Social Network

​ឆក់យកជីវិត​ម្នាក់ក្នុង​ចំណោម២​នាក់ ក្រោយនាំគ្នាលេងទឹកស្រះ​

រាជធានីភ្នំពេញ ៖ ក្មេងប្រុសតូច២នាក់បាននាំគ្នាចុះទៅលេងទឹកស្រះ ខណៈពេលដែលស្ត្រីជាម្ដាយជាប់រវល់លក់ដូរ ស្រាប់តែរអិលជើងធ្លាក់ទៅកន្លែងទឹកជ្រៅ បណ្តាលឱ្យលង់បាត់បង់ជីវិតម្នាក់ ចំណែកម្នាក់ទៀតឃើញបែបនេះរត់ឡើងមកលើវិញទើបបានរួចផុតពីគ្រោះថ្នាក់ ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅក្នុងស្រះទឹកមួយកន្លែង មានទីតាំងស្ថិតក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ អ្នកភូមិបាននិយាយថា ក្មេងប្រុសរងគ្រោះខាងលើនោះឈ្មោះ វុទ្ធី បាន អាយុ៥ឆ្នាំ ជាកូនច្បងក្នុងចំណោមបងប្អូន២នាក់ ហើយមានឪពុកឈ្មោះ ឃី វុទ្ធី អាយុ៤០ឆ្នាំ មុខរបរជាអ្នកនិពន្ធ និងម្តាយឈ្មោះ អ៊ុង ឧត្តម អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ។

គ្រួសារនេះស្នាក់នៅផ្ទះជួលក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល និងមានស្រុកកំណើត នៅក្នុងភូមិ៦ ឃុំស្វាយភ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។តាមប្រភពដដែលបានបន្តឲ្យដឹងទៀតថា នៅមុនកើតហេតុ ខណៈដែលស្ត្រីជាម្ដាយកំពុងតែជាប់រវល់លក់ដូរ ក្មេងប្រុសរងគ្រោះខាងលើបានដើរទៅលេងជាមួយក្មេងប្រុសម្នាក់ទៀត បន្ទាប់មកក៏បាននាំគ្នាទៅលេងទឹកស្រះនៅជិតផ្ទះនោះដែរ ។

ប៉ុន្តែជាអកុសលក្មេងប្រុសរងគ្រោះរអិលជើងធ្លាក់ចូលទៅកន្លែងទឹកជ្រៅ ទើបបណ្ដាលឲ្យលង់បាត់បង់ជីវិត ចំណែកក្មេងប្រុសម្នាក់ទៀតដែលដើរលេងជាមួយគ្នា បន្ទាប់ពីឃើញបែបនេះបានរត់ឡើងគោក និងបានស្រែកហៅម្ដាយក្មេងប្រុសរងគ្រោះថាកូនលង់ទឹក បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ហើយក៏បាននាំគ្នាចុះរាវរកឃើញសាកសពនិងស្រង់ឡើងគោក។

បន្ទាប់មកបានរាយការណ៍ជូននគរបាលបានដឹងចុះធ្វើកំណត់ហេតុ ហើយឪពុកម្ដាយមិនបានប្ដឹងផ្ដល់ឡើយ និងសុំយកសពកូនប្រុសទៅកាន់ឈាបនដ្ឋានវត្តស្ងួនពេជ្រ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖កោះសន្តិភាព