Social Network

ឆ្មក់​យក​ទូរស័ព្ទ​​អ្នក​រត់​ម៉ូតូ​កង់​បី ​តែ​មិន​បាន​​សម្រេច

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់ម៉ូតូកង់បី ខណៈកំពុងឈប់ទិញបាយនិងម្ហូប ស្រាប់តែមានជន២នាក់ឆក់យកទូរស័ព្ទដៃរបស់គាត់ហើយជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ចចាប់បានតែម៉ូតូ រីឯជនសង្ស័យរត់គេចខ្លួនរួច ។ហេតុការណ៍នេះ កើតកើតឡើងកាលពីវេលាម៉ោង ប្រមាណ៩យប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នៅចំណុចកែងរវាងផ្លូវលេខ១៥៤និងផ្លូវលេខ១៣ ផ្សារកណ្តាល ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។ប្រភពព័ត៌មានពីម្ចាស់ទូរស័ព្ទថា មុនពេលកើតហេតុ គាត់បានបើកម៉ូតូកង់បីរបស់គាត់មកទិញ បាយហូបនៅផ្សារកណ្តាល ។

ខណៈមកដល់ចំណុចខាងលើ គាត់ក៏ចុះទៅទិញបាយឯទូរស័ព្ទដៃរបស់គាត់ម៉ាកអុបប៉ូ ទុកនៅជាប់ដៃចង្កូតម៉ូតូ ។ មួយសន្ទុះក្រោយមក ស្រាប់តែមានជន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ ១J-៦៤២៩ មកដល់ក្បែររួចធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់គាត់ ហើយបម្រុងបើកម៉ូតូរត់គេចខ្លួន ។

ជាចៃដន្យ គាត់ក្រឡេកឃើញទាន់ ក៏ស្រែកថាចោរៗធ្វើឲ្យមានការភ្ញាក់ផ្អើលឡើង ធ្វើឲ្យជនសង្ស័យភ័យដួលម៉ូតូហើយរត់គេចខ្លួនចូលទៅក្នុងផ្សារកណ្តាលបាត់ទៅ ។ភ្លាមៗនោះ នគរបាលខណ្ឌដូនពេញបានមកស្រាវជ្រាវរកជនសង្ស័យតែរកមិនឃើញ រីឯទូរស័ព្ទដៃរបស់ជនរងគ្រោះត្រូវបានយកមកវិញគឺជនសង្ស័យយកទៅមិនបានទេ ៕

ដកស្រង់ពី៖កោះសន្តិភាព