Social Network

សុំ​សម្តេច​តេ​ជោ​ជួយ​អន្តរាគមន៍ ដោះស្រាយ​ដីធ្លី​ជូន​ឈ្មោះ កែវ សុវណ្ណ ជា​ជន​ពិការ​ផង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ៩២គ្រួសារ នៅភូមិខ្ពបត្រាច ឃុំជ្រៃធំ ស្រុករមាសហែក និងអាជ្ញាធរភូមិឃុំ បានអំពាវនាវ និងសូមសំណូមពរដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជាអន្តរាគមន៍ ដោះស្រាយដីធ្លីជូនជនរងគ្រោះឈ្មោះ កែវ សុវណ្ណ ភេទប្រុស អាយុ៤៩ឆ្នាំ ជាជនពិការជើងទាំងពីរ និងប្រពន្ធឈ្មោះ រស់ សាម៉ាក់ អាយុ៤៥ឆ្នាំ មុខរបរជាកសិករ មានទីលំនៅ ភូមិខ្ពបត្រាច ឃុំជ្រៃធំ បានដីស្រែមកបង្កបង្កើនផលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារវិញដោយអនុគ្រោះ។

ដោយមានឈ្មោះ អាំ ហម ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក បានទៅដាក់ពាក្យបណ្តឹងលោកអភិបាលស្រុករមាសហែកទាមទារដីកេរ្តិ៍ឪពុកពីសង្គម ហើយលោកអភិបាលស្រុកបានចេញលិខិតធ្វើការហាមឃាត់ដាក់ដីទំនាស់នេះឲ្យនៅទំនេរជាបណ្តោះអាសន្នរង់ចាំការដោះស្រាយ គឺមិនឲ្យបុគ្គលណាអាស្រ័យផលដាំដុះលើដីនេះឡើយ ធ្វើឲ្យគ្រួសារ ឈ្មោះ កែវ សុវណ្ណ ដែលជាជនពិការគ្មានដីធ្វើស្រែ ដែលអាជ្ញាធរភូមិឃុំបានបញ្ជាក់ថា បើទុកដីស្រែនេះឲ្យនៅទំនេរ ប៉ះពាល់ដល់ជីវភាពគ្រួសារជនពិការនេះយ៉ាងខ្លាំង។

ការសុំអំពាវនាវសុំរកបទអន្តរាគមន៍ពីសម្តេចតេជោ នេះកើតឡើងនៅព្រឹកថ្ងៃទី០៦ សីហា ២០២០ នៅភូមិខ្ពបត្រាច ឃុំជ្រៃធំ ស្រុករមាសហែក។

បើតាមឈ្មោះ កែវ សុវណ្ណ ភេទប្រុស អាយុ៤៩ឆ្នាំ ជាជនពិការបានឲ្យដឹងថា កាលពីឆ្នាំ១៩៨៩ ឈ្មោះ អាំ ហម បានយកដីស្រែ២កន្លែង (ស្រែ១កន្លែង និងដីអំពកទីសំណាប១កន្លែង) មកដាក់បញ្ចាំឲ្យម្តាយឳពុកគាត់ (ឈ្មោះ រស់ ម៉ាត់ អាយុ៧៦ឆ្នាំ និងម្តាយឈ្មោះ ម៉ាន់ ម៉ៅ អាយុ៧០ឆ្នាំ) ៥ហ៊ុនមាស រហូតដល់ឆ្នាំ១៩៩៨ឈ្មោះ អាំ ហម បានមកលក់ដីស្រែទាំងពីរកន្លែងដែលបានដាក់បញ្ចាំឲ្យទៅឈ្មោះ ម៉ាន់ ម៉ៅ និងប្តីឈ្មោះ រស់ ម៉ាត់ ក្នុងតម្លៃ១ជីមាស (សរុប១ជី៥ហ៊ុនមាស) ពេលនោះ២នាក់ប្តីប្រពន្ធគ្មានមាសក៏ឲ្យកូនឈ្មោះ កែវ សុវណ្ណ ចេញមាស១ជីឲ្យទៅឈ្មោះ អាំ ហម។

អាំ ហម ក៏បានលក់ផ្តាច់ដីទាំងពីរកន្លែងឲ្យទៅឈ្មោះ កែវ សុវណ្ណ ដីស្រែទំហំ៤,៥៤៤ម៉ែត្រការ៉េ ដីទីសំណាបទំហំ ៨៧៤ម៉ែត្រការ៉េ ឈ្មោះ កែវ សុវណ្ណ និងប្រពន្ធ បានគ្រប់គ្រងធ្វើស្រែរហូតដល់ឆ្នាំ២០១៨ ស្រាប់តែប្រពន្ធឈ្មោះ អាំ ហម បានយកមាស១ជីកន្លះ មកសុំលោះដីស្រែទាំង២កន្លែងនេះវិញទើបមានទំនាស់រហូតមក។ ហើយនៅខែកក្កដា ឆ្នាំ២០១៩ ឈ្មោះ អាំ ហម បានមកដាក់ពាក្យបណ្តឹងនៅសាលាស្រុករមាសហែក ទាមទាយកដីកេរ្តិ៍វិញដោយអយុត្តិធម៌។

បើតាមឈ្មោះ អាំ ហម ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាចបាននិយាយថា ដីស្រែ២កន្លែងនេះគឺជាដីកេរ្តិ៍របស់ឳពុក ពីដូនតា ហើយនៅឆ្នាំ១៩៦០ឳពុករបស់គាត់ឈ្មោះ អាំ ស៊ីន បានយកមកបញ្ចាំឲ្យឈ្មោះ ម៉ាន់ ម៉ៅ និងប្តីឈ្មោះ រស់ ម៉ាត់ រហូតដល់ឆ្នាំ១៩៨៥ ឳពុកខ្លួនឈ្មោះ អាំ ស៊ីន បានមកសុំលោះយកដីស្រែវិញក្នុងតម្លៃ៨០រៀល។

ក៏ប៉ុន្តែឪពុកខ្លួន និងខ្លួនមិនបានមកធ្វើស្រែ អាស្រ័យផលធ្វើទេ ឈ្មោះ ម៉ាន់ ម៉ៅ និងប្តីឈ្មោះ រស់ ម៉ាត់ បានអាស្រ័យផលរហូត ទើបនៅឆ្នាំ១៩៩៣ ខ្លួនមកដាក់បញ្ចាំដី២កន្លែងតម្លៃ៥ហ៊ុនមាស ហើយនៅឆ្នាំ១៩៩៨ ក៏បានមកលក់ផ្តាច់តម្លៃ១ជីមាសទៀត ក៏ប៉ុន្តែពេលទៅដល់ផ្ទះប្រពន្ធឃើញមាស ក៏សួរឯងបានមាសមកពីណា ខ្លួនក៏ប្រាប់ប្រពន្ធថាអញលក់ដីស្រែឲ្យអុំ ម៉ៅ ហើយ ពេលនោះស្ត្រីជាប្រពន្ធបានយកមាស១ជីឲ្យទៅឈ្មោះ ម៉ៅ វិញ ក៏ប៉ុន្តែឈ្មោះ ម៉ៅមិនព្រមទទួលយក មាសវិញទេដោយនិយាយថា មាសនេះគឺមាសកូនឈ្មោះ កែវ សុវណ្ណ អុំចែកឲ្យកូនហើយ រីឯឈ្មោះ កែវ សុវណ្ណ ក៏មិនព្រមយកមាសវិញដែរ ខ្លួនគិតថាយល់មីងស្រី ជាបងប្អូនក៏យកមាសហើយត្រឡប់ ទៅផ្ទះវិញ និងទុកដីនេះបញ្ចាំបន្ត ក៏ប៉ុន្តែមិនបានសរសេរលាយលាក់អក្សរទេ។

រហូតដល់ឆ្នាំ២០១៨ ខ្លួន និងប្រពន្ធយកមាស១ជីកន្លះមកលោះយកដីស្រែវិញឈ្មោះ ម៉ាន់ ម៉ៅ ឆ្លើយថា មីងអត់ដឹងទេ មីងចែកឲ្យកូនហើយ។ ចំណែកលោកយាយ ម៉ាន់ ម៉ៅ អាយុ៧០ឆ្នាំបានឲ្យដឹងថា កាលឈ្មោះ អាំ ស៊ីន ត្រូវជាកូនចិញ្ចឹមឪពុករបស់គាត់ ក្រោយពីរៀបការឪពុកគាត់បានចែកដី ស្រែ និងទីសំណាប ឲ្យដើម្បីធ្វើស្រែហើយបើថាដីកេរ្តិ៍គឺកេរ្តិ៍ឪពុករបស់គាត់ចែកឲ្យ នៅឆ្នាំ១៩៦០ ឈ្មោះ អាំ ស៊ីន គ្មានប្រាក់ក៏យកដីមកបញ្ចាំឲ្យគាត់៨០រៀល។

លុះដល់ឆ្នាំ១៩៧៩ បែកប៉ុលពត គាត់បានមកចាប់ដីនៅស្រុកកំណើតវិញហើយអាស្រ័យផលលើដីស្រែ២កន្លែងនេះរហូត ចំពោះឈ្មោះ អាំ ស៊ីន បានទៅរស់នៅភូមិកំពង់ត្រាច។ ហើយដីស្រែ២កន្លែងនេះគឺគាត់បានកាន់កាប់ចាប់តាំងពី ឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្នធ្វើស្រែអាស្រ័យផលមិនដែលអាក់ខានឆ្នាំណាទេ បើលក់ផ្តាច់ហើយនៅទាមទារដីកេរ្តិ៍អីទៀត។

លោក រស់ សុផាត អាយុ៦០ឆ្នាំ ក្រុមប្រឹក្សាឃុំជ្រៃធំ មានប្រសាសន៍ថា ដីស្រែ២កន្លែងនេះឈ្មោះ កែវ សុវណ្ណ និងម្តាយឈ្មោះ ម៉ាន់ ម៉ៅ គ្រប់គ្រងអាស្រ័យផលតាំងពីឆ្នាំ១៩៧៩ រហូតបច្ចុប្បន្ន ហើយឈ្មោះ កែវ សុវណ្ណ មានតែដីម្តាយចែកឲ្យនេះ បើលោកអភិបាលស្រុកទុកដីនេះឲ្យនៅទំនេរគឺប៉ះពាល់ដល់ជីវភាពគ្រួសារជនពិការខ្លាំងណាស់ គួរឲ្យគាត់ធ្វើស្រែបណ្តោះអាសន្នបន្តទៀតរង់ចាំដោះស្រាយចប់។

ទាក់ទិនករណីនេះដែរលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានមានប្រសាសន៍ថា ដីទំនាស់នេះពិតជាឈ្មោះ អាំ ហម បានលក់ផ្តាច់ទៅឲ្យឈ្មោះ កែវ សុវណ្ណ ពិតប្រាកដមែនក៏ប៉ុន្តែ ពេលប្រពន្ធបានដឹងជំទាស់ឲ្យយកមាសទៅឲ្យ កែវ សុវណ្ណ វិញប្តីមិនបានយកមាសនោះទៅឲ្យគេវិញទេ បានទុកមាសចាយអស់រីឯប្រពន្ធស្មានថា ប្តីយកមាសឲ្យម្ចាស់គេវិញហើយក៏ចេះតែស្ងាត់ទៅ។

លុះដល់ខែកក្កដា ឆ្នាំ២០១៨ ប្រពន្ធឲ្យមកធ្វើស្រែទើបដឹងរឿងប្តីលក់ដីក៏មានទំនាស់អាជ្ញាធរស្រុកបានដោះស្រាយហើយ៤លើកមកដល់ថ្ងៃទី២៤ កក្កដា ឆ្នាំ២០២០មិនត្រូវគ្នា។

លោកក៏ចេញលិខិតដាក់ដីទំនាស់ឲ្យនៅទំនេបណ្តោះអាសន្នសិនចៀសវាងមានអំពើហិង្សា ហើយពេលនេះពួកគាត់បានដកពាក្យបណ្តឹងពីរដ្ឋបាលស្រុកវិញហើយគាត់ចង់យកទៅប្តឹងស្ថាបន័ផ្សេងដូច្នេះស្រុកមិនអាចដោះស្រាយទៀតទេ៕

ដកស្រង់ពី៖កោះសន្តិភាព