Social Network

ចាប់ ពេលពួក​គេ​កំពុង​​ដាក់​អន្ទាក់ និង​ដឹក​ជ​ញ្ជួ​ន​សាច់​ព្រៃ​ក្នុង​តំបន់​ហាម​

ខេត្តមណ្ឌលគិរី ៖ យ៉ាងហោចណាស់ បុរសជាព្រានព្រៃបីនាក់ក្នុងចំណោមប្រាំនាក់ ត្រូវបានមន្ត្រីជំនាញឃាត់ខ្លួន ខណៈពួកគេកំពុងធ្វើសកម្មភាពដាក់អន្ទាក់ និងដឹកជញ្ជួនសាច់ព្រៃក្នុងតំបន់ហាមឃាត់។

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៥និង៤០នាទី មន្ត្រីឧទ្យានុរក្ស ប្រចាំស្នាក់ការអូររវាក់ ដែនជម្រកសត្វព្រៃលំផាត់មណ្ឌលគិរី ចុះល្បាតត្រង់ចំណុចភ្នំស្វាយ ស្ថិតក្នុងតំបន់ស្នូល នៃដែនជម្រកសត្វព្រៃលំផាត់ ភូមិសាស្ត្រ ភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានប្រទះឃើញជនសង្ស័យចំនួន០៣នាក់ ភេទប្រុស កំពុងជិះម៉ូតូ ចំនួន០២គ្រឿង នៅលើម៉ូតូរបស់ជនសង្ស័យ មានដឹកការ៉ុងចំនួន០៣ការ៉ុង ។

ដោយមានការសង្ស័យក្រុមការងារបានឃាត់នៅក្នុងខណៈនោះជនសង្ស័យចំនួន០២នាក់ បានរត់គេចខ្លួនចូលព្រៃបាត់ស្រមោល នៅសល់តែជនសង្ស័យម្នាក់ ឈ្មោះ ព្រុត កាដុល អាយុ ២៩ឆ្នាំ ជនជាតិក្រោល សញ្ជាតិខ្មែរ មានទីកន្លែងកំណើត ភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលមានទីលំនៅបច្ចុប្បន្ន ភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។

បាននាំខ្លួនមកមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីសាកសួរបន្ត និងចាត់ការតាមនីតិវិធី។ក្រុមការងារបានដកហូតវត្ថុតាងរួមមាន ១-ម៉ូតូ ម៉ាកវ៉េវ ចំនួន០២គ្រឿង រក្សាទុកនៅស្នាក់ការរបៀងអភិរក្សជីវៈចម្រុះកោះញែក ។ ២-សាច់សត្វទន្សោងព្រៃ (ក្រៀម)ចំនួន៧៦គីឡូក្រាម ដឹកជញ្ជូនយកមករក្សាទុកនៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។

ដោយឡែក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីស្នាក់ការមេម៉ង់ បានដឹកនាំបុគ្គលិកអង្គការWWFផ្នែកអនុវត្តច្បាប់ បានចុះល្បាតនៅចំណុចផ្លូវទៅខ្ញែង ស្ថិតក្នុងភូមិខ្ញែង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រទះឃើញជនសង្ស័យចំនួន០២នាក់ជិះមូតូម៉ាកហ្វូធ័រ ពណ៍ខ្មៅចំនួន០១គ្រឿងចេញពីព្រៃ ដោយមានការសង្ស័យក្រុមការងារបានស្ទាក់ឃាត់ជនសង្ស័យបានសារភាពថាខ្លួនមកពីមើលអន្ទាក់នៅក្នុងព្រៃ ក្រុមការងារបានឱ្យជនសង្ស័យនាំទៅដោះអន្ទាក់ដែលខ្លួនបានដាក់ចំនួន២២ខ្សែ ក្រុមការងារបាននាំជនសង្ស័យមកស្នាក់ការមេម៉ង់ដើម្បីសួរនាំ និងចាត់ការតាមនិតិវិធីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ(ពិន័យអន្តរការណ៍)។

ជនសង្ស័យទាំងពីរមានឈ្មោះ ១.-ឈ្មោះជាតិ ញ៉ាក ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ ២-ឈ្មោះពិន ធូ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ អ្នកទាំងពីរមានទីលំនៅបច្ចុប្បន្នភូមិខ្ញែង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ វត្ថុតាងដែលបានដកហូតរួមមាន អន្ទាក់ខ្សែកាបចំនួន២២ខ្សែ ម៉ូតូម៉ាកហ្វូធ័រ ពណ៌ខ្មៅ គ្មានស្លាកលេខចំនួន០១គ្រឿង។ វត្ថុតាងខាងលើក្រុមការងារយកទៅរក្សា ទុកបណ្ដោះអាសន្ននៅទីស្នាក់ការមេម៉ង់៕

ដកស្រង់ពី៖កោះសន្តិភាព