Social Network

​ប្រពន្ធឮសំឡេងធ្លាក់ លុះស្ទុះទៅមើ​លឃើញ​ប្តីយ៉ាងតក់ស្លុត​

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ឈរបត់ជើងតូចពីលើវ៉េរ៉ង់ដាចំហៀងផ្ទះ ស្រាប់តែធ្លាក់ពីលើផ្ទះដែលមានកម្ពស់៤ម៉ែត្រ បណ្តាលឱ្យក្បាលត្រូវនឹងបង្គោលរបងរងរបួសយ៉ាងធ្ងន់ធ្ងរ ក្រោយមកក៏បានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិណាំតៅ ឃុំ ណាំតៅ ស្រុកភ្នំ ស្រុក ខេត្តបន្ទាយមានជ័យ ។លោកវរសេនីយ៍ឯកយ៉ត សុផល អធិការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ ជ្រឹង យុង ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ ។

លោកអធិការបានបញ្ជាក់ថា តាមការបំភ្លឺពីឈ្មោះចាន់ សាឃួន ភេទស្រី អាយុ៤៧ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ គាត់និងប្ដី ក្រោយពេលហូបបាយល្ងាច រួចក៏នាំគ្នាឡើងទៅលើផ្ទះបើកទូរទស្សន៍មើល លុះដល់ម៉ោងប្រហែល៩និង២០នាទីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ប្ដីរបស់គាត់បានក្រោកដើរទៅបត់ជើងតូចនៅចំណុចរ៉ង់ដាចំហៀងខាងជើងផ្ទះ ពេលនោះគាត់បានឮសូរសំឡេងធ្លាក់ពីលើផ្ទះ ហើយក៏ស្ទុះទៅមើលឃើញប្តីធ្លាក់ពីលើផ្ទះបាត់ទៅហើយ ។ តាមប្រភពដដែលបានបន្តថា ភ្លាមៗនោះគាត់ក៏បានចុះមកលើកប្ដី ហើយស្រែកហៅអោយបងប្អូនជិតខាងជួយ និងបានយកប្ដីទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក លុះពេលមកដល់បានមួយសន្ទុះ ប្ដីរបស់គាត់បានដាច់ខ្យល់បាត់បង់ជីវិតនៅវេលាម៉ោង១០និង២២នាទីយប់ថ្ងៃដដែល ។ ស្ត្រីជាប្រពន្ធបានបញ្ជាក់ថា នៅយប់កើតហេតុនោះ ប្តីរបស់គាត់មិនបានស្រវឹងស្រាឬក៏មិនធ្លាប់មានជំងឺអ្វីនោះទេ ។ លោកអធិការបានបន្តឲ្យដឹងទៀតថា ពេលទទួលបានពត៍មានខាងលើភ្លាម កម្លាំងជំនាញពិនិត្យវិភាគសហការជាមួយកម្លាំងប៉ុស្តិ៍ណាំតៅ ប្រធានមណ្ឌលសុខភាពណាំតៅចុះពិនិត្យសពជនរងគ្រោះនៅកន្លែងកើតហេតុ ។

បើតាមសន្និដ្ឋានរបស់សមត្ថកិច្ចបានឱ្យដឹងថា សង្ស័យជនរងគ្រោះក្រោកពីដេកទាំងមមីមមើរដើរឆ្លងបង្កាន់ដៃដែកមកឈរបត់ជើងតូចលើវ៉េរ៉ង់ដាដែលមានទំហំប្រហែល១ម៉ែត្រខាងក្រៅបង្កាន់ដៃ ហើយក៏ច្រឡំធ្លាក់មកដី ត្រូវចំបង្គោលរបងព្រំដី បណ្តាលឱ្យបែកក្បាលផ្នែកខាងស្តាំឈាមហូរយ៉ាងច្រើន និងរងរបួសយ៉ាងធ្ងន់ធ្ងរ ក្រោយមកក៏បាត់បង់ជីវិតនៅមន្ទីរពេទ្យ ។ ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖កោះសន្តិភាព