Social Network

អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឆ្មក់​ចូល​មណ្ឌល​កម្សាន្ត​អធិរាជ ឃាត់ខ្លួន​មនុស្ស​ប្រមាណ​៣៦​នាក់

រាជធានីភ្នំពេញ ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញឆ្មក់បង្ក្រាប និងឆែកឆេរទីតាំងហ្គេមបាញ់ត្រី មួយកន្លែងយីហោ មជ្ឈមណ្ឌលកម្សាន្តអធិរាជ ឃាត់ខ្លួនមនុស្សប្រុសស្រីជិត៤០នាក់ នាំទៅកាន់អាវុធហត្ថរាជធានីភ្នំពេញចាត់ការតាមនីតិវិធី កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមជ្ឈមណ្ឌលកម្សាន្តអធិរាជ ផ្លូវលេខ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ចំពោះការចុះបង្ក្រាប និងឆែកឆេរទីតាំងខាងលើនេះដែរ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ មិនបានបញ្ជាក់ឲ្យច្បាស់ថា បង្ក្រាបករណីអ្វីឲ្យពិតប្រាកដនោះទេ ហើយឃាត់ខ្លួនមនុស្សប្រុសស្រីបានប៉ុន្មាននាក់នោះដែរ។

យោងតាមប្រភពព័ត៌មានពីអ្នកមើលការខុសត្រូវទីតាំងហ្គេមបាញ់ត្រីខាងលើនោះវិញ បានបង្ហើបប្រាប់ឲ្យដឹងថា កម្លាំងអាវុធហត្ថរាជធានីភ្នំពេញឆ្មក់បង្ក្រាប និងឆែកឆេរទីតាំងហ្គេមបាញ់ត្រីខាងលើនោះ គឺកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប មុខសញ្ញាជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន នៅទីតាំងខាងលើនោះ ពេលកម្លាំងអាវុធហត្ថរាជធានីចុះមកដល់ព័ទ្ធទីតាំងខាងលើនោះ ជាក់ស្តែងក៏ឃាត់ខ្លួនមនុស្សប្រុសស្រីទាំងអស់ប្រមាណជា៣៦នាក់ ដែលវត្តមាននៅក្នុងទីតាំងនោះ តែម្តងចំពោះវត្ថុតាងដែលដកហូតបានពួកគាត់មិនដឹងច្បាស់នោះទេ។

ក្រោយចប់ប្រតិបត្តិការបង្ក្រាប និងឆែកឆេរទីតាំងខាងលើនោះ ជនសង្ស័យប្រុសស្រីទាំងអស់នោះ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ នាំខ្លួនទៅកាន់បញ្ជាការដ្ឋានកងអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ចំពោះមូលហេតុពិតប្រាកដក្នុងការប្រតិបត្តិការបង្ក្រាប និងឆែកឆេរទីតាំងខាងលើនោះដែរ កម្លាំងអាវុធហត្ថរាជ ធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា នឹងប្រាប់ព័ត៌មានលម្អិតឲ្យដឹងនៅពេលក្រោយ៕

ដកស្រង់ពី៖កោះសន្តិភាព

v