ដកស្រង់ពី៖កោះសន្តិភាព