Social Network

ម្ចាស់​ដេប៉ូ​លក់​ឈើ​មួយ​ចំនួន​រិះគន់​ម្ចាស់​រោង ចាន់ វ៉ា មាន​លក់រាយធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដេប៉ូ​ឈើ​ផ្សេង​ទៀត

ខេត្តស្វាយរៀង ៖ មានការរិះគន់ពីអ្នកលក់ឈើតាមដេប៉ូមួយចំនួននៃខេត្តស្វាយរៀង បានចោទប្រកាន់ថា ម្ចាស់រោងសន្និធិ (ច្រកចេញចូលតែមួយ) ចាន់ វ៉ា នៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង លក់រាយខុសច្បាប់រោងសន្និធិ ធ្វើឲ្យប៉ះពាល់ដល់អ្នកលក់ឈើ តាមដេប៉ូ ហើយអ្នកខ្លះទៀតដាក់ការសង្ស័យថា ឃើញមានការផ្ទេរឈើ ពីរថយន្តធំដែលមានប៉េសេ ដាក់រថយន្តធុនតូច (រថយន្តកូរ៉េ, រថយន្តតួរីស និងរ៉ឺម៉កម៉ូតូ) ដឹកចេញ និងមួយចំនួនដាក់ស្តុកទុក ក្នុងរោងសន្និធិហើយលក់រាយ។

ការរិះគន់នេះកើតឡើងនៅថ្ងៃទី៧ សីហា ២០២០។ បើតាមបុគ្គលិក រោងសន្និធិ ម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារព័ត៌មានយើងថា ម្ចាស់រោងសន្និធិ (ច្រកចេញចូលតែមួយ) ភូមិតាប៉ នេះគ្រប់គ្រងដោយលោកឃ្លាំងសាយ គឺមានច្បាប់អនុញ្ញាត ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ប្រធានរដ្ឋបាលព្រៃឈើ អនុញ្ញាតឲ្យលោក ចាន់ វ៉ា បង្កើតរោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈើប្រភេទធំ (ច្រកចេញចូលតែមួយ) ជាបណ្តោះអាសន្នមួយកន្លែងមានទីតាំងស្ថិតនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ដែលមានវត្ថុធាតុដើមឈើ សម្រាប់ផ្គត់ផ្គង់រោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈើធំ (ច្រកចេញចូលតែមួយ) មានប្រភពមកពីសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនញូឡាញខេម ភីធីរ៉ាយអឹលធីឌី ស្ថិតនៅក្នុងខេត្តក្រចេះ និងពីប្រភពស្របច្បាប់ផ្សេងទៀត។

ទាក់ទិនរោងសន្និធី (ច្រកចេញចូលតែមួយ) នេះសមត្ថកិច្ចក៏ដូចអ្នកលក់ឈើតាមដេប៉ូបានបង្ហើបឲ្យដឹងថា ច្បាប់អនុញ្ញាតរោងសន្និធិ (ច្រកចេញចូលតែមួយ) គឺមិនអនុញ្ញាតបើកជាដេប៉ូស្តុកឈើ លក់រាយនោះទេ គឺពេលមានម្ចាស់ដេប៉ូណាមួយត្រូវការទិញឈើដាក់លក់ត្រូវស្នើសុំ តាមរយៈម្ចាស់រោងសន្និធិ (ច្រកចេញចូលតែមួយ) ដោយកំណត់ចំនួនម៉ែត្រត្រីគុណ ឬម៉ែត្រគូបដោយមានការបញ្ជាក់ប៉េសេ ពីមន្ត្រីរដ្ឋបាលព្រៃឈើ ដឹកដោយរថយន្ត ម៉ាកលេខ រយៈពេល ថ្ងៃ ទីតាំងរោងសន្និធិ ដេប៉ូដាក់ឈើ។ល។

ពេលឈើទៅដល់រោងសន្និធិមន្ត្រីរដ្ឋបាលព្រៃឈើ ចុះទៅពិនិត្យប្រភេទឈើ ចំនួនឈើ និងច្បាប់អនុញ្ញាតប៉េសេ បើត្រឹមត្រូវហើយ ទើបអនុញ្ញាតឲ្យដឹកឈើទៅទម្លាក់នៅតាមរោងដេប៉ូដែលស្នើសុំទិញ មិនអនុញ្ញាតឲ្យទម្លាក់ឈើចុះ ផ្ទេររថយន្តថ្មី ឬទម្លាក់ដាក់ក្នុងរោងសន្និធិ បែងចែកឬស្តុកទុកលក់រាយទេ។ ប្រភពដដែលបន្តថា កន្លងមករោងសន្និធិ ចាន់វ៉ា នៅភូមិតាប៉ មានទម្លាក់ឈើស្តុកទុកក្នុងរោងសន្និធិ ហើយផ្ទេររថយន្ត និងលក់រាយ។

ហើយគេឃើញមានរថយន្តធុនតូចប្រភេទតួរីស និងរថយន្តកូរ៉េចំណុះ១តោនកន្លះ ដឹកឈើទៅទម្លាក់លាក់ទុកតាមព្រំដែនជិតច្រករបៀងនាពេលយប់សមត្ថកិច្ចសង្ស័យថា មានការនាំឈើចេញទៅប្រទេសជិតខាងដោយខុសច្បាប់ និងមានដឹកឈើប្រណីតច្រកការ៉ុង ដឹកតាមម៉ូតូចេញពីស្រុកស្វាយជ្រំទៅកាន់ច្រករបៀងក្នុងឃុំបុសមន ស្រុករំដួល និងឃុំថ្នាធ្នង់ ស្រុករំដួលបម្រុងចេញទៅប្រទេវៀតណាម។ទាក់ទិនករណីនេះដែរលោក ឃ្លាំង សាយ ម្ចាស់គ្រប់គ្រងរោងសន្និធិ (ច្រកចេញចូកតែមួយ)ចាន់ វ៉ា នៅភូមិតាប៉ បានឲ្យដឹងថា ដោយមានផ្ទុះជំងឺកូវីដ-១៩ គឺការលក់ឈើតាមដេប៉ូ មានការថយចុះគ្មានអតិថិជនមកទិញ ហើយដេប៉ូឈើមួយចំនួនគ្មានលុយទិញឈើដាក់ដេប៉ូដល់៣០ទៅ៤០ម៉ែត្រគូបទេដូច្នេះលោកទិញឈើពីក្រុមហ៊ុនចេញពីព្រៃមកច្រើនត្រូវទម្លាក់បែងចែកតាមដេប៉ូ ដេប៉ូខ្លះទិញត្រឹម១៥ម៉ែត្រ គូបខ្លះ២០ម៉ែត្រ គូបខ្លះ១២ម៉ែត្រគូប លោកត្រូវសរសេរវិក្កយបត្រ ឬប៉េសេ បំបែកជាបីប៉េសេ ឲ្យម្ចាស់ដេប៉ូដឹកចេញ។

ហើយបើតាមដេប៉ូយកមិនអស់គឺត្រូវទម្លាក់ស្តុកទុកក្នុងឃ្លាំងរោងសន្និធិ គឺគ្នានការលក់រាយដូចម្ចាស់ដេប៉ូមួយចំនួនចោទប្រកាន់ថា ច្រកចេញចូលតែមួយខេត្តស្វាយរៀង មានលក់រាយនោះលោកសូមបដិសេធន៍គឺម្ចាស់ដេប៉ូទាំងនោះយល់ច្រឡំទេ គឺរោសន្និធិលក់បោះដុំ សូមម្ចាស់ដេប៉ូឈើទូទាំងខេត្តស្វាយរៀងមកទិញឈើយកទៅដាក់លក់រាយចុះ។ ឈើនៅក្នុងរោងសន្និធិ (ច្រកចេញចូលតែមួយ) មានឈើ ០៤ប្រភេទ ឈើលេខ១ ឈើសុក្រំ, ផ្ចឹក ,ឈើទាល និងឈើចម្រុះលេខ២ ព្រមទាំងឈើជជុះ។

ចំណែកមានករណីដឹកឈើប្រណីតតាមម៉ូតូ និងតាមរថយន្តតូចទម្លាក់តាមព្រំដែនជិតច្រករបៀងបម្រុងឆ្លងដែន ឬឆ្លងដែនទៅប្រទេសជិតខាង លោកមិនបានដឹងទេ។ ទាក់ទិនករណីនេះដែរមិនអាចរកការបំភ្លឺពីមន្ត្រីផ្នែករដ្ឋបាលព្រៃឈើស្វាយរៀង បាននៅឡើយទេ៕

ដកស្រង់ពី៖កោះសន្តិភាព