Social Network

ឃើញលេខ​​ខល​មក តែមិនមែនសំឡេង​ប្តី លុះសួរនាំ​ដឹងរឿង ប្រពន្ធស្លុតចិត្ត​

រាជធានីភ្នំពេញ ៖ បុរសជាងម៉ៅការសំណង់ម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ ស្រាប់តែត្រូវរថយន្តរេចង្កូតមកបុកពេញទំហឹង ហើយរថយន្តបង្កបានបើកគេចបាត់ស្រមោល ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខការដ្ឋានចិន តាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បុរសរងគ្រោះខាងលើឈ្មោះ នាង សារ៉ា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាងម៉ៅការសំណង់ ស្នាក់នៅបន្ទប់ជួល នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តស្វាយរៀង ជាអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១GD-៨៩៤២ ។

តាមប្រភពពីនគរបាលផ្នែកវាស់វែងខណ្ឌមានជ័យបានអោយដឹងថា ប្រជាពលរដ្ឋបានរាយការណ៍មកថា ឃើញរថយន្តមិនចាំម៉ាកមួយគ្រឿងជាប្រភេទរថយន្តដឹកដី បើកបរតាមផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង មិនដឹងមូលហេតុអ្វីទេ ស្រាប់តែបើករេចង្កូតបុកបុរសរងគ្រោះដែលកំពុងជិះម៉ូតូតាមផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងពេញទំហឹង ហើយរថយន្តបង្កបានកិនជនរងគ្រោះបែកក្បាលធ្លាយខួរ បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់មករថយន្តបង្កបានបើកគេចចេញពីកន្លែងកើតហេតុទៅបាត់ស្រមោល ។

តាមប្រភពព័ត៌មានពីស្ត្រីជាប្រពន្ធជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ប្ដីរបស់គាត់ប្រកបរបរជាជាងម៉ៅការសំណង់ ខណៈពេលគាត់កំពុងតែសំរាក ស្រាប់តែមានលេខទូរស័ព្ទប្ដីខលមក តែមិនមែនសំឡេងប្ដីគាត់ទេ ហើយគាត់ក៏បានសួរនាំអ្នកយកលេខទូរស័ព្ទប្ដីខលមកថា ឯណាប្ដីគាត់ លុះពេលឮអ្នកនិយាយទូរស័ព្ទប្រាប់ថា ប្ដីរបស់គាត់ជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតទៅហើយ គ្រាន់តែឮបែបនេះភ្លាម ធ្វើឲ្យគាត់ទន់ដៃជើង ។

បន្ទាប់មកក៏បានហៅបងប្អូនមកជួយដឹកគាត់ទៅកន្លែងកើតហេតុ ដើម្បីមើលសពប្ដី ។ បច្ចប្បន្ន សពជនរងគ្រោះត្រូវបានប្រគល់អោយស្ត្រីជាប្រពន្ធយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី ហើយម៉ូតូរងគ្រោះត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ រង់ចាំធ្វើការស្រាវជ្រាវរករថយន្តបង្ក ដើម្បីឱ្យមកធ្វើការដោះស្រាយនិងចាត់ការតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព