Social Network

ឮ​សំឡេង​គោ​ផ្អើល​ក៏​ស្ទុះ​មក​​ឃើញ​ស្តែង​ៗ​​​បុរស​ម្នាក់​លូន​ក្រាប និង​លប​ៗ​ក្នុង​​ក្រោលគោ

ខេត្តកណ្ដាល ៖ បើតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា បុរសម្នាក់ជាជនប្រើប្រាស់ថ្នាំញៀន ដែលទើបតែចេញពីពន្ធនាគារ កាលពីម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីប្រព្រឹត្តអំពើលួច (ប៉ុនប៉ងលួចគោ)របស់អ្នកស្រុក ស្ថិតនៅភូមិគោល ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើឈ្មោះ ទែន គ្លីនតុន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិត រស់នៅភូមិគោល ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្តាល នោះដែរ ។

បើតាមជនរងគ្រោះជាម្ចាស់គោឈ្មោះ នៅ ចក់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនកើតហេតុ វេលាម៉ោង៦ល្ងាច ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ដែលជាទម្លាប់របស់គាត់ គឺតែងតែដឹកគោបញ្ចូលក្រោលអស់ ទើបបានចូលសម្រាក ។

លុះដល់ម៉ោងប្រមាណជិត១រំលងអធ្រាត្រឈានចូលថ្ងៃទី២១ កញ្ញា ខណៈពេលកំពុងតែដេកនោះ គាត់ក៏បានឮសម្លេងគោផ្អើលក្នុងគ្រោលតែម្តង។ បុរសជាម្ចាស់គោបន្តថា ខណៈពេលនោះរូបគាត់ក៏ស្ទុះចេញមកមើល ក៏ស្រាប់តែឃើញជន សង្ស័យម្នាក់កំពុងលូនក្រាបៗ និងដើរលបៗតម្រង់មករកក្រោលគោ ដោយឃើញដូច្នោះ គាត់ ក៏បានចុះពីលើផ្ទះ និងត្រៀមខ្លួនចាំមើលសកម្មភាពរបស់ជនរូបនោះ ។

នៅទីបំផុត ជនសង្ស័យរូបនេះបម្រុងចូលលួចគោក្នុងក្រោល ទើបរូបគាត់ត្រូវបានចាប់ខ្លួន រួចទូរស័ព្ទទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទួលពេជ្រ ឲ្យទៅទទួលយក ដើម្បីកសាងសំណុំរឿងតាមនីតិវិធីតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនេះក៏បានសារភាពផងដែរថា គេធ្លាប់ជាប់ពន្ធនាគាររយៈពេល៦ខែ ពីបទ.ប្រើប្រាស់សារធាតុញៀន ហើយពេលនេះគេពិតជាមានគំនិតប៉ុនប៉ងលួចគោរបស់អ្នកស្រុក យ៉ាងពិតប្រាកដមែន ។ ដូច្នោះនេះហើយដែលហៅថា «ប្រេតទើបចេញពីគុក ប៉ុនប៉ងលួចគោ ដល់ម្ចាស់គេទាន់ក្របួច.កប្រគល់ឲ្យប៉ូលិសនាំទៅដេកគុកវិញ» ៕

ដកស្រង់ពី៖កោះសន្តិភាព