Social Network

ដល់ក! ឡាវ​២​នាក់​ទៀត​ហើយ​នាំ​​ជិត​៦​គីឡូ​ឆ្លងដែន​ចូល​កម្ពុជា

ខេត្តស្ទឹងត្រែង ៖ ជនជាតិឡាវចំនួន២នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃសហការជាមួយកម្លាំង BLO ប្រចាំព្រំដែននិងស្នង ការដ្ឋាននគរបាលខេត្តស្ទឹងត្រែងចាប់ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យ២នាក់នេះធ្វើសកម្មភាពនាំគ្រឿងញៀនជិត៦គីឡូក្រាមឆ្លងដែនចូលមកទឹកដីកម្ពុជា ។

ទាក់ទិននឹងការបង្ក្រាបគ្រឿងញៀនខាងលើនេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវលំមួយកន្លែង ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធនាយករងមន្ទីរប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ទោ ដុស វណ្ណាសុវឌ្ឃនះនាយការិយាល័យក៩។

លោកឧត្តមសេនីយ៍ត្រីយិន បញ្ញារិទ្ធ នាយរងនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃឲ្យដឹងថា ជនសង្ស័យជនជាតិឡាវដែលកម្លាំងជំនាញចាប់ខ្លួនខាងលើនោះ ម្នាក់ឈ្មោះស៊ូ បាន់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរគ្រូបង្រៀនភាសារអង់គ្លេស មានស្រុកកំណើតភូមិណាសែងខាំ ស្រុកសៃ ខេត្តឧត្តមសៃ និងម្នាក់ឈ្មោះ ចាន់ឌី ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិភៀងញ៉ស្រុកសៃ ខេត្តឧត្តមសៃ។

លោកបន្តទៀតថា ជនសង្ស័យជនជាតិឡាវ ២ នាក់នេះបានធ្វើសកម្មភាពនាំគ្រឿងញៀនឆ្លងដែនចូលមកទឹកដីកម្ពុជា ឆ្លងកាត់តាមចំនុចខាងលើ ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្ទាក់ចាប់ឆែកឆេរក្នុងវ៉ាលីរកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន៦កញ្ចប់ធំ ស្មើរនឹងជិត៦គីឡូក្រាម និងបានបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់មកកាន់ស្នងការដ្ឋាននគរបាលខេត្តទាំងយប់ដើម្បីធ្វើការសាកសួរ។

តាមការឆ្លើយសារភាពរបស់ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ចបានឱ្យដឹងថា គ្រឿងញៀនទាំងនោះពិតជារបស់ពួកគេជាអ្នកនាំយកមកពិតប្រាកដមែន។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ការធ្វើតេស្តបឋមទៅលើកញ្ចប់ក្នុងវ៉ាលីរបស់ជនសង្ស័យខាងលើ ដោយមានការចូលរួមពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង បានរកឃើញថា ពិតជាមានសារធាតុញៀនពិតប្រាកដមែន។

បច្ចុប្បន្ន វត្ថុតាងរួមជាមួយជនសង្ស័យជនជាតិឡាវទាំង២នាក់កំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងចាត់ការទៅតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព