Social Network

​ឆេះ​ទីស្នាក់របស់ចិន​ខ្ទេចខ្ទីរ​​ក្នុង​តំបន់​សេដ្ឋ​កិច្ច​​ពិសេស​ក្រុង​បាវិត​

ខេត្តស្វាយរៀង៖ អគ្គិភ័យមួយបានឆាបឆេះអគារស្នាក់នៅរបស់ជនជាតិចិនអស់ទាំងស្រុង ដែលសមត្ថកិច្ចដាក់ការសង្ស័យថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី០៥ សីហា នៅក្នុងរោងចក្រ (ម៉ាស្ទ័រ ប្លេកស្មិតមេថល) ផលិតគ្រឿងសង្ហារឹមក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុង ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រៃអង្គុញបានឲ្យដឹងថា អគ្គិភ័យកើតឡើងនេះ បណ្ដាលអោយឆេះកន្លែងស្នាក់នៅរបស់កម្មករ(ជនជាតិចិន)ធ្វើអំពីដែកប្រក់ស័ង្កសីទំហំ ១០០x០៥ម៉ែត្រទាំងស្រុងសង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គីសនី។

បើតាមលោកវណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត បានមានប្រសាសន៍អោយដឹងថា៖ នៅវេលាកើតហេតុខាងលើមានករណីអគ្គិភ័យឆាបឆេះកន្លែងស្នាក់នៅរបស់កម្មករ(ជនជាតិចិន) នៅតំបន់សេដ្ឋកិច្ចពិសេសសានតុង បណ្ដាលអោយខូចខាតទាំងស្រុង និងសម្ភារប្រើប្រាស់មួយចំនួន ប៉ុន្តែពុំបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សទេ។

លោកបន្តទៀតថា នៅក្នុងហេតុការណ៍នោះសមត្ថកិច្ចយើងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ក្នុងនោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតរថយន្តពន្លត់អគ្គិភ័យ០១គ្រឿង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត រថយន្តពន្លត់អគ្គីភ័យ០១គ្រឿងកម្លាំងនគរបាលស្រុកស្វាយទាប រថយន្តពន្លត់អគ្គីភ័យ០១គ្រឿង និងនគរបាលក្រុងបាវិត រថយន្តពន្លត់អគ្គីភ័យ០១គ្រឿង ដែលដឹកនាំដោយលោកវណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត ចេញអន្តរាគមន៍ពន្លត់អគ្គីភ័យ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន០៤គ្រឿងនិងប្រើប្រាស់អស់ទឹកចំនួន០៤រថយន្ដ(រថយន្តកងរាជអាវុធហត្ថ០២គ្រឿង,រថយន្តនគរបាល០២គ្រឿង) ។

លោកវណ្ណ សុមុន្នី អភិបាលរងក្រុងបាវិតបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អោយមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីអគ្គីភ័យដែលអាចងាយបង្កឡើងអោយប្រការណាមួយហើយសូមពលរដ្ឋមានការប្រយ័ត្នចំពោះ ខ្យល់កន្ត្រាក់ ផ្គររន្ទះ នារដូវវស្សានេះហើយក៏សូមបងប្អូនពលរដ្ឋចូលរួមរក្សាអនាម័យនិងតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ដកស្រង់ពី៖កោះសន្តិភាព